មន្ត្រីរដ្ឋាភិបាលកម្ពុជា ហៅមន្ត្រីអង្គការអន្តរជាតិដ៏ធំមួយដែលបានស្នើឲ្យវេទិកាសេដ្ឋកិច្ចពិភពលោក ផាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីកិច្ចប្រជុំ ថាជាបិសាចអន្តរជាតិ។ ប្រតិកម្មដោយពាក្យសម្ដីខ្លាំងៗបែបនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីមន្ត្រីអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) អ្នកស្រី អាលីស ហារីសាន់ (Alice Harrison) ស្នើឲ្យវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រារព្ធធ្វើឡើងក្នុងទីក្រុងដាវូស (Davos) ប្រទេសស្វីស (Switzerland) នៅខែឧសភា ខាងមុខ មិនត្រូវអនុញ្ញាតឲ្យលោក ហ៊ុន សែន ចូលរួមនោះទេ។
ប្រតិកម្មទៅនឹងការលើកឡើងរបស់មន្ត្រីអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងនៅថ្ងៃទី១៩ មករា ដោយចាត់ទុកសម្ដីរបស់មន្ត្រីអង្គការអន្តរជាតិនេះ ថាជាសម្ដីរបស់ជនពាលដែលតែងញុះញង់ប្រឌិតខុសពីការពិត។
មន្ត្រីអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស(Global Witness) អ្នកស្រី អាលីស ហារីសាន់ (Alice Harrison) បានថ្លែងតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនដែលចុះផ្សាយកាលពីព្រឹកថ្ងៃពុធ ទី១៨ មករា ថា អ្នកស្រីគ្មានការភ្ញាក់ផ្អើលនោះទេ ដែលលោក ហ៊ុន សែន ព្យាយាមទាក់ទាញអ្នកវិនិយោគទុនកំពូលៗពីទីក្រុងដាវូស (Davos)។
អ្នកស្រីថា លោក ហ៊ុន សែន និងគ្រួសាររបស់គាត់ កំពុងក្តោបក្តាប់សេដ្ឋកិច្ចរបស់ប្រទេស ហេតុដូច្នេះ រាល់លុយទាំងឡាយរបស់អ្នកវិនិយោគទុនថ្មីៗទាំងនោះ នឹងអាចធ្លាក់ក្នុងហោប៉ៅរបស់ក្រុមគ្រួសារ និងបក្សពួកលោក ហ៊ុន សែន។
អង្គការឃ្លាំមើលពិភពលោកមួយនេះលើកឡើងថា កិច្ចប្រជុំដែលមានការចូលដោយក្រុមមន្ត្រីសំខាន់ៗខាងផ្នែកហិរញ្ញវត្ថុពិភពលោក មិនត្រូវផ្តល់ឱកាសឲ្យលោក ហ៊ុន សែន ដែល គ្លបល វីនេស ចាត់ទុកថាជាជនផ្ដាច់ការដ៏សាហាវម្នាក់នោះ អាចស្វែងរកដៃគូអន្តរជាតិថ្មីចូលរួមធ្វើពាណិជ្ជកម្មនោះឡើយ។
ឆ្លើយតបចំពោះការវាយប្រហារធ្ងន់ៗបែបនេះ លោក ផៃ ស៊ីផាន ដែលចាត់ទុកអង្គការ គ្លបល វីនេស ជាក្រុមប្រតិកិរិយា ថាកំពុងប្រឆាំង និងប្រមាថដល់ភាពក្សេមក្សាន្ត និងជោគជ័យរបស់កម្ពុជា។ លោក ផៃ ស៊ីផាន ថានេះជាការបង្ហាញការពិតនៃការអស់សង្ឃឹម និងជាភាពទាល់ច្រករបស់ គ្លបល វីនេស ឆ្លើយតបទៅនឹងភាពបរាជ័យនៃរបាយការណ៍របស់ខ្លួនក្នុងពេលកន្លងទៅ ដែលលោក ផៃ ស៊ីផាន ចាត់ទុកថាជារបាយការណ៍ប្រតិកិរិយា ប្រឌិត បំផុសបំផុល និងញុះញង់។
ផ្ទុយពីការមើលឃើញរបស់អង្គការ គ្លបល វីនេស លោក ផៃ ស៊ីផាន និយាយសរសើរពីការរីកចម្រើនរបស់កម្ពុជា រហូតដល់រដ្ឋាភិបាលថាជាខ្លាសេដ្ឋកិច្ចមួយប្រចាំសមាគមអាស៊ាន (ASEAN)។ ចំណែកលោក ហ៊ុន សែន ក៏ទទួលបានពានរង្វាន់ជាបន្តបន្ទាប់ ដោយសារការដឹកនាំល្អរបស់លោក។
កន្លងទៅ អង្គការ គ្លបល វីនេស តែងចេញរបាយការណ៍ស៊ើបអង្កេតជាបន្តបន្ទាប់លាតត្រដាងពីទង្វើអាក្រក់នានា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ របាយការណ៍ទាំងនោះមានដូចជា សែស្រឡាយអ្នកលក់ជាតិ និងប្រទេសសម្រាប់លក់ជាដើម ដែលលាតត្រដាងពីការប្រើអំណាចរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការស្វែងរកប្រយោជន៍បង្កើនទ្រព្យសម្បត្តិបក្សពួកខ្លួន តាមរយៈការលក់សម្បត្តិធម្មជាតិខ្មែរ ឬការប្រព្រឹត្តអំពើពុករលួយ ជាដើម។ ចំណែករបាយការណ៍ចុងក្រោយរបស់ គ្លបល វីនេស ដែលបានចេញផ្សាយកាលពីដើមខែកក្កដា ឆ្នាំ២០១៦ គឺលាតត្រដាងពីការក្តោបក្តាប់មុខជំនួញធំៗរបស់ត្រកូល ហ៊ុន ដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្ស ដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន។
គ្លបល វីនេស (Global Witness) រកឃើញថា គ្រួសារត្រកូល ហ៊ុន បានកាន់កាប់ផ្ទាល់ ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើន ដែលមានដើមទុនចុះបញ្ជីជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ហើយបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសដែលមានយីហោល្បីៗដូចជា Apple Nokia Unilever Visa Nestle Honda និងក្រុមហ៊ុនចំនួន១១៤ ផ្សេងទៀតនៅក្នុងប្រទេស។
អង្គការអន្តរជាតិដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេស មួយនេះ បង្ហាញថា សមាជិកត្រកូល ហ៊ុន មានអ្នកខ្លះធ្លាប់ជាប់ឈ្មោះរត់ពន្ធគ្រឿងញៀនក្នុងតម្លៃ ១ពាន់លានដុល្លារ តាមរយៈការបាញ់បោះ អ្នកខ្លះបើកឡានបុកគេស្លាប់ហើយរត់ និងអ្នកខ្លះជាប់ពាក់ព័ន្ធនឹងការរំលោភដីធ្លីដែលបណ្ដាលឲ្យមានវិបត្តិដីធ្លី និងភាពក្រីក្រនៅទីជនបទ។
ទោះជាយ៉ាងណា លោក ហ៊ុន សែន មិនដែលឆ្លើយតបផ្លូវការចំពោះរបាយការណ៍នេះឡើយ។ ចំណែកស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធវិញ ក៏មិនបានបើកការស៊ើបអង្កេតបង្ហាញការពិតឲ្យពលរដ្ឋបានដឹងបន្ថែមនោះទេ។
បណ្ឌិត កែម ឡី ដែលត្រូវបានឃាតកបាញ់សម្លាប់ពីរថ្ងៃក្រោយធ្វើការវិភាគលើរបាយការណ៍អាណាចក្រជំនួញរបស់ត្រកូល ហ៊ុន ធ្លាប់សម្ដែងទស្សនៈថា រដ្ឋាភិបាលគួរបកស្រាយឆ្លើយតបចំពោះរបាយការណ៍ទាំងឡាយណាដែលពលរដ្ឋមានមន្ទិល។ លោកថា ការមិនចេញមុខបកស្រាយសមរម្យរបស់រដ្ឋាភិបាល វានឹងរឹតតែធ្វើឲ្យរដ្ឋាភិបាលធ្លាក់ប្រជាប្រិយភាពថែមទៀត។ ផ្ទុយទៅវិញ លោកថា បើរដ្ឋាភិបាលសិក្សាស្រាវជ្រាវកែតម្រូវកុំឲ្យមានទំនាស់ផលប្រយោជន៍ នោះសន្លឹកបៀ ឬប្រជាប្រិយភាព នឹងធ្លាក់ក្នុងដៃរបស់បក្សកាន់អំណាច៖ « កាលណាកែឲ្យស្ថាប័នហ្នឹងវាល្អ អត់មានអំពើពុករលួយ អត់មានទំនាស់ផលប្រយោជន៍ ហើយច្បាស់លាស់ អ្នកណារកស៊ីដឹងរកស៊ី អ្នកណាធ្វើការដឹងធ្វើការ នោះរដ្ឋាភិបាលចំណេញប្រជាប្រិយភាព។ ហ្នឹងត្រូវតែទទួលស្គាល់។ ដូចទំនាស់ដីធ្លីអ៊ីចឹង ប្រសិនបើយើងទុកឲ្យរ៉ាំរ៉ៃវាចំណេញដល់បក្សប្រឆាំង អត់ដោះស្រាយ ប៉ុន្តែផ្ទុយទៅវិញ បើយើងព្យាយាមដោះស្រាយ ប្រជាជនសប្បាយចិត្ត វាចំណេញដល់គណបក្សកាន់អំណាច ហើយគណបក្សកាន់អំណាចក៏ទទួលបានដំណោះស្រាយជូនប្រជាពលរដ្ឋ ប្រជាប្រិយភាពពីប្រជាពលរដ្ឋទៀត ហ្នឹងហើយជាការប្រកួតប្រជែងផ្នែកនយោបាយ »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។