ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកាសែតអូស្ត្រាលី ឌឹ អេច (The Age) ចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី២៦ មីនា ថា ក្រសួងយុត្តិធម៌អូស្ត្រាលី កំពុងបើកការស៊ើបអង្កេតលើករណីពុករលួយរបស់ក្រុមហ៊ុនរុករករ៉ែ ប៊ីអេចភី ប៊ីលីថន (BHP Billiton) ពាក់ព័ន្ធជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេនិយមហៅថា ជាបុរសខ្លាំងនៅកម្ពុជា។
ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា បានហៅការចុះផ្សាយអត្ថបទរបស់កាសែត ឌឹ អេច ចោទប្រកាន់ថា លោក ហ៊ុន សែន ជាប់ពាក់ព័ន្ធក្នុងរឿងពុករលួយជាមួយក្រុមហ៊ុនរុករករ៉ែអូស្ត្រាលី ថាមានបំណងបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោកនៅមុនការបោះឆ្នោតសាកលជិតចូលមកដល់។
លោក ស្វាយ ស៊ីថា មានប្រសាសន៍នៅថ្ងៃទី២៨ មីនា ថា ប្រមុខរដ្ឋាភិបាលមិនបានធ្វើអ្វីដូចការផ្សាយរបស់កាសែតអូស្ត្រាលី ឌឹ អេច ឡើយ ហើយលោកនាយករដ្ឋមន្ត្រីក៏មិនពាក់ព័ន្ធនឹងរឿងពុករលួយពាក់ព័ន្ធលើករណីក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន ដែលជាក្រុមហ៊ុនសារជីវកម្មរុករករ៉ែអូស្ត្រាលី ធំជាងគេបំផុតនៅលើពិភពលោក។
លោកថា នេះជាការចោទប្រកាន់បែបទុច្ចរិត និងបំផ្លើសការពិត៖ «ខ្ញុំមិនមានអ្វីថែមលើសពីអ្វីដែលអង្គភាពបានចេញផ្សាយនោះទេ។ គោលបំណងយើងបាននិយាយច្បាស់ក្នុងហ្នឹងហើយ គឺដើម្បីយើងបកស្រាយបំភ្លឺ និងទាល់ចោលអ្វីដែលបានចោទប្រកាន់ខុសទៅលើនាយករដ្ឋមន្ត្រី»។
កាសែតអូស្ត្រាលី ឌឹ អេច កាលពីថ្ងៃទី២៦ មីនា បានផ្សាយថា សហព័ន្ធប៉ូលិសអូស្ត្រាលីនិង ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតករណីពុករលួយនឹងគម្រោងក្រុមហ៊ុនរករ៉ែ បុកស៊ីត (Bauxite) នៅខេត្តមណ្ឌលគិរី របស់ក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន។
កាសែតបន្តថា ឯកសារការទូតបង្ហាញថា នេះជាលើកដំបូងហើយដែលលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការចរចារុករករ៉ែកាលពីឆ្នាំ២០០៦ ជាមួយមន្ត្រីក្រុមហ៊ុន។ ឯកសារបញ្ជាក់ថា លោក ហ៊ុន សែន ធ្លាប់អះអាងក្នុងកិច្ចប្រជុំឯកជនមួយថា លោកនឹងផ្ដល់ដីសម្រាប់សម្បទានរុករករ៉ែទៅក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន ១លានហិកតារ និងអាចមិនយកពន្ធពីក្រុមហ៊ុនទៀតផង ហើយថា ការសន្យារបស់លោក ហ៊ុន សែន ដល់ក្រុមហ៊ុននេះ ធ្វើឡើងនៅមុនពេលកិច្ចព្រមព្រៀងរុករករ៉ែឆ្នាំ ២០០៦។
តែក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន បានបញ្ឈប់ដំណើរការនៅកម្ពុជា កាលពីឆ្នាំ២០០៩វិញ។ ក្រោយពេលអង្គការឃ្លាំមើលបរិស្ថានពិភពលោក គ្លបល វីនេស (Global Witness) បង្ហាញជាសាធារណៈថា ក្រុមហ៊ុននេះបានផ្ដល់ប្រាក់ទឹកតែប្រមាណ ៣,៥លានដុល្លារ ទៅឲ្យរដ្ឋាភិបាលកម្ពុជា ហើយលុយទឹកតែនោះបានបាត់មិនដឹងទៅណា។
ទោះជាយ៉ាងណាក៏ដោយ កាសែតនេះឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធថា លោកមិនបានទទួលលុយនោះទេ ហើយផ្ទុយទៅវិញ លោកថា ក្រុមហ៊ុននោះជាអ្នកប្រព្រឹត្តអំពើពុករលួយ។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានធ្វើការអប់រំប្រជាពលរដ្ឋ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ថ្លែងថា រាល់ការផ្ដល់ដីសម្បទាន ការចុះកុងត្រាជាមួយវិនិយោគិនធំ ឬដាក់ដេញថ្លៃលើគម្រោងនីមួយៗរបស់រាជរដ្ឋាភិបាល ភាគច្រើនលោកសង្កេតឃើញថា ពុំមានតម្លាភាព ឬប្រកាសដេញថ្លៃជាសាធារណៈឲ្យបានទូលំទូលាយនោះទេ។ ប៉ុន្តែរឿងនោះនឹងមានការបែកធ្លាយនៅពេលដែលមានទំនាស់។
លោក ព្រាប កុល៖ «ទម្លាប់បែបនេះគឺធ្វើឲ្យយើងឆ្ងល់ ហើយមានមតិគេរិះគន់ និងមានការសង្ស័យដោយសារតែវាមិនមានតម្លាភាព។ អ៊ីចឹងវាមិនដឹងថាតើនៅពីក្រោយខ្នងនៃកិច្ចចរចានោះវាមានរឿងអីកើតឡើង? វាមានការផ្ដល់លុយទឹកតែ ឬក៏អត់? វាគួរតែមានការអនុវត្តតាមរបៀបអភិបាលកិច្ចល្អ គឺមានការប្រកាសដេញថ្លៃហើយក្រុមហ៊ុនណាដែលមានសមត្ថភាពគេអាចដាក់តម្លៃដេញថ្លៃទៅ ផ្ដល់ផលចំណេញបានច្រើន យើងគួរផ្ដល់ឲ្យក្រុមហ៊ុនហ្នឹងទៅគឺជាទម្លាប់ល្អ»។
នៅក្នុងសេចក្ដីបំភ្លឺរបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ មីនា បានសរសេរថា វាជាការប្រឌិត នៅពេលដែលបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយចំនួនអះអាងថា ការដកខ្លួនរបស់ក្រុមហ៊ុន គឺធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការចេញផ្សាយរបាយការណ៍មួយរបស់អង្គការ គ្លបល វីនេស ស្ដីពីការបាត់បង់ទឹកប្រាក់ ៣,៥លានដុល្លារអាមេរិកនោះ។
តាមការពិតផ្អែកលើការវិភាគរបស់ក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន នេះ បានពន្យល់យ៉ាងច្បាស់អំពីមូលហេតុនៃការដកខ្លួនរបស់ក្រុមហ៊ុនដោយហេតុផលមួយក្នុងចំណោមហេតុផលដទៃទៀតនោះ គឺកំណប់រ៉ែបុកស៊ីតមានបរិមាណមិនគ្រប់គ្រាន់សម្រាប់ធ្វើអាជីវកម្មដែលធ្វើឲ្យគម្រោងនេះពុំមានផលចំណេញសេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។