លោក ហោ ណាំហុង បានមានប្រសាសន៍ប្រាប់អ្នកស្រី ភិននី រីឆាត (Penny Richards) ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ដែលចប់អាណត្តិការងារនៅកម្ពុជា ថា គ្មានហេតុផលណាមួយដែលថាការបោះឆ្នោតសកលនៅខែកក្កដា ខាងមុខនេះ គ្មានភាពសេរី និងយុត្តិធម៌នោះទេ បើទោះបីជាគ្មានការចូលរួមរបស់លោក សម រង្ស៊ី ពីព្រោះសំណុំរឿងរបស់លោក សម រង្ស៊ី នៅតុលាការកន្លងមក ជារឿងបុគ្គល និងជាសំណុំរឿងព្រហ្មទណ្ឌ ដែលមិនមែនជារឿងនយោបាយទេ។
មេដឹកនាំគណបក្ស សម រង្ស៊ី គឺលោក សម រង្ស៊ី បច្ចុប្បន្នកំពុងតែរស់នៅនិរទេសខ្លួននៅប្រទេសបារាំង តាំងពីចុងឆ្នាំ២០០៩ កន្លងមក នៅគ្រាដែលតុលាការកម្ពុជា រាប់ទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តស្វាយរៀង បានកាត់ទោសកំបាំងមុខ ផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគារចំនួន ១២ឆ្នាំ ក្រោមបទដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ១៨៥ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង បទក្លែងបន្លំផែនទីកម្ពុជា និងវៀតណាម និងបទបរិហារកេរ្តិ៍លោក ហោ ណាំហុង ថា ជាអតីតមេគុកបឹងត្របែក សម័យខ្មែរក្រហមជាដើម។
អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ប្រាប់អ្នកកាសែត ក្រោយពីជំនួបនោះថា ការបោះឆ្នោតសកលនៅខែកក្កដា ខាងមុខនេះ នឹងត្រូវបានចូលរួមដោយគណបក្សនានាជាច្រើន រាប់ទាំងគណបក្ស សម រង្ស៊ី ដែរ៖ «ទោះបីជាអវត្តមានគាត់នៅក្នុងការបោះឆ្នោត ប៉ុន្តែគណបក្សគាត់ គឺបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាសំដៅចូលរួមក្នុងការបោះឆ្នោតខាងមុខនេះហើយ ដូច្នេះហើយ គឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកបានបញ្ជាក់ច្បាស់ណាស់ គឺគ្មានហេតុផលណាថា ការបោះឆ្នោតខាងមុខនេះគ្មានសេរី និងយុត្តិធម៌នោះទេ»។
ប្រតិកម្មចំពោះការលើកឡើងនេះ ប្រធានក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងប្រទេសបារាំង មានមូលដ្ឋានច្បាស់លាស់ដើម្បីសុំឲ្យលោក សម រង្ស៊ី ចូលរួមក្នុងការបោះឆ្នោតខាងមុខនេះ ដើម្បីធានាថា ការបោះឆ្នោតនោះដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៖ «ជាគោលការណ៍ គេមិនអាចឲ្យមេបក្សមួយដ៏ធំ ដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជន មេបក្សមួយអត់ចូលស្រុកបាន ថាការបោះឆ្នោតនោះយុត្តិធម៌ទេ។ ហ្នឹងវាអយុត្តិធម៌មួយបាត់ទៅហើយ នេះមិនទាន់គិតទៅដល់នីតិវិធីរបស់ គ.ជ.ប ដែលបំប៉ោងចំនួនអ្នកបោះឆ្នោតដូចដែលអង្គការអិនឌីអាយ (NDI) ដែលគេរកឃើញនោះទៀត»។
ចំណែកឯនាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា លោកចង់ឃើញលោក សម រង្ស៊ី ចូលរួមក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនេះដែរ៖ «ជាការពិត គណបក្សដែលពាក់ព័ន្ធលោក សម រង្ស៊ី កំពុងតែធ្វើសកម្មភាពច្រើនដែរ ដើម្បីអូសទាញការគាំទ្រពីប្រជាពលរដ្ឋ។ ខ្ញុំគិតថា ឲ្យឯកឧត្តម សម រង្ស៊ី ចូលមកប្រជែងក្នុងការបោះឆ្នោតនេះ រឹតតែល្អ បើសិនចង់បញ្ជាក់ថា ការបោះឆ្នោតនេះមានភាពសេរី និងយុត្តិធម៌»។
ទាក់ទងនឹងដំណើរការរៀបចំការបោះឆ្នោតសកលខាងមុខនេះ អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានមានប្រសាសន៍កាលពីថ្ងៃទី១៩ ខែមីនា ថា ការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅដូចការគ្រោងទុក នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ បើទោះបីជាលោក សម រង្ស៊ី ឬគណបក្សប្រឆាំងមិនចូលរួមក៏ដោយ។
កន្លងមក អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិនានា ព្រមទាំងមន្ត្រីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានទទូចសុំឲ្យលោក សម រង្ស៊ី ចូលរួមក្នុងការបោះឆ្នោតខាងមុខនេះ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែលើកឡើងថា ករណីរបស់លោក សម រង្ស៊ី មិនមែនជារឿងនយោបាយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។