អង្គការ​ឃ្លាំមើល​អន្តរជាតិ​ជំរុញ​ឲ្យ​លោក ហ៊ុន សែន រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​មុន​ការ​បោះ​ឆ្នោត

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញ​ឲ្យ​លោក ហ៊ុន សែន រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ពេល​ខាង​មុខ។ ការ​ស្នើ​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ ក្រោយ​ពី​លោក ហ៊ុន សែន បញ្ចេញ​សារ​គំរាម​ជា​ច្រើន​ជា​សាធារណៈ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) កាល​ពី​ថ្ងៃ​ពុធ ទី​១០ ខែ​ឧសភា បាន​ហៅ​ការ​គំរាម​របស់​លោក ហ៊ុន សែន ដែល​នឹង​ធ្វើ​សង្គ្រាម ប្រសិនបើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត​នោះ ថា​ជា​ការ​បង្ហាញ​នូវ​ភាព​កំសាក​ខាង​ផ្នែក​នយោបាយ​ក្នុង​ឆាក​ជាតិ និង​អន្តរជាតិ។

លោក ប៊្រែដ អាដាម៖ «លោក ហ៊ុន សែន គួរ​តែ​ឈប់​និយាយ​ភាសា​ដ៏​អស់​សំណើច​នេះ​ទៅ និយាយ​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា គាត់​ជា​មនុស្ស​ល្ងង់ខ្លៅ​ជា​មនុស្ស​តូចតាច​ជា​មនុស្ស​ក្មេង​ខ្ចី ជា​មនុស្ស​ទន់ខ្សោយ និង​ជា​មនុស្ស​កំសាក​ជា​ទីបំផុត។ និយាយ​ដូច្នេះ គឺ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​មិន​មាន​ប្រជាប្រិយភាព​របស់​លោក​ក្នុង​ឆាក​ជាតិ និង​អន្តរជាតិ ហើយ​ដែល​គិត​ទុក​ជា​មុន​ទៅ​ហើយ​ថា លោក​នឹង​ចាញ់​ការ​បោះឆ្នោត ហើយ​ក៏​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​តាម​រយៈ​ការ​គំរាមកំហែង​ពលរដ្ឋ។ សូម្បី​មនុស្ស​នៅ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​ក៏​មិន​ពេញ​ចិត្ត​យុទ្ធសាស្ត្រ​នេះ​ដែរ»

ការ​ថ្លែង​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ថា​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​កាន់​អំណាច​បន្ត​ទៀត​ទេ នោះ​សង្គ្រាម​នឹង​ផ្ទុះ​ឡើង​សា​ជា​ថ្មី។

ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា ការ​គំរាម​របស់​លោក ហ៊ុន សែន បាន​ដើរ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​ចែង​ធានា​អំពី​សន្តិភាព​របស់​កម្ពុជា កើត​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

លោក ប្រ៊ែដ អាដាម ថ្លែង​ថា វា​ជា​ការ​អស់​សំណើច​ជា​ខ្លាំង​ដែល​លោក ហ៊ុន សែន ព្យាយាម​ដើរ​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​សន្តិវិធី​តាម​រយៈ​ការ​គំរាមកំហែង​មក​លើ​មហាជន។ លោក​បន្ត​ថា អំពើ​ហិង្សា​អាច​កើត​ឡើង​ទៅ​បាន​ដរាប​ណា​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ពី​ក្រោយ ដោយសារ​លោក​ជា​អ្នក​គ្រប់គ្រង​កងទ័ព នគរបាល និង​កងរាជអាវុធហត្ថ​របស់​ប្រទេស​ទាំង​អស់។

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​ខាង​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​ទេ​ជុំវិញ​ការ​អះអាង​របស់​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូប​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា នឹង​មិន​អាច​ផ្ទុះ​ឡើង​ទៅ​រួច​នោះ​ទេ ដោយសារ​គណបក្ស​ដទៃ​ទៀត​គ្មាន​អំណាច និង​គ្មាន​កងកម្លាំង​ប្រដាប់​អាវុធ។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​សព្វថ្ងៃ​ចាញ់​ឆ្នោត​ក៏​គ្មាន​សង្គ្រាម​ដែរ ព្រោះ​ជា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មាន​កាតព្វកិច្ច​ការពារ​លទ្ធផល​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។