លោក ហ៊ុន សែន ចោទ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ជា​ថ្មី​ទៀត​ថា​នៅ​តែ​មាន​ភាព​មិន​ស្មោះ​ត្រង់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ តុលា ២០១៤។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ តុលា ២០១៤។ (RFA)

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពុំ​ទាន់​មាន​ប្រតិកម្ម​តប​ណា​មួយ ចំពោះ​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​ទាមទារ​ឲ្យ លោក សម រង្ស៊ី បកស្រាយ​ឲ្យ​បាន​ច្បាស់​អំពី​ពាក្យ​ថា ដើម្បី​ចាប់​ចោរ ត្រូវ​ចូល​ឲ្យ​កៀក​មេ​ចោរ​សិន​នោះ បាន​ន័យ​ថា​ម៉េច​នោះ​ទេ?

ជុំវិញ​រឿង​នេះ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា នៅ​ពេល​នេះ អ្នក​នយោបាយ​មិន​ត្រូវ​ឈ្លោះ​ប្រកែក​គ្នា​ទេ សំខាន់ គឺ​ត្រូវ​ចេះ​អត់​ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ជា​មធ្យោបាយ​ល្អ ហើយ​ចំណេញ​ដល់​ជាតិ។

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ហាក់​បង្ហាញ​ភាព​ស្ងប់ស្ងាត់ មិន​តបត​អ្វី​ទាំងអស់ និង​ព្យាយាម​ថ្នម​សុខភាព​នយោបាយ​សម្បើម​ណាស់ បើ​ទោះ​ជា​គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​ឌឺដង និង​ផ្លែផ្កា​ឲ្យ​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​ក៏ដោយ​ចុះ។

ប្រតិកម្ម​ជា​ថ្មី​ឡើង​វិញ​ទៀត​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​ផង​នៅ​ពេល​នេះ គឺ​លោក ហ៊ុន សែន ទាមទារ​ឲ្យ​មេ​បក្ស​ជំទាស់ គឺ​លោក សម រង្ស៊ី ត្រូវ​បកស្រាយ​ឲ្យ​ច្បាស់​នូវ​អ្វី​ដែល លោក ហ៊ុន សែន ចោទ​ថា ប្រធាន​គណបក្ស​ប្រឆាំង​មាន​ភាព​មិន​ស្មោះ​ត្រង់​ក្នុង​រឿង​នយោបាយ ជាមួយ​នឹង​លោក។ លោក​នាយក​រដ្ឋមន្ត្រី​ដៀមដាម និង​ថែម​ទាំង​ឌឺដង​ឲ្យ​គណបក្ស​ប្រឆាំង​ថា មាត់​ផ្អែម​ណាស់​នឹង​វប្បធម៌​សន្ទនា ក៏ប៉ុន្តែ​មិន​ដែល​គោរព​ម្ដង​ណា​ទាល់​តែ​សោះ​លើ​គោលការណ៍​នេះ ហើយ​ថែម​ទាំង​ចរចា​លេង​ល្បែង​នយោបាយ​ចាប់​ដៃ​ជាន់​ជើង​ទៅ​វិញ។ លោក ហ៊ុន សែន ហៅ​ចរន្ត​នយោបាយ​ដែល​គណបក្ស​ជំទាស់​កំពុង​តែ​លេង​នៅ​ពេល​នេះ ថា​ជា​ការ​ចរចា​មិន​ស្មោះ​ត្រង់ ដែល​លោក​មិន​អាច​លើក​លែង​ឲ្យ​បាន​ឡើយ។ លោក​បន្ត​ថា «ខ្ញុំ​ចូល​ចិត្ត​សន្ទនា​ណាស់ ព្រោះ​មួយ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ប្រើ​វប្បធម៌​សន្ទនា​នេះ។ មិន​មែន​ទើប​តែ​កើត​ក្នុង​ជំនាន់​នេះ​ទេ វប្បធម៌​សន្ទនា ខ្ញុំ​ជា​អ្នក​ប្រឹងប្រែង​បង្កើត ហើយ​ខ្ញុំ​ជា​អ្នក​ចាប់​ផ្ដើម​វេទិកា សីហនុ ហ៊ុន សែន»

ក្រៅ​ពី​នេះ​ទៀត ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ថែម​ទាំង​ប្រតិកម្ម​ថា លោក សម រង្ស៊ី បាន​ប្រមាថ​លោក​ទៅ​នឹង​មេ​ដឹក​នាំ លោក ម៊ូម៉ា ហ្កាដាហ្វី (Muammar Gaddafi) ហើយ​ថា ព្រោះ​តែ​មូលហេតុ​នេះ​ហើយ​ទើប លោក ហ៊ុន សែន ព្យាយាម​រក​មធ្យោបាយ​នាំ​កូន​របស់​ខ្លួន​ឲ្យ​ស្គាល់​កូន​របស់ លោក សម រង្ស៊ី នោះ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ប្រតិកម្ម​ពី លោក សម រង្ស៊ី បាន​ភ្លាម​ទេ​ជុំវិញ​រឿង​នេះ ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី​២២ កញ្ញា។

ដោយឡែក​អ្នក​នាំ​ពាក្យ និង​ជា​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ វិញ បាន​បដិសេធ​ថា លោក​ពុំ​មាន​លទ្ធភាព​ធ្វើ​អត្ថាធិប្បាយ​ជំនួស​ឲ្យ លោក សម រង្ស៊ី បាន​ទេ។

លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី កាល​ពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៥។
លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី កាល​ពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៥។ (RFA/Hang Savyouth)

បើ​ទោះ​ជា​បែប​ណា ប្រតិកម្ម​ជា​ថ្មី​ទៀត​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ដែល​ព្រមាន​លុប​ចោល​វប្បធម៌​សន្ទនា និង​គំរាម​ឈប់​និយាយ​អ្វី​ទាំងអស់​ជាមួយ លោក សម រង្ស៊ី ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៃ​ការ​ជួប​គ្នា​ជា​ថ្មី​ទៀត​របស់​គណបក្ស​ទាំង​ពីរ លើ​របៀបវារៈ​កំណែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។

ពាក់ព័ន្ធ​រឿង​នេះ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា បើ​អ្នក​នយោបាយ​នៅ​តែ​ពាក់​មុខ​យក្ស​ដាក់​គ្នា​ដូច​នេះ អ្វី​ដែល​ខាត គឺ​ជាតិ និង​ពលរដ្ឋ​ទៅ​វិញ។

លោក រស់ រ៉ាវុធ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ មាន​ប្រសាសន៍​ថា ការ​ប្រកាន់​ជំហរ​តែ​រៀងៗ​ខ្លួន​ដូច​នេះ​របស់​អ្នក​នយោបាយ​ខ្មែរ នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ចំណេញ​អ្វី​ទេ​ពី​ការ​ប្រកួត​ប្រជែង​រក​ឈ្នះ​រៀង​ខ្លួន​នេះ។ ផ្ទុយ​ទៅ​វិញ លោក​ចាត់​ទុក​ថា ប្រទេស​កម្ពុជា កាន់​តែ​ស្រាល និង​មើលងាយ​ក្រោម​ក្រសែ​ភ្នែក​បរទេស ជាពិសេស​ប្រទេស​ជិត​ខាង​កម្ពុជា។ លោក​បន្ត​ថា «ក្នុង​បរិបទ​នេះ ខ្មែរ​មិន​គួរ​ណា​ឲ្យ​មាន​ការ​ប្រេះឆា ឬ​ក៏​ជាន់​ពន្លិច​នយោបាយ​រវាង​ខ្មែរ និង​ខ្មែរ ឬ​ក៏​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ​ទៀត​ទេ ចាប់​ពី​ថ្ងៃ​នេះ​ទៀត​នោះ»

បើ​ទោះ​ជា​បែប​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា វប្បធម៌​សន្ទនា​នេះ គឺ​លោក​ជា​អ្នក​បង្កើត ហើយ​វប្បធម៌​ដូច​នេះ គឺ​មិន​មែន​ទើប​តែ​កើត​ឡើង​នៅ​ពេល​នេះ​ទេ។ លោក ហ៊ុន សែន អះអាង​ថា វប្បធម៌​សន្ទនា​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់គ្រង​រដ្ឋាភិបាល អាច​ធ្វើ​ទៅ​បាន​ជាមួយ​បក្ស​នយោបាយ​ដទៃ​ទៀត ដោយ​មិន​ចាំបាច់​តែ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។