នៅចំពោះមុខមនុស្សម្នារាប់ពាន់នាក់ ដែលភាគច្រើនជាប្រតិភូកីឡា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា មេៗរបស់គណបក្សប្រជាជនកម្ពុជា ទាំងបីនាក់ ដូចគ្នានឹងថ្នាក់ដឹកនាំក្រុមកីឡាបាល់ទាត់ដ៏មានឥទ្ធិពលមួយដូច្នេះដែរ។ លោកថែមទាំងបង្ហាញជំនឿថា ក្រុមបាល់ទាត់របស់ខ្លួននឹងលើកពានរង្វាន់នារដូវកាលខាងមុខ ឬបានន័យថា លោកនឹងជាប់ឆ្នោតអាណត្តិទី៥ បន្តទៀត។
លោក ហ៊ុន សែន មានប្រសាសន៍ថា បើនិយាយពីបញ្ហានយោបាយធៀបនឹងក្រុមបាល់ទាត់វិញ គណបក្សកាន់អំណាចប្រើទម្រង់លេងខ្សែការពារ៣ ខ្សែបម្រើ៤ និងខ្សែប្រយុទ្ធ៣ ដែលជាទម្រង់ប្លែកគេមួយក្នុងវិស័យបាល់ទាត់។ ទម្រង់លេងនេះជាទម្រង់លេងដែលមានការប្រែប្រួលឆាប់រហ័ស អាចវាយលុកគូប្រកួតបានលឿន ហើយក៏អាចការពារបានល្អដែរ។ លោកបន្តថា រូបលោកជាប្រធានក្រុមដែលអាចចាត់ចែងកូនក្រុមឲ្យវាយលុក និងអាចចុះមកការពារបាន ដោយស្ថិតក្រោមការរៀបក្បួនឲ្យលេងពីសំណាក់អ្នកចាត់ការទូទៅ គឺមេបក្ស លោក ជា ស៊ីម និងមានលោក ហេង សំរិន ជាអ្នកចាំទី។
លោកបញ្ជាក់មិនចំឈ្មោះ ដែលទំនងជាឌឺឲ្យលោក កឹម សុខា ថាជាអ្នកលេងបាល់ទាត់មួយខាងម្នាក់ឯង៖ «តេជោសែន នេះជាមេក្រុម ហើយទាត់នៅខ្សែបម្រើ ត្រូវចាំឲ្យច្បាស់ឲ្យអ្នកដទៃទៀតបានដឹងម្តងទៅ ថយមកការពារក៏បាន ហើយចែកបាល់ឲ្យអ្នកទាត់។ អាហ្នឹង គឺថាក្បួនលេងដូចជាប្រាប់តម្រិះតិចចុះ ព្រោះអ្នកខ្លះវៃតែឯង ទៅធ្វើតួឯកតែឯងទេរាល់ថ្ងៃ ដល់គេវៃទៅវិញ ត្រូវតែឯងដែរគ្រប់រសជាតិ»។
ឆ្លើយតបនឹងការលើកឡើងបែបនេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា បើគិតតាមកីឡាបាល់ទាត់ ក្រុមគណបក្សប្រជាជនកម្ពុជា ដែលអាចជាក្រុមខ្លាំងបាន ដោយសារតែមានក្រុមអាជ្ញាកណ្ដាលដែលមិនឯករាជ្យចាំតែគាំទ្រ។ ក្រុមអាជ្ញាកណ្ដាលទាំងនោះ គឺជាស្ថាប័នសំខាន់ៗមួយចំនួន ដូចជាស្ថាប័នតុលាការ ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកបន្តថា មន្ត្រីគណបក្សកាន់អំណាចប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបំបែកសំឡេងគណបក្សប្រឆាំងពីក្រោយខ្នង ដូចជាការរំខានវេទិកាសាធារណៈ ការបង្កើតបញ្ហាផ្សេងៗមួយចំនួនទៀត ព្រោះតែខ្លាចចាញ់ឆ្នោត៖ «បើសិនម្នាក់អាចពាក់ហ្គង់ដៃបាន ម្នាក់ទៀតក៏ពាក់បាន មិនមែនឲ្យម្នាក់ពាក់ ម្នាក់អត់ពាក់ទេ បើសិនជាគណបក្សប្រជាជនប្រើទូរទស្សន៍បាន គណបក្សសង្គ្រោះជាតិ ក៏ត្រូវប្រើបានដូចគ្នា។ ឥឡូវខ្ញុំសុំអំពាវនាវឲ្យគាត់ចូលវិទ្យុចូលទូរទស្សន៍តទល់គ្នា ដើម្បីនិយាយគ្នាពីគោលនយោបាយរបស់គណបក្ស ក្នុងឋានៈជាមេដឹកនាំដូចគ្នា។ រឿងឈ្នះរឿងចាញ់ជារឿងធម្មតាទេ សំខាន់ត្រូវប្រកួតដោយយុត្តិធម៌ បើសិនជាការបោះឆ្នោតហ្នឹងប្រកួតដោយត្រឹមត្រូវ ខ្ញុំយល់ថាគណបក្សប្រជាជននឹងចាញ់»។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា ចាត់ទុកថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែមានតួនាទីជាខ្សែបម្រើក្នុងគណបក្សប្រជាជនកម្ពុជា ទេ ប៉ុន្តែលោកស្ទើរតែក្លាយជាអ្នករៀបចំយុទ្ធសាស្ត្រស្រាប់ទៅហើយ ស្របពេលដែលប្រធានគណបក្ស លោក ជា ស៊ីម មានវ័យកាន់តែជរា។ ព្រឹត្តិការណ៍បំបាក់មុខគណបក្សប្រឆាំងស្ទើរតែទាំងអស់ សុទ្ធតែចេញពីស្នាដៃលោក ហ៊ុន សែន។ ហេតុការណ៍គួរឲ្យកត់សម្គាល់ គឺការដាក់អ្នកយកការណ៍ តាមថតគ្រប់សកម្មភាព ឬសំឡេងរបស់មេបក្សប្រឆាំង ពេលឃើញភាពអសកម្ម ក៏ប្រើប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែបរបស់ខ្លួនមកបំបាក់ភ្លាមៗ។ ការបង្ហើបពីបញ្ហាបាតុកម្មប្រឆាំងនឹងលោក កឹម សុខា ដែលដឹកនាំដោយលោក ជុំ ម៉ី និងការរំឭកបើកកកាយពីរឿងអាស្រូវស្នេហារបស់មន្ត្រីបក្សប្រឆាំងជាសាធារណៈជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។