នាយក​រដ្ឋមន្ត្រី​ថា​បក្ស​ប្រជាជន​រក្សា​ស្ថិរភាព​នយោបាយ

ប្រមុខ​រដ្ឋាភិបាល បាន​អះអាង​ថា ប្រទេស​កម្ពុជា បាន​ឆ្លង​ផុត​សង្គ្រាម​ស៊ីវិល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ និង​ទទួល​បាន​ឯករាជ្យ សន្តិភាព​នេះ បាន​កើត​ឡើង គឺ​ដោយសារ​តែ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។

0:00 / 0:00

នៅ​ថ្ងៃ​ទី២៦ មីនា នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​នយោបាយ​មួយ​រំលឹក​ថា ប្រទេស​កម្ពុជា បើ​គ្មាន​ការ​ដឹកនាំ​ការ​របស់​លោក​ទេ​នោះ លោក​មិន​ធានា​ថា កម្ពុជា មាន​ស្ថិរភាព​នយោបាយ​នោះ​ទេ។ តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស ពន្យល់​ថា កម្ពុជា គ្មាន​សង្គ្រាម​កើត​ឡើង​វិញ​ទេ បើ​ទោះ​បី​ជា​គណបក្ស​ផ្សេង​ជាប់​ឆ្នោត​ក្ដី។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​គត់ ដែល​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ​បាន​រហូត​ដល់​សព្វថ្ងៃ ដែល​មាន​រយៈពេល​ប្រមាណ ៣៤​ឆ្នាំ​មក​នេះ។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​ឆ្លង​ព្រះវិហារ​វត្ត​ឧត្ដមមុនីវង្ស ហៅ​វត្ត​ទួលសូភី នៅ​ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៣ ថា បើ​កម្ពុជា មិន​មាន​សន្តិភាព​ទេ ក៏​មិន​អាច​អភិវឌ្ឍន៍​បាន​ដែរ។ លោក​បាន​លើក​ឧទាហរណ៍​ប្រទេស​មួយ​ចំនួន ដែល​អស្ថិរភាព​នោះ ដូច​ជា នៅ​អ៊ីរ៉ាក់ (Iraq) ប្រទេស​អាហ្វហ្គានីស្ថាន (Afghanistan) ប្រទេស​ស៊ីរី (Syria) និង​ថៃ​ភាគ​ខាង​ត្បូង ថា ដោយសារ​តែ​មិន​មាន​ស្ថិរភាព​នយោបាយ និង​សន្តិភាព ព្រោះ​តែ​មាន​ការ​វាយ​ប្រហារ​ជាប់​ឥត​ដាច់។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដើរ​តួនាទី​ស្នូល​ក្នុង​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ដែល​បាន​អនុវត្តន៍​ដោយ​លោក​ផ្ទាល់​នូវ​នយោបាយ​ឈ្នះ​ឈ្នះ ធ្វើ​ឲ្យ​កម្ពុជា មាន​សុខ​សន្តិភាព​ពេញ​លេញ​ដល់​សព្វថ្ងៃ៖ «គណបក្ស​ប្រជាជន បាន​ដើរ​តួនាទី​ស្នូល​នៃ​ការ​ផ្ដួល​រលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត។ ការ​ទប់ស្កាត់​នៃ​ការ​វិល​ត្រឡប់​នៃ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ការ​នាំ​មក​នូវ​ការ​បង្រួប​បង្រួម​ជាតិ និង​សន្តិភាព​តាម​នយោបាយ​ឈ្នះៗ បើ​គ្មាន​តួ​អង្គ​គណបក្ស​ប្រជាជន ហើយ​ខ្ញុំ​ករុណា​ខ្ញុំ​បាន​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះៗ និង​ដឹកនាំ​ដោយ​ផ្ទាល់​នូវ​នយោបាយ​ឈ្នះៗ​នេះ គ្មាន​នរណា​ហ៊ាន​ដណ្ដើម​ពី​ខ្ញុំ​ករុណា​ខ្ញុំ​លើ​បញ្ហា​នេះ​ទេ ព្រោះ​គេ​មិន​អាច​ធ្វើ​បាន​ទេ»

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម បាន​ហៅ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​សារ​នយោបាយ​មួយ​ដែល​បំភិត​បំភ័យ​ម្ចាស់​ឆ្នោត។

ប្រធាន​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ បាន​ថ្លែង​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ហើយ​សុខ​ចិត្ត​ផ្ទេរ​តំណែង​តាម​ច្បាប់​នោះ ប្រទេស​កម្ពុជា នឹង​មាន​ស្ថិរភាព​យូរ​អង្វែង៖ «មូលហេតុ​ដោយសារ​ប្រទេស​ដែល​គាត់​លើក​ឡើង​ហ្នឹង គឺ​ជា​ប្រទេស​មួយ​ដែល​អ្នក​ដែល​កាន់​អំណាច​ហ្នឹង គាត់​ក្រាញ​ពេក មនុស្ស​ឈឺ​ចាប់ គាត់​ចង់​ដូរ គាត់​ឈឺ​ចាប់​មិន​ដឹង​ធ្វើ​ម៉េច។ ហើយ​វា​ខុស​គ្នា​នឹង​ប្រទេស​កម្ពុជា ព្រោះ​ប្រទេស​កម្ពុជា មាន​ការ​បោះឆ្នោត​ទៀងទាត់។ ខ្ញុំ​មើល​ទៅ​ការ​វិភាគ​ហ្នឹង វា​អត់​ត្រឹមត្រូវ​ទេ លោក ហ៊ុន សែន គួរ​តែ​លើក​ពី​ប្រទេស​ដែល​គេ​បោះឆ្នោត​ទៀងទាត់ ហើយ​គេ​ដូរ​នាយក​រដ្ឋមន្ត្រី​ទៀងទាត់ ដូច​ជា ប្រទេស​អូស្ត្រាលី ប្រទេស​អាមេរិក ប្រទេស​ដែល​ជឿនលឿន​ក្នុង​ពិភពលោក​ច្រើន សុទ្ធ​តែ​ជា​ប្រទេស​ប្រជាធិបតេយ្យ។ ប្រទេស​ដែល​លោក​លើក​ឡើង​ទាំងអស់​ហ្នឹង គឺ​សុទ្ធ​តែ​ប្រទេស​ផ្ដាច់​ការ»

លោក ហ៊ុន សែន បាន​អះអាង​ទៀត​ថា លោក​នៅ​តែ​បន្ត​ដឹកនាំ​ប្រទេស​ទៅ​ទៀត ប្រសិន​បើ​ប្រជាជន​នៅ​តែ​គាំទ្រ​លោក។ លោក​ថា បើ​ស្រឡាញ់ បើ​អាណិត បើ​ពេញ​ចិត្ត បើ​ជឿជាក់​លើ ហ៊ុន សែន ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ អ្នក​ឃ្លាំ​មើល​សង្គម​យល់​ថា គឺ​ជា​សារ​មួយ​ដែល​អ្នក​នយោបាយ​ឆ្លៀត​ឱកាស​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត។ ការ​បោះឆ្នោត​ជាតិ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។