លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយឲ្យដឹងកាលពីថ្ងៃទី១៣ សីហា ថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានផ្ញើសារមកលោកកាលពីថ្ងៃទី១៧ ខែកក្កដា ដើម្បីបបួលបក្សកាន់អំណាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ពាក់ព័ន្ធនឹងផែនទីប្រទេសកម្ពុជា។
ការទម្លាយឲ្យដឹងជាសាធារណៈនៅពេលនេះ ដោយសារ លោក ហ៊ុន សែន ហាក់ខឹងសម្បារនឹងតំណាងរាស្ត្រមួយចំនួនរបស់គណបក្សសង្គ្រោះជាតិ ដែលចោទប្រកាន់បក្សកាន់អំណាចថាមានចេតនាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ដែលពួកគេជឿជាក់ការធ្វើវិសោធនកម្មមាត្រា២ នេះ នឹងធ្វើឲ្យប៉ះពាល់ដល់បូរណភាពទឹកដីប្រទេសកម្ពុជា។
លោក ហ៊ុន សែន ក៏ចង់ក្រើនរំឭកកូនចៅរបស់ លោក សម រង្ស៊ី ឲ្យដឹងថា តាមពិត គឺលោក សម រង្ស៊ី ខ្លួនឯងទេ ដែលបានជំរុញបក្សកាន់អំណាចឲ្យធ្វើវិសោធនកម្មមាត្រា២៖ «ខ្ញុំយកសាររបស់ លោក សម រង្ស៊ី មកអានឲ្យស្តាប់បន្តិចទៅចុះ ដើម្បីឲ្យកូនចៅគាត់ភ្លឺភ្នែក ព្រោះឥឡូវគាត់កំពុងតែសុទ្ធតែថា តែមេគាត់បបួលខ្ញុំ តែខ្ញុំអត់ទាន់ព្រម អ៊ីចឹងឥឡូវកូនថាអ៊ីចេះ កូនថាអ៊ីចុះ វាយ៉ាងម៉េច សោកស្ដាយត្រង់ថា រឿងអាថ៌កំបាំងរបស់មេ តែមេមិនព្រមប្រាប់កូន វាពិបាកអ៊ីចឹង អ៊ីចឹងបានខ្ញុំថា វាជាការសង្ស័យណាស់រឿងចាប់ដៃជាន់ជើងនោះ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបរបស់ លោក សម រង្ស៊ី ចំពោះការទម្លាយអាថ៌កំបាំងរបស់ លោក ហ៊ុន សែន បាននៅឡើយទេនៅពេលនេះ។
យ៉ាងណាក៏ដោយ កន្លងមកតំណាងរាស្ត្របក្សប្រឆាំងមួយចំនួន ហាក់មិនចង់ឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ នោះទេ ប៉ុន្តែ លោក ហ៊ុន សែន មានប្រសាសន៍ថា សូម្បីតែ លោក សម រង្ស៊ី ក៏យល់ពីភាពមិនគ្រប់គ្រាន់នៃមាត្រា២ ដូចលោកដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។