លោកនាយករដ្ឋមន្ត្រី បានប្រកាសព្រមានមេដឹកនាំគណបក្សសង្គ្រោះជាតិ មួយរូបមិនចំឈ្មោះថា ឲ្យធ្វើការសុំទោសប្រជាពលរដ្ឋជាបន្ទាន់ ដែលថា កម្ពុជា គ្មានការកាប់សម្លាប់នៅគុកទួលស្លែង នោះ បើមិនដូច្នោះទេ ប្រជាពលរដ្ឋនឹងធ្វើបាតុកម្មប្រឆាំងបុគ្គលមេបក្សប្រឆាំងនោះនៅពេលខាងមុខ។
ការព្រមានរបស់លោក ហ៊ុន សែន នេះ ទោះបីជាលោកមិនប្រកាសចំឈ្មោះក្ដី តែលោកមានប្រសាសន៍ថាមេដឹកនាំគណបក្សសង្គ្រោះជាតិ បានទៅសហរដ្ឋអាមេរិក បាត់ហើយ កាលពីថ្ងៃទី២៩ ឧសភា គឺសំដៅលើលោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលលោកបានទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំមួយនៅទីនោះ។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបញ្ចុះខណ្ឌសីមានៅវត្តមង្គលវង្ស ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ឧសភា ថា នៅពេលលោក កឹម សុខា ត្រឡប់មកពីសហរដ្ឋអាមេរិក វិញនោះ ប្រជាពលរដ្ឋនឹងធ្វើបាតុកម្មប្រឆាំងនឹងលោក ប្រសិនបើលោក កឹម សុខា មិនធ្វើការសុំទោសប្រជាពលរដ្ឋទេនោះ។ លោក ហ៊ុន សែន អះអាងថា ការធ្វើបាតុកម្មនេះនឹងផ្ទុះឡើងនៅពេលមានការបើកភ្លៀងខៀវពីលោក ជុំ ម៉ី ជាអតីតអ្នករងគ្រោះនៅក្នុងរបបខ្មែរក្រហម និងជាប្រធានសមាគមក្សេមក្សាន្ត។
លោក ហ៊ុន សែន៖ «អីចឹងទេ ស្ថានភាពកម្ដៅនយោបាយវាធ្ងន់ធ្ងរ បើមេដឹកនាំនយោបាយរូបនេះមិនធ្វើការសុំទោសទេ ការបាតុកម្មទ្រង់ទ្រាយធំនឹងអាចកើតមាន មិនថាកើតមាននៅទីក្រុងភ្នំពេញទេ នៅតាមខេត្តក៏កើតមានដែរ ទៅទីណាក៏មានបាតុកម្មស្វាគមន៍ដែរ។ អីចឹង សូមកុំផ្ទេរជម្លោះនេះមកជាមួយខ្ញុំ ជាមួយអ្នកនយោបាយគណបក្សប្រជាជនកម្ពុជា គឺជាជម្លោះជាមួយប្រជាពលរដ្ឋ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីសុំបំភ្លឺអំពីបញ្ហានេះបានទេ នៅថ្ងៃទី៣០ ឧសភា ពីព្រោះជំនួយការរបស់លោកប្រាប់ថា លោក កឹម សុខា ជាប់បេសកកម្មនៅសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងនេះក្ដី លោក កឹម សុខា ធ្លាប់បានឲ្យវិទ្យុអាស៊ីសេរី ដឹងកាលពីថ្ងៃទី២៨ ឧសភា ដោយបានច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាការបំផ្លើសការពិត ក្នុងបំណងកេងចំណេញនយោបាយ។ លោក កឹម សុខា បានអះអាងថា លោកមិនបាននិយាយថា រូបលោកមិនដែលនិយាយថាគ្មានការសម្លាប់មនុស្សនៅគុកទួលស្លែង នៅក្នុងរបបខ្មែរក្រហម ឬគុកទួលស្លែង ជាគុកសិប្បនិម្មិតនោះទេ។
លោក កឹម សុខា៖ «គឺខ្ញុំដឹងថា មានរបបហ្នឹង ហើយខ្ញុំដឹងច្បាស់ថា របបហ្នឹងជាអ្នកសម្លាប់ខ្មែរ អ្នកធ្វើទារុណកម្មខ្មែរ។ ទី២ រឿងឧក្រិដ្ឋកម្មនៅទួលស្លែង ក៏ដូចជានៅកន្លែងផ្សេងទៀត ក៏ខ្ញុំអត់ដែលបដិសេធថាអត់មានដែរ យើងដឹងថាមាន។ ប៉ុន្តែ អ្វីដែលយើងសោកស្ដាយត្រង់ថា គេអ្នកធ្លាប់ធ្វើខ្មែរក្រហម គេបែរជាមកចោទយើងថាខ្មែរក្រហមទៅវិញ។ ហ្នឹងហើយដែលពាក្យខ្មែរគេហៅថា ស្វាស៊ីបាយលាបមាត់ពពែ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានសមាគមក្សេមក្សាន្ត លោក ជុំ ម៉ី និងជាអតីតអ្នករងគ្រោះនៅក្នុងរបបខ្មែរក្រហមបានទេ នៅថ្ងៃទី៣០ ឧសភា ដើម្បីជម្រាបសួរថា តើលោកនឹងដឹកនាំធ្វើបាតុកម្មដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឬយ៉ាងណា?
ប៉ុន្តែ យ៉ាងនេះក្ដី អនុប្រធានសមាគមក្សេមក្សាន្ត លោក ប៊ូ ម៉េង ហាក់បីដូចជាសម្ដែងការភ្ញាក់ផ្អើលចំពោះបញ្ហានេះ។ លោក ប៊ូ ម៉េង បានអះអាងថា លោកមិនបានឮដោយផ្ទាល់ ដែលថា លោក កឹម សុខា មានប្រសាសន៍ថាគ្មានការកាប់សម្លាប់នៅគុកទួលស្លែង នោះទេ។ លោកបានចាត់ទុកបញ្ហានេះ ជារឿងនយោបាយ ហើយក្នុងនាមលោកជាអនុប្រធានសមាគមនោះ ទោះបីជាលោក ជុំ ម៉ី ចង់ធ្វើបាតុកម្មប្រឆាំងនឹងលោក កឹម សុខា ឬយ៉ាងណានោះ លុះត្រាតែមានការសម្រេចពីគណៈកម្មការសមាគមជាមុនសិន។
លោក ប៊ូ ម៉េង៖ «ខ្ញុំជាអនុប្រធានទីពីរ ខ្ញុំមិនឯកភាពទេ បើសិនជាគាត់ (ជុំ ម៉ី) ថាយ៉ាងម៉េច ជាទស្សនៈរបស់គាត់ តែទស្សនៈរបស់ខ្ញុំ ខ្ញុំមិនឯកភាពទេ ព្រោះជាទស្សនៈរបស់ខ្ញុំ រឿងនេះជារឿងនយោបាយ ហើយសមាគមក្សេមក្សាន្ត មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ គឺត្រូវតែឯករាជ្យ»។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត បានលើកឡើងថា នៅគ្រាដែលការបោះឆ្នោតបានជិតឈានមកដល់នេះ គឺជាទម្លាប់ទៅហើយសម្រាប់អ្នកនយោបាយខ្មែរ ដែលធ្វើការវាយប្រហារគ្នាទៅវិញទៅមក រវាងឥស្សរជននយោបាយបក្សប្រឆាំង និងបក្សកាន់អំណាច ថាដើម្បីបង្កើនកម្តៅនយោបាយជាការទាញយកការគាំទ្ររបស់ប្រជាពលរដ្ឋ។
ប៉ុន្តែ ការវាយប្រហារគ្នាតាមពាក្យសម្ដីនេះ ជាសកម្មភាពធ្វើឲ្យបរិយាកាសនៃការបោះឆ្នោតអាប់អួរទៅវិញទេ។ អ្នកនយោបាយត្រូវតែប្រជែងគ្នាអំពីគោលនយោបាយ និងសមត្ថភាពក្នុងការដឹកនាំប្រទេសវិញប្រសើរជាង នៅមុនពេលបោះឆ្នោតនេះ ដើម្បីឲ្យប្រជាពលរដ្ឋសម្រេចចិត្តក្នុងការជ្រើសមេដឹកនាំដែលមានសមត្ថភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។