លោក ហ៊ុន សែន៖ កម្ពុជា​គ្មាន​វាសនា​ហិនហោច​ព្រៃ​ឈើ​ដូច​នៅ​សហគមន៍​អឺរ៉ុប​ទេ

0:00 / 0:00

លោក ហ៊ុន សែន បាន​ប្រកាស​ថា ប្រទេស​អ្នក​មាន​មិន​អាច​មើលងាយ​ប្រទេស​អ្នក​ក្រ​បាន​ទេ។ លោក ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean francois CAUTAIN) ថា កម្ពុជា​មិន​យក​គំរូ​តាម​ប្រទេស​សហភាព​អឺរ៉ុប​ដែល​កាប់​ព្រៃ​ឈើ​អស់​នោះ​ទេ។ តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ការពារ​បរិស្ថាន​នោះ លើក​ឡើង​ថា រដ្ឋាភិបាល​ការពារ​ការ​កាប់​ព្រៃឈើ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ហើយ​ថា កម្ពុជា​នឹង​មាន​វាសនា​ហិនហោច​ព្រៃ​ឈើ​ដូច​សហភាព​អឺរ៉ុប នៅ​ពេល​ខាង​មុខ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា បទពិសោធន៍​របស់​សហភាព​អឺរ៉ុប ធ្វើ​ឲ្យ​បាត់បង់​ព្រៃ​ឈើ​អស់​នោះ កម្ពុជា​នឹង​មិន​យក​គំរូ​តាម​នោះ​ទេ។

លោក ហ៊ុន សែន បញ្ជាក់​នៅ​ចំពោះ​មុខ​លោក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០១៥ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ថា ប្រទេស​អ្នក​មាន​មួយ​ចំនួន​បាន​រិះគន់​កម្ពុជា ទៅ​លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី និង​ការ​កាប់​ព្រៃឈើ ចុះ​ប្រទេស​មួយ​ចំនួន​ទៀត​ធ្វើ​បរមាណូ ហេតុ​អី​មិន​និយាយ​ពី​ការ​ខូច​បរិស្ថាន​ផង៖ «ពួក​អឺរ៉ុប​កាប់​ឈើ​ខ្លួន​ឯង​អស់​តាំង​ពី​ជំនាន់​ណា​ណោះ រួច​មក​ប្រដៅ​តែ​គេ។ …ឯ​កម្ពុជា មិន​ធ្វើ​ដូច​អឺរ៉ុប​ទេ កាប់​ទាល់​តែ​ខ្ទេច​ព្រៃ មិន​ធ្វើ​អ៊ីចឹង​ទេ យើង​ដក​ពិសោធន៍​ពី​កំហុស​របស់​អឺរ៉ុប​ដែរ។ អឺរ៉ុប​មិន​កាប់​ព្រៃ​ឈើ​អស់ អូ! ស្មាន​តែ​វាល​អ៊ីចឹង​តាំង​ពី​អើយ!»

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីតនេស (Global Witness) បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ចាត់​ទុក​ថា ការ​រក​ស៊ី​ឈើ​ប្រណីត​របស់​លោក ទ្រី ភាព ដែល​គេ​ស្គាល់​ថា លោក​បាន​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា នោះ ​ថា​ជា​ជំនួញ​ស្រប​ច្បាប់។

​របាយការណ៍​របស់ គ្លបល វីតនេស (Global Witness) ដែល​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​រក​ស៊ី​ឈើ​របស់​លោក ទ្រី ភាព គឺ​ប្រាសចាក​ពី​អនុសញ្ញា​ស្ដីពី​ការ​ហាមប្រាម​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សត្វ​ព្រៃ និង​ព្រៃឈើ​ដែល​ជិត​ផុត​ពូជ។

មិន​មែន​ជា​លើក​ទី​១​ទេ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​វិធានការ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា លោក​ថែម​ទាំង​ប្ដេជ្ញា​ចិត្ត​ថា លោក​នឹង​កាត់​ក​លោក​ចេញ បើសិនជា​លោក​ការពារ​ព្រៃឈើ​មិន​បាន។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​អាច​ការពារ​ព្រៃឈើ​នៅ​កម្ពុជា បាន​ទេ ដោយសារ​រដ្ឋាភិបាល​បាន​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​កាប់​ព្រៃឈើ ដែល​ក្រុម​ឈ្មួញ​ទាំង​នោះ​កាប់​ព្រៃ​ឈើ​ដោយ​សេរី។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ គេ​ដឹក​ឈើ​ចេញ​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​កំពង់សោម ក្នុង ១​ខែ​ចន្លោះ​ពី ៩០០ ទៅ ១.០០០​កុងទឺន័រ៖ «ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ក៏​ស្រលាញ់​ព្រៃ​ឈើ​ដែរ ដូច​ជា​ផ្ទះ​លោក ហ៊ុន តូ បាន​ដាំ​ដើម​ឈើ ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​ជាដើម តែ​គាត់​បែរ​ជា​បំផ្លាញ​ព្រៃ​ឈើ​ទៅ​វិញ ដូច្នេះ​លោក​នាយករដ្ឋមន្ត្រី​ត្រូវ​តែ​ពិចារណា​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​នេះ»

​កន្លង​មក​មន្ត្រី​ការពារ​បរិស្ថាន​តែងតែ​ទទួលរង​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការ និង​ការ​គំរាម​កំហែង​ពី​ក្រុម​ឈ្មួញ​កាប់​ព្រៃឈើ។ លើស​ពី​នេះ​ទៀត មាន​អ្នក​កាសែត និង​សកម្មជន​ការពារ​ព្រៃឈើ ដូចជា​លោក ឈុត វុទ្ធី ជាដើម ត្រូវ​បាន​គេ​បាញ់​សម្លាប់។

​អង្គការ​ធ្វើការ​លើ​ផ្នែក​បរិស្ថាន គ្លបល វីតនេស ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​ស្នើ​រាជរដ្ឋាភិបាល​កម្ពុជា ស៊ើប​អង្កេត​ទ្រព្យ​សម្បត្តិ និង​ការ​រក​ស៊ី​ឈើ​របស់​លោក​ឧកញ៉ា ទ្រី ភាព បន្ទាប់ពី​អង្គការ​នេះ​បាន​រក​ឃើញ​ថា លោក ទ្រី ភាព ជា​អ្នក​រក​ស៊ី​ឈើ​ខុស​ច្បាប់ និង​នាំ​ចេញ​ឈើ​ជា​ច្រើន​រយ​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​ទៅ​ក្រៅ​ប្រទេស។

ទាក់ទង​នឹង​បញ្ហា​នេះ លោក អ៊ូច ឡេង អះអាង​ថា ព្រៃឈើ​នៅ​កម្ពុជា នឹង​មាន​វាសនា​បាត់បង់​មិន​ខុស​ពី​សហភាព​អឺរ៉ុប​នោះ​ឡើយ​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។