តំណាងរាស្ត្របក្សប្រឆាំងពីររូបដែលរងគ្រោះដោយក្រុមបាតុករប្រើហិង្សាវាយប្រហារនោះ ប្រតិកម្មពីមន្ទីរពេទ្យក្រុងបាងកក តបទៅ លោក ហ៊ុន សែន ដែលថាជនរងគ្រោះបានជេរប្រមាថបាតុករ ទើបនាំឲ្យកើតអំពើហិង្សានោះ។
ទាក់ទងករណីហិង្សានេះ លោកនាយករដ្ឋមន្ត្រី និងមន្ត្រីសិទ្ធិមនុស្សបញ្ជាក់ថា ការជេរប្រមាថជារឿងមួយផ្សេង ចំណែកជនដៃដល់ប្រើអំពើហិង្សាបង្ករបួសស្នាម ត្រូវតែទទួលទោសទៅតាមច្បាប់។
តំណាងរាស្ត្រទាំងពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ វិច្ឆិកា បានបបួល លោក ហ៊ុន សែន ស្បថដាក់ជីវិត បើសិនជាពួកលោកបានជេរក្រុមបាតុករនៅមុខរដ្ឋសភា កាលពីថ្ងៃទី២៦ តុលា មែននោះ។
ការថ្លែងបែបនេះ ធ្វើឡើងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ពីមន្ទីរពេទ្យក្រុងបាងកក ប្រទេសថៃ ក្នុងពេលដែលលោកទាំងពីរកំពុងសម្រាកព្យាបាលមុខរបួស។
សារនេះជាការឆ្លើយតបទៅនឹងប្រសាសន៍របស់ លោក ហ៊ុន សែន ដែលថ្លែងនៅថ្ងៃទី៥ វិច្ឆិកា ដោយដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនថា អ្នកតំណាងរាស្ត្របក្សប្រឆាំងបើកឡានចេញពីក្នុងរដ្ឋសភា មកជេរប្រមាថក្រុមបាតុករដែលបានរំសាយការប្រមូលផ្តុំទៅហើយនោះ៖ «ហិង្សាមិនមែនបាតុករវាយណា អាហ្នឹងបើតាមការសិក្សា ពួកបាតុកររំសាយអស់ហើយ ជេរគេ ឃើញទូរទស្សន៍ផ្សាយ អ្នកមកសារភាពនោះថា បើកឡានជេរខ្ញុំអាយ៉ងយួន ដល់អាយ៉ងយួន អ៊ីចឹង មិនដឹងគិតម៉េចទេ ទុកឲ្យតុលាការទៅ ដល់គេខឹងគេវាយ»។
ការចោទប្រកាន់បែបនេះ ត្រូវបាន លោក គង់ សភា បដិសេធ ដោយលើកហេតុផលថា ថ្ងៃដែលកើតហេតុ លោកនាយករដ្ឋមន្ត្រីកំពុងមានវត្តមាននៅប្រទេសបារាំង រីឯអ្នកតំណាងរាស្ត្រទើបចេញពីសាលប្រជុំសភានៅម៉ោង ១២ និង ១៥នាទី។ លោកសួរថា តើមានពេលឯណាមកស្រែកជេរបាតុករ បើបាតុកររំសាយពីមុខរដ្ឋសភាតាំងពីមុនបញ្ចប់កិច្ចប្រជុំទៅហើយនោះ?
ចំណែក លោក ញ៉យ ចំរើន ក៏បានមានប្រសាសន៍ប្រតិកម្មតាមទូរស័ព្ទពីមន្ទីរពេទ្យក្រុងបាងកក នៅថ្ងៃទី៥ វិច្ឆិកា ដែរថា ការលើកឡើងរបស់អ្នកសារព័ត៌មានក្នុងស្រុកមួយចំនួន ជាពិសេសលោកនាយករដ្ឋមន្ត្រី ដែលថាពួកលោកជេរបាតុករ ទើបបាតុករមកវាយនោះ គឺជាការបំផ្លើសទាំងស្រុង៖ «ព្រោះខ្ញុំ ញ៉យ ចំរើន ឡាននៅខាងក្រោយបិទកញ្ចក់យ៉ាងជិត តែគេវាយឡើងបែកកញ្ចក់អស់ ហើយបានអូសខ្ញុំមកវាយនៅខាងក្រៅទៀត ហើយជេរស្អីបើអត់បាននិយាយស្អីផង»។
ជុំវិញរឿងនេះដែរ មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោ អំ សំអាត មានប្រសាសន៍ថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីយ៉ាងណានោះ គឺជាសិទ្ធិរបស់លោក។ ចំណែកបទល្មើសនៅតែជាបទល្មើសដែលត្រូវអនុវត្តទៅតាមច្បាប់ ដោយមិនអាចបន្ធូរបន្ថយទោសបាននោះទេ៖ «ត្រូវតែពឹងផ្អែកទៅលើច្បាប់តម្លាភាព និងយុត្តិធម៌ ហើយគណៈកម្មការនោះត្រូវតែមានឆន្ទៈពិតប្រាកដ ក្នុងការស្រាវជ្រាវស្វែងរកបន្តចំពោះអ្នកពាក់ព័ន្ធទៅករណីប្រើហិង្សាលើអ្នកតំណាងរាស្ត្រទាំងពីររូបនោះ»។
ជនសង្ស័យទាំងបីនាក់ដែលចេញសារភាពថាបានប្រើអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យរងរបួសនោះ ត្រូវតុលាការបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៤ វិច្ឆិកា។ ការឃុំខ្លួននេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរពួកគេពេញមួយថ្ងៃ ហើយបានសម្រេចចោទប្រកាន់អ្នកទាំង ៣នាក់នោះចំនួន ២បទល្មើស គឺបទបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងមួយករណីទៀត គឺធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស។
តំណាងរាស្ត្រទាំងពីររូបរបស់បក្សប្រឆាំងដែលរងគ្រោះដោយអំពើហិង្សា នៅតែទាមទារឲ្យមានការស៊ើបអង្កេតបន្តរកជនដៃដល់បន្ថែមទៀត និងអ្នកនៅពីក្រោយខ្នង មកផ្ដន្ទាទោសផងដែរ។ លោកទាំងពីរនាក់បញ្ជាក់ទៀតថា ជនដៃដល់ដែលប៉ុនប៉ងវាយសម្លាប់រូបលោកនោះ មិនមែនមានតែបីនាក់ដែលចេញមកសារភាពហ្នឹងទេ គឺនៅមានច្រើននាក់ទៀត ហើយត្រូវចោទពីបទមនុស្សឃាតដោយចេតនាគិតទុកជាមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។