ប្រមុខដឹកនាំរដ្ឋាភិបាលបានរិះគន់ចំពោះមេដឹកនាំសង្គមស៊ីវិលខ្លះ ដែលបានលូកដៃចូលកិច្ចការរបស់រដ្ឋាភិបាល ទាក់ទងការធ្វើសេចក្ដីព្រាងច្បាប់ផ្សេងៗ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលថ្លែងប្រតិកម្មតបប្រមុខដឹកនាំវិញថា ដោយសារតែការធ្វើសេចក្ដីព្រាងច្បាប់ជារឿងផលប្រយោជន៍ជាតិទាំងមូល ទើបស្នើចូលរួមជាគំនិតយោបល់។
ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យអាស៊ី អឺរ៉ុប នាវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដល់មេដឹកនាំអង្គការមិនមែនរដ្ឋាភិបាលខ្លះ ស្នើកុំឲ្យលូកដៃចូលកិច្ចការធ្វើសេចក្ដីព្រាងច្បាប់ផ្សេងៗ របស់រដ្ឋាភិបាលហួសហេតុពេក។
សារព្រមានរបស់ប្រមុខដឹកនាំ បានកើតឡើងបន្ទាប់ពីពេលថ្មីៗនេះ មានមន្ត្រីអង្គការសង្គមស៊ីវិលខ្លះបានរិះគន់រដ្ឋាភិបាល ឬគណៈរដ្ឋមន្ត្រី ដែលបានអនុម័តសេចក្ដីព្រាងច្បាប់ចំនួន ៣ ទាក់ទងកំណែទម្រង់ប្រព័ន្ធតុលាការ៖ «គេថាច្បាប់ហ្នឹងមិនបានជូនទៅសង្គមស៊ីវិល ឬប្ដូរយោបល់ជាមួយប្រជាពលរដ្ឋ។ ខ្ញុំគ្រាន់តែសុំប្រាប់ត្រឡប់ទៅវិញថា យើងបានស្ដាប់ច្រើនហើយ ទី១។ ទី២ បញ្ញត្តិច្បាប់ដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ គឺមិនអនុញ្ញាតឲ្យយើងទៅប្រគល់ឲ្យនរណាក្រៅតែពីអ្នកដែលគេធ្វើសេចក្ដីព្រាងច្បាប់ ហើយគេបញ្ជូនមកគណៈរដ្ឋមន្ត្រី មានកន្លែងសម្រាប់បញ្ជូន គឺរដ្ឋសភា គេអត់ប្រាប់ថា ទៅអង្គការក្រៅរដ្ឋាភិបាលលោកនេះទេ? គេអត់ប្រាប់ទេ សូមកុំអាលទារសិទ្ធិហួស។ យើងស្តាប់យូរហើយៗ សុំឲ្យមានការអៀនខ្មាសខ្លះផង សិទ្ធិដែលខ្លួនមានប៉ុន្មានធ្វើប៉ុណ្ណឹងទៅ»។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ គណៈរដ្ឋមន្ត្រីកម្ពុជា បានអនុម័តទៅលើរបៀបវារៈចំនួន ៣ មានដូចជា សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំអង្គតុលាការ សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។
សេចក្ដីព្រាងច្បាប់ទាំងនេះ ត្រូវមន្ត្រីអង្គការសង្គមស៊ីវិលមួយបានស្នើដល់សភាជាតិ ពន្យារការអនុម័តសេចក្ដីព្រាងច្បាប់នេះ និងស្នើឲ្យផ្នែកពាក់ព័ន្ធចូលរួមផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់នេះមុននឹងអនុម័ត។
លោក អ៊ូ វីរៈ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា នៅក្នុងសង្គមមួយដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គឺរដ្ឋាភិបាល ឬគ្រប់គណបក្សនយោបាយ ត្រូវការបំផុតការចូលរួមផ្ដល់ជាគំនិតយោបល់ផ្សេងៗពីប្រជាពលរដ្ឋ ឬមន្ត្រីសង្គមស៊ីវិលជាដើម ទៅលើការធ្វើសេចក្ដីព្រាងច្បាប់អ្វីមួយ។
លោក អ៊ូ វីរៈ៖ «យើងអត់ចង់លូកដៃចូលរួមទេ បើសិនជាការងារនេះជាការងាររបស់បក្ស។ ប៉ុន្តែរឿងរដ្ឋាភិបាលមិនមែនជាឧបករណ៍ផ្ដាច់មុខរបស់បុគ្គលទេ ហើយបញ្ហាច្បាប់ជាបញ្ហាជាតិ។ អ៊ីចឹងហើយបានជាអង្គការសង្គមស៊ីវិល តែងតែចង់ចូលរួមក្នុងការផ្ដល់យោបល់ និងជំរុញឲ្យម៉េចឲ្យច្បាប់ហ្នឹងមានប្រសិទ្ធភាព។ ធ្វើម៉េចឲ្យច្បាប់ហ្នឹងមានខ្លឹមសារ និងមានប្រយោជន៍ដល់ប្រជាពលរដ្ឋនិងជាតិ។ តាមពិតរដ្ឋាភិបាលមួយដែលបើកចំហឲ្យសង្គមស៊ីវិល គឺជារដ្ឋាភិបាលមួយដែលមានការទទួលខុសត្រូវ និងជួយដល់ប្រជាប្រិយភាពរបស់រដ្ឋាភិបាលថែមទៀតផង។ ព្រោះអីពេលណាមានការចូលរួមផ្ដល់យោបល់ ប្រហែលជាអាចមានផលប្រយោជន៍ ហើយប្រជាពលរដ្ឋអាចមានការសប្បាយចិត្តជាមួយរដ្ឋាភិបាលជាង»។
ដូចគ្នាដែរ សម្រាប់លោក នី ចរិយា ប្រធានផ្នែកអង្កេតរបស់សមាគមអាដហុក (Adhoc) បានថ្លែងរិះគន់តបទៅលោក ហ៊ុន សែន ចំពោះបម្រាមរបស់លោកមិនឲ្យសង្គមស៊ីវិលចូលរួមផ្តល់ជាយោបល់ទៅលើសេចក្តីព្រាងច្បាប់ពេលនេះ៖ «ច្បាប់ ទាំងអស់មិនថាតែច្បាប់ចំនួន ៣ ទាក់ទងនឹងច្បាប់ប្រព័ន្ធតុលាការនេះទេ គឺច្បាប់ទាំងអស់នេះ មិនមែនសម្រាប់នាយករដ្ឋមន្ត្រីអនុវត្តម្នាក់ឯងទេ គឺជាច្បាប់ដែលធ្វើឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាអ្នកអនុវត្តច្បាប់ ហើយជាពិសេសទៅទៀតនោះ គឺថា ច្បាប់ ៣ ដែលទាក់ទងនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ហ្នឹងគឺជាច្បាប់ពិសេស ដែលទាំងអង្គការសង្គមស៊ីវិល ទាំងប្រជាពលរដ្ឋ ទាំងតុលាការ ទាំងរដ្ឋាភិបាល ត្រូវតែមានភារកិច្ចក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីឲ្យប្រព័ន្ធតុលាការរបស់យើងឯករាជ្យ។ ក្នុងន័យដែលលោកនាយករដ្ឋមន្ត្រីនិយាយអំពីថាកុំឲ្យលូកដៃមានន័យ ថា គាត់ចង់ឲ្យប្រព័ន្ធតុលាការនៅលើកណ្ដាប់ដៃគាត់ ឬមួយយ៉ាងម៉េច? អាហ្នឹងហើយជាភស្តុតាងបញ្ជាក់ថា នាយករដ្ឋមន្ត្រីចង់គ្រប់គ្រងអំណាចតុលាការដែលធ្វើឲ្យអំណាចតុលាការ មិនឯករាជ្យ»។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា សេចក្ដីព្រាងច្បាប់ផ្សេងៗដែលរដ្ឋាភិបាលបានធ្វើកន្លងមក គឺបានតាក់តែងឡើងដោយផ្អែកតាមបទពិសោធន៍នៃប្រទេសដែលមាននីតិរដ្ឋរីកចម្រើនរឹងមាំនានា និងដោយមានការជួយរៀបចំពីអ្នកជំនាញការពារច្បាប់របស់សាធារណរដ្ឋបារាំងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។