លោក ហ៊ុន សែន ថា​គ្មាន​ពេល​ឲ្យ​បក្ស​ប្រឆាំង​ដំណើរការ​ទៀត​ទេ​បើ​នៅ​ការពារ​លោក កឹម សុខា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គ្មាន​ពេល​វេលា​ទុក​ឲ្យ​បក្ស​ប្រឆាំង​ដំណើរការ​ទៀត​ទេ បើ​នៅ​តែ​បន្ត​ការពារ​លោក កឹម សុខា ដែល​លោក​ចោទ​ថា មាន​ទោស​ក្បត់ជាតិ។ ការ​លើក​ឡើង​នេះ ខណៈ សមាជិក​រដ្ឋសភា​បក្ស​កាន់អំណាច​អនុម័ត​ឲ្យ​តុលាការ​បន្ត​ចាត់​ការ​លោក កឹម សុខា។ រី​ឯ​បក្ស​ប្រឆាំង​វិញ ចាត់​ទុក​ការ​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ថា ជា​ទង្វើ​ខុស​ច្បាប់ និង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់។

លោក ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ម្ដងទៀត នៅ​ព្រឹក​ថ្ងៃទី១១ ខែ​កញ្ញា ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។ ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​ស្ដាប់​ទៅ​ហាក់​ដូចជា​លោក កឹម សុខា មាន​ទោស​ក្បត់ជាតិ​ដោយ​សេចក្ដី​សម្រេច​របស់​តុលាការ​ទៅ​ហើយ​នោះ លើក​ឡើង​ថា ប្រសិនបើ​បក្ស​នយោបាយ​បន្ត​រារាំង និង​ការពារ​ជន​ក្បត់ជាតិ​នេះ មាន​ន័យ​ថា បក្ស​មួយ​នេះ​ក្បត់​ជាតិ​ទៅ​ហើយ ដូច្នេះ​គ្មាន​ពេល​វេលា​ដើម្បី​ទុក​បក្ស​នេះ​ឲ្យ​ដំណើរការ នៅ​ក្នុង​ប្រជាធិបតេយ្យ​នៃ​កម្ពុជា​តទៅ​ទៀត​ទេ។ លោក​បន្ត​ថា កម្ពុជា​រំលាយ​បក្ស​នយោបាយ​មួយ នៅ​មាន​គណបក្ស​នយោបាយ​ច្រើន​​ទៀត ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត។ «សំឡេង»

ទន្ទឹម​នឹង​ការ​ព្រមាន​រំលាយ​បក្ស​ប្រឆាំង​នេះ នៅ​ឯ​រដ្ឋសភា​ដែល​មាន​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៧រូប ក៏​បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ និង​បាន​លើក​ដៃ​អនុម័ត​យល់ព្រម​ឲ្យ​តុលាការ​បន្ត​លើ​សំណុំ​រឿង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា។

ទោះ​មិន​បាន​ចូលរួម​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ក្ដី លោក ហ៊ុន សែន បាន​បង្ហើប​សំឡេង​ពី​កន្លែង​ចែក​សញ្ញាប័ត្រ​នោះ​ថា ការ​ប្រជុំ​រដ្ឋសភា​នេះ មិនមែន​ជា​ការ​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​របស់​លោក កឹម សុខា ទេ ដោយ​លោក​អះអាង​ថា បទល្មើស​ជាក់ស្ដែង​មិន​តម្រូវ​ឲ្យ​ដក​អភ័យឯកសិទ្ធិ​ទេ គឺ​ត្រូវ​ចាប់​ខ្លួន​ជា​បន្ទាន់ រួច​ហើយ​រាយការណ៍​អោយ​រដ្ឋសភា។ លោក​បញ្ជាក់​ទៀត​ថា ប្រសិនបើ​បក្ស​ប្រឆាំង​ចង់​ទប់ ឬ​ផ្អាក​ដំណើរការ​ក្ដី​នេះ គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​សំឡេង ៣ភាគ៤ ទើប​អាច​ផ្អាក​ដំណើរការ​ក្តី​បាន។ តែ​បក្ស​ប្រឆាំង​មិន​មាន​សំឡេង​គ្រប់គ្រាន់​ឡើយ។ «សំឡេង»

ទាក់ទិន​បញ្ហា​នេះ សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឆ្លើយ​តប​ថា រដ្ឋសភា មិន​គួរ​យក​ច្បាប់​ដែល​បត់បែន ដើម្បី​តម្រូវ​សេចក្ដី​ប្រាថ្នា​រដ្ឋាភិបាល ឬ​គណបក្ស​កាន់​អំណាច​ឡើយ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះជាតិ មិន​បាន​ការពារ​បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​នោះ​ទេ ប៉ុន្តែ​បក្ស​ប្រឆាំង​ការពារ​ច្បាប់ និង​ការពារ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ដែរ​ថា ការ​ប្រជុំ​របស់​រដ្ឋសភា​លើ​ករណី​លោក កឹម សុខា នេះ គឺ​មិន​ខុស​ពី​ករណី​លោក អ៊ុំ សំអាន កន្លង​ទៅ​ដែល​ប្រជុំ​សម្រេច​ឲ្យ​តុលាការ​ចាត់ការ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​សោះ​ឡើយ ព្រោះ​រដ្ឋធម្មនុញ្ញ មិន​អនុញ្ញាត​ឲ្យ​សភា​ប្រជុំ ដែល​មិន​មាន​កូរ៉ុម​គ្រប់គ្រាន់​ដើម្បី​អនុម័ត ឬ​មួយ​ព្យួរ​អភ័យឯកសិទ្ធិ និង​បញ្ចប់​ការ​ឃុំ​ខ្លួន​អ្នក​តំណាងរាស្ត្រ​ឡើយ។ «សំឡេង»

ដោយ​ឡែក អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ពន្យល់​ថា ការ​ប្រជុំ​វិសាមញ្ញ​លើ​ករណី​លោក កឹម សុខា នេះ គឺ​ធ្វើ​ឡើង​តាម​ប្រការ​៤១​ថ្មី នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ដែល​លោក​បាន​គូស​បញ្ជាក់​ថា ការ​អនុម័ត​ទាំងឡាយ​ត្រូវ​យក​តាម​មតិ​ភាគ​ច្រើន​ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។ ក្រៅ​ពី​នេះ មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល ឬ​៥០ភាគរយ បូក​១ ត្រូវ​ទុក​ជា​បាន​ការ វៀរលែង​តែ​មាន​ការ​កំណត់​ក្នុង​ច្បាប់​ដោយ​ឡែក។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា បើទោះបី​ជា រដ្ឋសភា​ប្រើ​ប្រការ៤១ថ្មី នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ក៏ដោយ ក៏​ខ្លឹមសារ​នេះ គឺ​យោង​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ដដែល។ លោក​បន្ត​ថា ប្រសិនបើ​យោង​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នោះ គឺ​មាន​ន័យ​ថា ការ​សម្រេច​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក កឹម សុខា នោះ លុះត្រាតែ​ដក​អភ័យឯកសិទ្ធិ​ជា​មុន​សិន ដែល​នៅ​តែ​ត្រូវ​ការ​សំឡេង ២ភាគ៣។

ទោះយ៉ាងណា លោក​បញ្ចេញ​ទស្សនៈ​ថា ប្រសិន​បើ​សភា​នៅ​តែ​អនុញ្ញាត​ឲ្យ​តុលាការ អាច​បន្ត​នីតិវិធី​បាន​ក្តី ក៏​គួរ​តែ​អនុញ្ញាត​ឲ្យ​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ ដើម្បី​បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​ទៅ​លើ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ។ «សំឡេង»

មាត្រា៨០ នៃ​រដ្ឋធម្មនុញ្ញ ចែងថា ការ​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំ​ខ្លួន​សមាជិក​ណាមួយ នៃ​រដ្ឋសភា​នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រាតែ​មាន​ការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វៀរលែង​តែ​ក្នុង​ករណី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជាក់ស្ដែង។ ករណី​នេះ ស្ថាប័ន​មានសមត្ថកិច្ច ត្រូវ​រាយការណ៍​ជូន​រដ្ឋសភា ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​​​សភា​ជា​បន្ទាន់​ដើម្បី​សម្រេច។ការ​សម្រេច​នេះ ត្រូវ​មាន​ការ​យល់ព្រម​ពី​មតិ​ភាគ​ច្រើន ២ភាគ៣ នៃ​សមាជិក​សភា​ទាំងមូល។ ចំណែក​ ការ​ឃុំ​ខ្លួន ការ​ចោទ​ប្រកាន់​តំណាងរាស្ត្រ​ណាមួយ​ត្រូវ​ផ្អាក ប្រសិនបើ​រដ្ឋសភា​បាន​បញ្ចេញ​មតិ​ឲ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន ៣ភាគ៤ នៃ​ចំនួន​សមាជិក​សភា​ទំាង​មូល។

លោក កឹម សុខា កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ​ ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាម ៗ ទាំង​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៣ កញ្ញា ក្រោម​បទ​ចោទ​របស់​រដ្ឋាភិបាល​ថា ក្បត់​ជាតិ។

ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ទាំង​គ្មាន​ដីកា​អនុញ្ញាត​ពី​តុលាការ​ទៀត​នោះ ក៏​បាន​ធ្វើ​អោយ​មេដឹកនាំ​ប្រទេស​លោក​សេរី ជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ថ្កោលទោស​ការ​ចាប់​ខ្លួន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។