លោក ហ៊ុន សែន ចែកចាយ​ឯកសារ​បំភ្លឺ​រឿង​ព្រំដែន​កម្ពុជា-​វៀតណាម

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ចែកចាយ​ឯកសារ​បំភ្លឺ​រឿង​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម ទៅ​ដល់​មន្ត្រី​របស់​ខ្លួន។

ការ​ចែកចាយ​នេះ ធ្វើ​ឡើង ២​ថ្ងៃ បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រកាស​ថា លោក​បាន​រក​ឃើញ​ផែនទី​បោន ខ្នាត ១/១០០.០០០ នៅ​អង្គការ​សហប្រជាជាតិ។

បើ​ទោះ​ជា​លោក ហ៊ុន សែន ធ្លាប់​បាន​ចេញ​មុខ​បកស្រាយ​បំភ្លឺ​ផ្ទាល់​មាត់​រឿង​ផែនទី​ព្រំដែន​កម្ពុជា-​វៀតណាម អស់​រយៈពេល​ជិត ៣​ម៉ោង​កន្លះ លើ​កញ្ចក់​ទូរទស្សន៍ កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា រួច​មក​ហើយ​ក្តី ក៏​លោក ហ៊ុន សែន នៅ​តែ​បន្ត​ចែកចាយ​នូវ​ខ្លឹមសារ​ដែល​លោក​បាន​លើក​ឡើង​រួច​ហើយ​នោះ​ទៅ​ដល់​មន្ត្រី​របស់​លោក​បន្ថែម​ទៀត។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៩ តុលា ថា ឯកសារ​ដែល​លោក ហ៊ុន សែន ចែកចាយ​នេះ ក្នុង​គោលបំណង​ផ្តល់​ការ​បំភ្លឺ​ដល់​ពលរដ្ឋ​ខ្មែរ​ជា​ទូទៅ​អំពី​រឿង​ផែនទី​ព្រំដែន​កម្ពុជា-​វៀតណាម។

ឯកសារ​បំភ្លឺ​របស់​លោក ហ៊ុន សែន មាន​ទាំង​អស់ ២៩​ទំព័រ ដែល​រៀបរាប់​អំពី​សាវតារ​នៃ​ផែនទី​ព្រំដែន​កម្ពុជា-​វៀតណាម អំពី​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម ឆ្នាំ​១៩៨៣ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ព្រមទាំង​អំពី​តម្លៃ​គតិយុត្តិ និង​ភាព​ត្រឹមត្រូវ​នៃ​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ក្នុង​ការងារ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម។

លោក ផៃ ស៊ីផាន ថ្លែង​ចាត់​ទុក​ការ​បង្ហាញ​ឯកសារ​បំភ្លឺ​របស់​លោក ហ៊ុន សែន ពេល​នេះ​ថា ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ស្អាតស្អំ និង​ភាព​ស្មោះត្រង់​របស់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​កិច្ចការ​ថែរក្សា​ការពារ​ឯករាជ្យ បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​កម្ពុជា ដែល​ប្រាសចាក​ពី​ការ​ប្រឌិត​ភូតភរ ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន បាន​កាត់ ឬ​លក់​ទឹកដី​កម្ពុជា ទៅ​ឲ្យ​វៀតណាម។

ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ប្រទេស​វៀតណាម ប្រវែង ១.២៧០​គីឡូម៉ែត្រ ហើយ​ប្រទេស​ទាំង​ពីរ​គ្រោង​បោះ​បង្គោល​ខណ្ឌសីមា​ព្រំដែន​ប្រមាណ ៣១៤​បង្គោល។ រដ្ឋាភិបាល​អះអាង​ថា រហូត​មក​ទល់​ពេល​នេះ កម្ពុជា-​វៀតណាម បាន​បោះ​បង្គោល​សម្រេច​ប្រមាណ ៨៣% រួច​ហើយ។ លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​សេចក្ដី​បំភ្លឺ​របស់​លោក​ថា រដ្ឋាភិបាល​នឹង​បន្ត​ការងារ​កំណត់ និង​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ឲ្យ​បាន​ចប់​សព្វគ្រប់។

ការ​ចែកចាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា-​វៀតណាម របស់​លោក ហ៊ុន សែន ពេល​នេះ ចំ​ពេល​ដែល​ជម្លោះ​ពាក្យ​សម្ដី​រវាង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន និង​រដ្ឋាភិបាល​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត បន្ទាប់ពី​តំណាងរាស្ត្រ​និយាយ​មិន​សំចៃ​មាត់​រូប​នេះ បាន​អះអាង​ថា គាត់​បាន​រក​ឃើញ​ផែនទី​បោន ខ្នាត ១/១០០.០០០ នៅ​អង្គការ​សហប្រជាជាតិ។

លោក អ៊ុំ សំអាន ជឿ​ជាក់​ថា ផែនទី​ដែល​គាត់​រក​ឃើញ​នោះ​ជា​ផែនទី​ដែល​បន្សល់​ទុក​ដោយ​អាណានិគម​បារាំង ហើយ​ដែល​ស្រប​ទៅ​នឹង​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា។ លោក​ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​ដើម្បី​សុំ​ខ្ចី​ផែនទី​ដែល​លោក​បាន​រក​ឃើញ​នោះ​មក​ផ្ទៀងផ្ទាត់។

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​របស់​មន្ត្រី​រដ្ឋាភិបាល​ជុំវិញ​ការ​លើក​ឡើង​របស់​លោក អ៊ុំ សំអាន បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​តុលា។ យ៉ាង​ណា​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា បាន​ចេញ​លិខិត​បំភ្លឺ​ដោយ​ចាត់​ទុក​សកម្មភាព​របស់​លោក អ៊ុំ សំអាន ថា ជា​ការ​បំពុល​បរិយាកាស បង្កប់​ដោយ​ឧបាយកល​ទុច្ចរិត ក្នុង​ការ​បំផុស​គំនិត​ជាតិ​និយម​ជ្រុល ដើម្បី​បំបែកបំបាក់​ការ​ឯកភាព​ជាតិ។ រដ្ឋាភិបាល​ក៏​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ម៉ឺងម៉ាត់​ប្រឆាំង​ទៅ​នឹង​លោក អ៊ុំ សំអាន ផង​ដែរ។

​ទោះជា​យ៉ាង​ណា សង្គម​ស៊ីវិល​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ទៅ​ស្វែង​រក​ផែន​ទី​នោះ​ដើម្បី​យក​មក​ប្រើប្រាស់​ជា​ផលប្រយោជន៍​របស់​ជាតិ​ទាំង​អស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។