លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកតំណែងអភិបាលខែត្រ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានា ដែលមិនខិតខំដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ពិសេសរឿងជម្លោះដីធ្លី។
លោកបានបន្ទោសទៅថ្នាក់ក្រោមរបស់លោកថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនោះ មើលតែតាមផែនទី និងមិនបានចុះទៅមើលផ្ទាល់ ព្រមទាំងមិនបានអនុវត្តទៅតាមអនុសាសន៍របស់គាត់ដែលបណ្ដាលឲ្យមានជម្លោះដីធ្លីនេះ។
មន្ត្រីសង្គមស៊ីវិលគាំទ្រចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះថាល្មមដល់ពេលរដ្ឋាភិបាលចាត់វិធានការដោះស្រាយដើម្បីបញ្ចប់វិបត្តិដីធ្លីនេះហើយ។
មន្ត្រីស៊ើបអង្កេតផ្នែកការពារសិទ្ធិមនុស្សជាន់ខ្ពស់នៃសមាគមអាដហុក (Adhoc) ចាត់ទុកការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកមិនដឹងអំពីបញ្ហាជម្លោះដីធ្លីកន្លងមកនោះ ថាជាកាយវិការមិនទទួលខុសត្រូវ។
ការលើកឡើងរបស់លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតអំពីបញ្ហាដីធ្លីបែបនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅវិមានសន្តិភាព ថ្ងៃទី១៨ សីហា ថា លោកមិនបានទទួលញត្តិពីប្រជាពលរដ្ឋសុំឲ្យដោះស្រាយរឿងជម្លោះដីធ្លីដែលដាក់ជូនលោកនោះទេ៖ «អ៊ីចឹងទេ! ខ្ញុំអំពាវនាវឲ្យគ្រប់ទីកន្លែងពាក់ព័ន្ធហ្នឹង ខិតខំធ្វើការ កុំស្ទក់ពេក ស្ទក់រហូតទៅដល់ចាំប្រជាពលរដ្ឋមកនាំគ្នាទៅខ្ទប់ យកទៅប៉ូលិសទៅខ្ទប់បង្វែរផ្លូវ ហើយញត្តិហ្នឹង ខ្ញុំសូមជម្រាបប្រជាពលរដ្ឋថា ញត្តិហ្នឹងមិនបានមកដល់ខ្ញុំទេ»។
អនុប្រធានអង្កេតសមាគមអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា មិនទទួលញត្តិរបស់ប្រជាពលរដ្ឋនោះ គឺជាការមិនទទួលខុសត្រូវទៅវិញទេ ពីព្រោះថា ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកន្លងមក ពួកគាត់នាំគ្នាយកញត្តិមកដល់ខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី។
យ៉ាងនេះក្ដី លោក ចាន់ សុវ៉េត លើកឡើងថា លោកនាយករដ្ឋមន្ត្រីល្មមដោះស្រាយពីបញ្ហាជម្លោះដីធ្លីនេះហើយ។ លោក ចាន់ សុវ៉េត គាំទ្រលោក ហ៊ុន សែន ចំពោះការព្រមានដកមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន និងជំរុញឲ្យខំធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនោះ៖ «មានភាពមិនសុខចិត្ត ឬភាពអយុត្តិធម៌ផ្សេងៗហ្នឹងនាំគ្នាមកដាក់នៅខុទ្ទកាល័យសម្ដេច រឿងអីសម្ដេចមិនដឹង? អាហ្នឹងទី១ ហើយទី២ សមាគមអាដហុកយើងក៏បានធ្វើសិក្ខាសាលាដែរ ដើម្បីដាក់ពាក្យបណ្ដឹងជាង ១០០ យកទៅដាក់នៅស្ថាប័នផ្សេងៗ នៅមន្ត្រីរដ្ឋាភិបាល និងទី៣ វិទ្យុអាស៊ីសេរីនេះ ជាវិទ្យុដ៏ល្បីល្បាញជាងគេនេះ ក៏ផ្សព្វផ្សាយអំពីបញ្ហាអយុត្តិធម៌ផ្សេងៗ ដែលឮដល់មន្ត្រីរដ្ឋាភិបាលទាំងនោះ រឿងអីដែលថារដ្ឋាភិបាលមិនដឹងនោះ?»។
លោក ហ៊ុន សែន ក៏ព្រមានដល់ប្រជាពលរដ្ឋមួយក្រុមទៀត ដែលលោកចាត់ទុកថា ប្រជាពលរដ្ឋទាំងនោះគ្មានដីពិតប្រាដកទេ ក៏ធ្វើការទាមទារដែរ ព្រោះបើបើទាមទារឈ្នះបានដី ចាញ់បានលុយ។ លោកបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋទាំងនេះ បើដាក់ពាក្យស្នើសុំឲ្យបានច្បាស់លាស់ រដ្ឋាភិបាលនឹងផ្ដល់ដីសង្គមកិច្ចជូន។
ក្រៅពីនេះ លោក ហ៊ុន សែន បន្ទោសទៅមន្ត្រីថ្នាក់ក្រោម និងក្រុមហ៊ុនថា មូលហេតុដែលបង្កឲ្យមានជម្លោះដីធ្លីនេះ ដោយសារតែមិនព្រមអនុវត្តតាមអនុសាសន៍របស់លោក គោលនយោបាយស្បែកខ្លា។ នៅក្នុងពិធីនោះ លោក ហ៊ុន សែន ក៏បានសាកសួរអភិបាលខែត្រក្រចេះ លោក ស ចំរុង អំពីបញ្ហាជម្លោះដីធ្លីនៅខែត្រក្រចេះ ដែរ ដែលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋនាំគ្នាឡើងមកតវ៉ានៅភ្នំពេញនោះ។
ទន្ទឹមនឹងនេះ លោក ហ៊ុន សែន បែរជាសរសើរគណបក្សប្រឆាំងផងដែរ ក្នុងការពារប្រជាពលរដ្ឋនោះ។ លោក ហ៊ុន សែន ព្រមានដកតួនាទី ប្រសិនបើមន្ត្រីទាំងនោះធ្វើការមិនមានប្រសិទ្ធភាពទេនោះ៖ «យូរៗទៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដដែល។ ឥឡូវខ្ញុំត្រូវតាមមើល តាមមើលតែម្ដង។ បានហើយ! បើធ្វើមិនកើតត្រូវលាលែង លាលែង ប្រាប់ថា ការងារហ្នឹងខ្ញុំធ្វើមិនកើតទេ ការងារនោះធ្ងន់ណាស់ ខ្ញុំជូនតាមសំណើតែម្ដង។ ធ្វើរដ្ឋមន្ត្រី ធ្វើប្រធានស្ថាប័ន ធ្វើអភិបាលខែត្រ មិនព្រមដោះស្រាយបញ្ហា ហើយមកដល់ភ្នំពេញ ហើយមិនព្រមដោះស្រាយទៅទៀត»។
លោក ចាន់ សុវ៉េត បដិសេធប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលើកឡើងថា ប្រជាពលរដ្ឋមួយចំនួនគ្មានដីហើយធ្វើការតវ៉ា បើឈ្នះបានដី ចាញ់បានលុយនោះ។ លោកសង្កត់ធ្ងន់ថា មន្ត្រីថ្នាក់ក្រោមមួយចំនួនក៏បន្លំរបាយការណ៍ផ្ញើជូនលោកនាយករដ្ឋមន្ត្រី និងប្រព្រឹត្តអំពើពុករលួយក្នុងករណីជម្លោះដីធ្លីនេះ។
លោក ចាន់ សុវ៉េត បង្ហាញរបាយការណ៍ ៦ខែ ដើមឆ្នាំ២០១៤ បញ្ហាជម្លោះដីធ្លីមានជាង ១០០ករណី និងមានប្រជាពលរដ្ឋចំនួន ៩៥នាក់ ជាប់បណ្ដឹងនៅតុលាការ ក្នុងនោះមានជាប់ពន្ធនាគារនៅឡើយ និងមួយចំនួនទៀត ត្រូវបានតុលាការដោះលែងវិញជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។