ក្នុងឱកាសបញ្ចេញថ្វីមាត់អួតអាងរបស់អ្នកនយោបាយនេះ ក៏ជាឱកាសប្រាំឆ្នាំម្តងរបស់ពលរដ្ឋជាម្ចាស់ឆ្នោត ក្នុងការសម្រេចចិត្តដោយប្រុងប្រយ័ត្នជ្រើសរើសមេដឹកនាំ ឬគណបក្សនយោបាយដែលលោកយល់ថា អាចជួយលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនបាន។
តើហេតុដូចម្តេចបានជាឆ្នោតមួយសន្លឹកមានសារៈសំខាន់ ហើយវាអាចជះឥទ្ធិពលយ៉ាងណាខ្លះដល់សង្គមជាតិ?
ប្រការដែលពលរដ្ឋម្នាក់ៗអាចបញ្ចេញសំឡេង និងមានសិទ្ធិអំណាចក្នុងការជ្រើសរើសមេដឹកនាំ គឺជាសិទ្ធិពិសេសមួយដែលមិនអាចកាត់ថ្លៃបាន។ ឆ្នោតមួយសន្លឹកមានឥទ្ធិពលខ្លាំងណាស់ទៅលើអ្នកនយោបាយ។ ឆ្នោតមួយសន្លឹករួមផ្តុំច្រើនគ្នា បើបោះត្រូវអាចធ្វើឲ្យសង្គមមានការប្រែប្រួលឈានទៅរកការអភិវឌ្ឍល្អត្រឹមត្រូវ សមស្របតាមសង្គមប្រជាធិបតេយ្យ ដែលចាត់ទុកពលរដ្ឋជាធំជាម្ចាស់ប្រទេសជាតិ។ បន្ថែមពីនេះ ពលរដ្ឋម្ចាស់ឆ្នោតនឹងអាចទទួលបានផលប្រយោជន៍ពីគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាលដែលខ្លួនបោះឆ្នោតជ្រើសរើស។
ម្ចាស់ឆ្នោតម្នាក់ៗដើម្បីអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព គេត្រូវយល់ដឹង និងសិក្សាឲ្យបានច្រើនពីគោលនយោបាយ និងបេក្ខជនតំណាងរាស្ត្រដែលឈរឈ្មោះសម្រាប់គណបក្សនោះ។ ពលរដ្ឋ គឺជាម្ចាស់ប្រទេសជាតិ ហើយវាសនារបស់ប្រជាជាតិ គឺអាស្រ័យលើការគ្រប់គ្រងរបស់មេដឹកនាំដែលយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ ផ្តល់អាទិភាពផ្នែកសេវាសុខភាព បង្កើនគុណភាពអប់រំ បង្កើតអោយមានការងារធ្វើ រក្សា និងការពារអធិបតីភាព និងបូរណភាពទឹកដី ជាដើម។ អាស្រ័យហេតុនេះ ពលរដ្ឋម្នាក់ៗដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវឆ្លៀតពេលទៅបោះឆ្នោត ពីព្រោះការចូលរួមជ្រើសមេដឹកនាំ ជាករណីកិច្ចរបស់ពលរដ្ឋ ហើយគួរមានមោទនភាពថា ខ្លួនបានចូលរួមធ្វើការសម្រេចចិត្តជ្រើសរើសភ្នាក់ងារ ឬតំណាងខ្លួនតាមរយៈការបោះឆ្នោតរៀងរាល់ ៥ឆ្នាំម្តង។
អ្នកវិភាគនយោបាយឯករាជ្យមួយរូប លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា ពលរដ្ឋម្ចាស់ឆ្នោត ទោះបីជាជួបឧបសគ្គ ឬរវល់យ៉ាងណាក៏ដោយ ត្រូវស្វែងរកទីកន្លែងបោះឆ្នោតឲ្យបានដឹងជាមុន ដើម្បីអនុវត្តតួនាទី និងអំណាចរបស់ខ្លួនជាពលរដ្ឋល្អម្នាក់ក្នុងសង្គម នៅថ្ងៃបោះឆ្នោត៖ «ជាដំបូង ម្នាក់ៗត្រូវយល់ដឹងថា ខ្លួនជាម្ចាស់ប្រទេសយើង ទ្រព្យសម្បត្តិធម្មជាតិនៅលើដីទាំងប៉ុន្មាន គឺជារបស់យើង។ វាសនារបស់យើងទៅមុខរីកចម្រើន សុខសាន្តនោះ គឺអាស្រ័យលើការគ្រប់គ្រងប្រទេសហ្នឹង។ សំខាន់បំផុត ថ្ងៃហ្នឹងយើងមានអំណាចពេញលេញក្នុងការជ្រើសរើសភ្នាក់ងារតំណាងយើង អ្នកបម្រើយើង អ្នកគ្រប់គ្រងប្រទេសជួសយើង។ ថ្ងៃបោះឆ្នោតហ្នឹង គឺជាថ្ងៃដែលយើងអាចប្រើប្រាស់អំណាចរបស់យើង ដោយសេរី តាមឆន្ទៈរបស់យើង»។
មន្ត្រីឃ្លាំមើលការបោះឆ្នោតកម្ពុជា អោយដឹងថា ទម្លាប់របស់អ្នកនយោបាយខ្មែរដែលតែងតែធ្វើអាជីវកម្មលើប្រជាពលរដ្ឋ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន គួរត្រូវបានផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររៀងរាល់ ៥ឆ្នាំម្តង។ ប្រការដែលម្ចាស់ឆ្នោតប្រើអំណាចរបស់ខ្លួនតម្រូវឲ្យមេដឹកនាំ ឬអ្នកតំណាងរាស្ត្រទទួលខុសត្រូវនូវទង្វើអសកម្ម ឬមិនល្អរបស់ពួកគេ គឺជាវិធីមួយដ៏ល្អបំផុតដែលចាប់បង្ខំឲ្យពួកគេបម្រើផលប្រយោជន៍ប្រជារាស្ត្រជាធំ។
ពាក់ព័ន្ធនឹងការបោះឆ្នោតសកលនៅខែកក្កដា ខាងមុខនេះ នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា អំពាវនាវឲ្យពលរដ្ឋគ្រប់ៗគ្នាទៅបោះឆ្នោត និងមានភាពឈ្លាសវៃជ្រើសរើសបេក្ខជនណាដែលគិតគូរពីការអភិវឌ្ឍប្រទេសជាតិ៖ «ប្រជាពលរដ្ឋកម្ពុជា ត្រូវទៅបោះឆ្នោត ត្រូវតែធ្វើជាម្ចាស់ឆ្នោតនៃអំណាចរបស់ប្រទេសហ្នឹង ជាម្ចាស់ឆ្នោត ជាតំណាងប្រទេសហ្នឹង។ ត្រូវខិតខំតស៊ូ ពីព្រោះថារឿងបញ្ហាតែងតែជួបប្រទះ ប៉ុន្តែអ្នកបោះឆ្នោតត្រូវជឿជាក់ថា យើងជាម្ចាស់ទៅបោះឆ្នោត ហើយការិយាល័យបោះឆ្នោតជាការសម្ងាត់ គ្មានរណាដឹង ហើយអាចសម្រេចតាមឆន្ទៈរបស់យើង។ ត្រូវយកចិត្តទុកដាក់តាមដានព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ អំពីគោលនយោបាយរបស់គណបក្សផ្សេងៗ ដែលគេបានផ្សព្វផ្សាយមកនេះ ហើយបើយើងពេញចិត្តគណបក្សណា យើងបោះឆ្នោតឲ្យគណបក្សហ្នឹង»។
អាជីវករម្នាក់លក់ដូរនៅផ្សារកំពត សុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា អ្នកស្រីតែងតែទៅបោះឆ្នោតមិនដែលអាក់ខានឡើយ ពីព្រោះយល់ច្បាស់អំពីសារៈសំខាន់នៃតួនាទីរបស់តំណាងរាស្ត្រ ដែលយកចិត្តទុកដាក់គិតគូរស្ថានភាពរស់នៅរបស់ពលរដ្ឋ៖ «ខ្ញុំយល់ឃើញថា ការបោះឆ្នោតសំខាន់ណាស់ បើមិនសំខាន់មិនទៅបោះឆ្នោតទេ។ ហេតុដែលថាសំខាន់ ពីព្រោះគណបក្សមួយណា ដូចថាកាន់កាប់ប្រជាពលរដ្ឋបានល្អ មិនប្រើអំពើហិង្សា ឬមិនជិះជាន់ពលរដ្ឋអ៊ីចឹង គឺវាល្អដែរ យើងពលរដ្ឋបានសុខសាន្តដែរ។ បើសិនក្នុងប្រទេសខ្មែរយើង បើវាលំបាក យើងក៏លំបាកដែរ ដូចជំនាន់ ប៉ុល ពត វេទនាបែកបាក់បងប្អូន ខ្ញុំបែកបាក់ម្តាយខ្ញុំដែរ»។
ចាប់តាំងពីឆ្នាំ១៩៩៣ មក កម្ពុជា មានប្រព័ន្ធបោះឆ្នោតសភានិយម មានន័យថា ប្រជាពលរដ្ឋប្រើសិទ្ធិបោះឆ្នោតរបស់ខ្លួនជ្រើសតាំងតំណាងរាស្ត្រតាមរយៈការបោះឆ្នោតអោយគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ បេក្ខជនតំណាងរាស្ត្រដែលជាប់ឆ្នោតក្នុងបញ្ជីរបស់បក្ស នឹងក្លាយជាតំណាងរាស្ត្រ ឬសមាជិករដ្ឋសភា។ តាមច្បាប់បោះឆ្នោត គណបក្សនយោបាយណាដែលទទួលបានសន្លឹកឆ្នោតច្រើនជាងគេ មានសិទ្ធិរៀបចំគណៈរដ្ឋមន្ត្រី ឬរដ្ឋាភិបាលតែឯង ឬអាចបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សណាដែលទទួលបានសន្លឹកឆ្នោតតិចជាងខ្លួន តាមនយោបាយស្រុះស្រួលគ្នា។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា មានប្រសាសន៍ថា ច្បាប់នៅក្នុងប្រទេសកម្ពុជា ការបោះឆ្នោត គឺជាការស្ម័គ្រចិត្ត ហើយពុំមានច្បាប់ណាបង្ខំឲ្យពលរដ្ឋទៅបោះឆ្នោតឡើយ៖ «សន្លឹកឆ្នោតមានសារៈសំខាន់ណាស់ ព្រោះថាកាលណាគាត់គូសសម្រេចហើយ គឺជាសំឡេងរបស់គាត់មួយ។ ហើយសំឡេងនេះនឹងត្រូវផ្ទេរទៅជាលទ្ធផលនៃការបោះឆ្នោតដែលយើងអាចនិយាយថា ទៅជាអាសនៈ។ ដូចនេះ កាលណាសំឡេងគាំទ្រច្រើន ហើយយើងបញ្ចូលសំឡេងទាំងអស់នេះទៅជារូបមន្តនៃការបែងចែកអាសនៈ សំឡេងប្រែក្លាយទៅជាអាសនៈសម្រាប់អ្នកជាប់ឆ្នោត។ សន្លឹកឆ្នោតមានសារៈសំខាន់ណាស់ដែលតម្រូវឲ្យពលរដ្ឋទៅបោះឆ្នោត ត្រូវគិតគូរសម្រេចជាមុន ដើម្បីជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត»។
អាស្រ័យហេតុនេះ អ្នកបោះឆ្នោតមានតួនាទី និងការទទួលខុសត្រូវសំខាន់ណាស់ក្នុងនាមជាពលរដ្ឋម្នាក់ ដើម្បីជំរុញឲ្យប្រទេសជាតិ ក្លាយជាសង្គមមួយជឿនលឿន មានយុត្តិធម៌ សេរី និងប្រជាធិបតេយ្យ។ ប្រការដែលពលរដ្ឋគ្រប់ៗគ្នាចេះប្រើតួនាទីរបស់ខ្លួនឲ្យមានប្រសិទ្ធភាព គឺជាការសម្រេចចិត្តពិសេសមួយដែលអាចជំរុញឲ្យអ្នកនយោបាយផ្ដល់តម្លៃពិតប្រាកដដល់ម្ចាស់ឆ្នោត និងទទួលខុសត្រូវខ្ពស់នូវការអនុវត្តតួនាទីរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។