អ្នកសង្កេតការណ៍បោះឆ្នោតមកពីគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលនៅខែត្រស្ទឹងត្រែង រកឃើញថា ជនជាតិដើមភាគតិចបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ច្រើនជាងអាណត្តិមុនៗ។ បញ្ហានេះ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ជាសញ្ញាបង្ហាញពីការយល់ដឹងច្រើនពីសារសំខាន់នៃការបោះឆ្នោតរបស់ជនជាតិដើមភាគតិចនៅខែត្រភាគឦសាននេះ។
អ្នកឃ្លាំមើលការបោះឆ្នោតមកពីគណបក្សសង្គ្រោះជាតិ នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី៤ មិថុនា ថា ការិយាល័យចំនួន៤ នៅឃុំសំអាង មានពលរដ្ឋបោះឆ្នោតចំនួនជាង ៨០ភាគរយក្នុងចំណោមពលរដ្ឋប្រមាណជាង ២ពាន់នាក់ (២.០៤៤នាក់)។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល យល់ថា ជនជាតិដើមភាគតិច និងពលរដ្ឋនៅខែត្រស្ទឹងត្រែង មានការយល់ដឹងច្រើនពីសារប្រយោជន៍នៃការបោះឆ្នោត។ លោករំពឹងថា សន្លឹកឆ្នោតរបស់ពលរដ្ឋ នឹងធ្វើឲ្យពួកគេមានជីវភាពប្រសើរជាងមុន៖ « ព្រោះពីមុនគាត់មិនសូវចាប់អារម្មណ៍ តែឥឡូវគាត់ចាប់អារម្មណ៍ដោយសារធនធានធម្មជាតិក៏ដោយ ការអភិវឌ្ឍភូមិឃុំក៏ដោយ នៅមានកម្រិតទាបណាស់ » ។
ជនជាតិដើមភាគតិចកួយ រស់នៅឃុំសំអាង លោក ច័ន្ទ យឹម សង្ឃឹមថា សន្លឹកឆ្នោតរបស់លោកមួយសន្លឹក នឹងជ្រើសរើសមេឃុំមានលក្ខណៈសម្បត្តិល្អ ជាពិសេសសង្គ្រោះធនធានធម្មជាតិដែលកំពុងគំរាមកំហែងធ្ងន់ធ្ងរ។ លោកថា ក្រុមគ្រួសារលោកបាននាំគ្នាទៅបោះឆ្នោតបានគ្រប់គ្នា និងត្រៀមជាស្រេចក្នុងការជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន៖ « សារសំខាន់បោះឆ្នោត គឺជាអាយុជីវិតរបស់ខ្លួន។ បើយើងមិនបោះឆ្នោត ក៏យើងមិនអាចទទួលស្គាល់ប្រទេសជាតិទាំងមូលដែរ។ ការបោះឆ្នោតជាការទាមទារសិទ្ធិសេរីភាព » ។
បេក្ខជនលេខរៀងទី១ មកពីគណបក្សសង្គ្រោះជាតិ នៅឃុំសំអាង លោក ឆន ចាន់វាសនា សង្ឃឹមថា គណបក្សសង្គ្រោះជាតិ នឹងទទួលបានជ័យជម្នះនៅអាណត្តិនេះ ខណៈមានពលរដ្ឋចំណូលស្រុក និងជនជាតិដើមភាគតិចមួយចំនួនធំ បានជ្រាបច្បាស់ពីចំណុចខ្សោយក្នុងការដឹកនាំរបស់មេឃុំមកពីគណបក្សប្រជាជនកម្ពុជា ជាពិសេសពួកគេឈឺចាប់រឿងបាត់បង់ធនធានធម្មជាតិ និងផលប៉ះពាល់អវិជ្ជមានដោយសារអាកាសធាតុ។ បញ្ហានេះ គឺជាផ្នែកមួយនាំឲ្យពលរដ្ឋភាគច្រើនងាកមកគាំទ្រគណបក្សសង្គ្រោះជាតិ។ លោកថា ពលរដ្ឋមួយចំនួនបានអស់ជំនឿលើការដឹកនាំមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ដោយសារមេឃុំពុំសូវយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើ និងការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋមានភាពចន្លោះប្រហោងច្រើន៖ « ប្រជាពលរដ្ឋពេលខ្លះគាត់បង្កើតសហគមន៍។ គាត់បានផ្ដិតមេដៃឲ្យប្រធានសហគមន៍ដីកាន់តែកាប់ គាត់ខកចិត្តយ៉ាងខ្លាំង » ។
ឆ្លើយតបរឿងនេះ មេឃុំសំអាង មកពីគណបក្សប្រជាជនកម្ពុជា លោក ញៀន ផុន បញ្ជាក់ថា លោកពុំអាចសន្និដ្ឋានថាយ៉ាងណានោះទេចំពោះលទ្ធផលបោះឆ្នោត។ តែយ៉ាងណា លោកថាក្នុងអាណត្តិដែលលោកជាប់ឆ្នោត លោកបានប្រឹងប្រែងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់ និងបម្រើសេវាសាធារណៈដល់ពលរដ្ឋដោយមិនរើសអើង៖ « ខ្ញុំមិនចេះនិយាយទេ សន្និដ្ឋានមិនបានទេ » ។
តួលេខរបស់គណៈកម្មការឃុំរៀបចំការបោះឆ្នោតខែត្រស្ទឹងត្រែង បង្ហាញថា ពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឃុំសំអាង មានចំនួន ២.០៤៤នាក់។
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខែត្រស្ទឹងត្រែង លោក ពុយ ចាន់ថាឡាក់ ឲ្យដឹងថា នៅខែត្រស្ទឹងត្រែង គិតចាប់ពីម៉ោង ២រសៀលថ្ងៃទី៤ មិថុនា ពលរដ្ឋជាង ៨០ភាគរយបានទៅបោះឆ្នោតក្នុងចំណោមពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួនជាង ៨ម៉ឺននាក់។ លោកកត់សម្គាល់ថា ពលរដ្ឋដែលចុះឈ្មោះពុំមានអត្តសញ្ញាណប័ណ្ណ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបំពេញទម្រង់បែបបទដែល គ.ជ.ប កំណត់ធ្វើលិខិតបម្រើឲ្យការបោះឆ្នោតបានមួយចំនួន។ លោកបន្ថែមថា លទ្ធផលបោះឆ្នោតបឋមនៅខែត្រស្ទឹងត្រែង គ.ជ.ប លោកពុំទាន់ប្រកាសបណ្ដោះអាសន្ននៅថ្ងៃទី៤ មិថុនា បានទេ ខណៈមានឃុំមួយចំនួននៅតំបន់ដាច់ស្រយាលឆ្ងាយៗ លំបាកធ្វើដំណើរ ហេតុនេះអាចនឹងប្រកាសបណ្ដោះអាសន្ននៅថ្ងៃទី៥ មិថុនា ហើយការិយាល័យមួយចំនួននៅក្រុងស្ទឹងត្រែង កំពុងរាប់សន្លឹកឆ្នោតបណ្ដើរៗ៖ « ម៉ោង ២កន្លះរសៀលឲ្យបញ្ចប់លើឯកសារ ២០១៦ ដើម្បីឲ្យគាត់បានបោះ។ ខ្ញុំមានការមិនរំពឹងថា ក្នុងកម្រិតណាមួយដែរទេ ដោយសារព័ត៌មានវាឆាប់ពេក។ បើសិន គ . ជ . ប គិតមុនបានមួយអាទិត្យទៅល្អ » ។
នៅខែត្រស្ទឹងត្រែង មានឃុំ-សង្កាត់ចំនួន៣៦ និងការិយាល័យបោះឆ្នោតចំនួន២០៧ និងមានគណបក្សនយោបាយចំនួន៤ ដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។