សមាជិករដ្ឋសភាសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា (California) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) អះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងកៀរគរការគាំទ្រពីសហភាពអឺរ៉ុប និងជប៉ុន ជាដើម ដើម្បីដាក់ទណ្ឌកម្មបន្ថែមប្រឆាំងរដ្ឋាភិបាលភ្នំពេញ ដែលកំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងធ្វើទុក្ខបុកម្នេញបក្សប្រឆាំង។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ និងលោក អាឡាន់ ឡូវែនថល ជុំវិញវិធានការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីដាក់គំនាបដល់លោក ហ៊ុន សែន ដូចតទៅ៖
លោក អាឡាន់ ឡូវែនថល ជាសមាជិករដ្ឋសភាសហព័ន្ធពីខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។ លោកបានកើត និងធំដឹងក្ដីនៅក្នុងទីក្រុងឃ្វីន (Queens) នៃរដ្ឋញូវយ៉ក (New York) ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅពីមហាវិទ្យាល័យហូបាត (Hobart) ហើយរៀនរហូតដល់បញ្ចប់ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ អូហៃយ៉ូ (Ohio State University)។
លោកបានផ្លាស់ទៅរស់នៅទីក្រុងឡុងប៊ិច (Long Beach) នៅឆ្នាំ១៩៦៩ ហើយធ្វើជាសាស្ត្រាចារ្យខាងផ្នែកចិត្តវិទ្យា នៅសាកលវិទ្យាល័យសហគមន៍មួយនៅទីនោះ។ នៅឆ្នាំ១៩៩២ លោកបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុងឡុងប៊ិច ហើយបន្តឈ្នះឆ្នោតធ្វើជាសមាជិករដ្ឋសភានៅឆ្នាំ១៩៩៨ រហូតមកទល់សព្វថ្ងៃនេះ។ រដ្ឋកាលីហ្វ័រញ៉ា ជារដ្ឋមួយដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេលំដាប់ទី១ ក្នុងសហរដ្ឋអាមេរិក។
ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងយុទ្ធនាការតស៊ូមតិ ដើម្បីហាមប្រាមមិនអោយមានការប្រើប្រាស់កាំភ្លើង លោកក៏ជាជើងឯកក្នុងការតស៊ូមតិបង្កើតសេចក្ដីសម្រេចចិត្តលេខ ៧២៨ ស្ដីពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា ហើយបានឈានដល់ការអនុម័តសេចក្ដីសម្រេចចិត្តនេះ កាលពីខែកញ្ញា ឆ្នាំ២០១៦។
សេចក្ដីសម្រេចចិត្តលេខ ៧២៨ គឺទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន គោរពសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការធ្វើបាតុកម្ម និងបញ្ចប់ការវាយប្រហារខាងផ្នែកនយោបាយទៅលើក្រុមមេដឹកនាំបក្សប្រឆាំង។ ជាងនេះទៅទៀត លោក អាឡាន់ ឡូវែនថល និងតំណាងរាស្ត្រអាមេរិកាំង មួយរូបទៀត គឺលោក ស្ទីវ ឆាបុត (Steve Chabot) បានបង្កើតក្រុមទំនាក់ទំនងដើម្បីកម្ពុជា (Cambodia Caucus) កាលពីខែមីនា ឆ្នាំ២០១៦។
ក្រុមទំនាក់ទំនងដើម្បីកម្ពុជា គឺយុទ្ធសាស្ត្រមួយរបស់ក្រុមតំណាងរាស្ត្រអាមេរិក ទាំងនេះសម្រាប់នាំយកមតិរបស់ពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិក ដាក់ជូនរដ្ឋសភាអាមេរិក ទាំងមូលដើម្បីអនុម័តនូវគោលនយោបាយនានា សម្រាប់ផលប្រយោជន៍នៃសហគមន៍ខ្មែរ៕
ទស្សនាវីដេអូ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។