លោក ប៊្រែដ អាដាម៖ លោក ហ៊ុន សែន បង្កើត​វិបត្តិ​នយោបាយ​ដោយ​ចាប់​មនុស្ស​បក្ស​ប្រឆាំង

0:00 / 0:00

សហគមន៍​ជាតិ និង​អន្តរជាតិ រួម​ទាំង​អង្គការ​សិទ្ធិ​មនុស្ស​សហប្រជាជាតិ ផង សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជាពិសេស​រលក​នៃ​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​នូវ​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នា​ពេល​ចុង​ក្រោយ​នេះ។

លោក ជី វិតា៖ មួយ​រយៈពេល​កន្លង​មក​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​ក្រម​ព្រហ្មទណ្ឌ ដើម្បី​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​មនុស្ស​ដាក់​ពន្ធនាគារ​កាន់​តែ​ច្រើន​ឡើងៗ ដោយ​មិន​ខ្វាយខ្វល់​ពី​ការ​រិះគន់​អ្វី​ទាំងអស់ ដូចជា​ការ​ចាប់​ចុង​ក្រោយ​នេះ មាន​ករណី​មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប​ពី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​អគ្គលេខាធិការ​រង គ.ជ.ប ១​រូប ព្រម​ទាំង​ករណី​អ្នក​តំណាង​រាស្ត្រ អ៊ុំ សំអាន និង​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ។ តើ​លោក​យល់​ឃើញ​យ៉ាង​ណា​ដែរ?

លោក ប្រ៊ែដ អាដាម៖ នៅ​ក្រោម​ច្បាប់​អន្តរជាតិ អំពើ​នោះ​មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​ឡើយ។ អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ គឺ​បង្វែរ​សេរីភាព​សម្ដែង​មតិ​ទៅ​ជា​បទល្មើស​ព្រហ្មទណ្ឌ នៅ​ពេល​ណា​ទស្សនៈ​ទាំង​នោះ​ផ្ទុយ​ពី​រដ្ឋាភិបាល។ ចូរ​អនុញ្ញាត​ឲ្យ​ខ្ញុំ​រំឭក​ជូន​ព្រះរាជអាជ្ញា​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើន​ដង​ណាស់ បាន​ញុះញង់​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា។ ខ្ញុំ​មិន​ដែល​ឃើញ​ព្រះរាជអាជ្ញា​និយាយ​ថា លោក ហ៊ុន សែន ធ្វើ​ខុស​ច្បាប់ ឬ​ស្នើ​ឲ្យ​រដ្ឋសភា​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក ហ៊ុន សែន ឡើយ។ ជាច្រើន​លើក​ច្រើនសា​ហើយ​ដែល​លោក ហ៊ុន សែន អំពាវនាវ និង​គំរាម​ឲ្យ​មាន​អំពើ​ហិង្សា​ប្រឆាំង​បក្ស​ប្រឆាំង។ គាត់​បញ្ជា​ឲ្យ​មាន​ហិង្សា​នោះ​ជាច្រើន​ឆ្នាំ​មក​ហើយ ដូចជា​ហិង្សា​ប្រឆាំង​លោក សម រង្ស៊ី និង​ឲ្យ​មាន​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ ជាដើម។ ដូច្នេះ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​ព្រះរាជអាជ្ញា​ថា នៅ​ស្ងៀម​ទៅ​ប្រហែល​ជា​ល្អ​ជាង​ហើប​មាត់​របស់​លោក​និយាយ​ឲ្យ​ខ្មាស​គេ ដូចជា​អះអាង​ថា សមាជិក​បក្ស​ប្រឆាំង​ជា​អ្នក​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ជាដើម។ ដោយ​ផ្អែក​ក្រោម​ច្បាប់​អន្តរជាតិ និង​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ផង ពួក​គេ​វា​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដូច​ចោទ​នោះ​ទេ។ បើ​ចង់​និយាយ​ពី​អំពើ​ញុះញង់​ឲ្យ​មាន​ហិង្សា​មែន​ទែន​នោះ ព្រះរាជអាជ្ញា​ត្រូវ​ចាប់​ផ្តើម​ពិនិត្យ​មើល​ទង្វើ​របស់​មន្ត្រី​រដ្ឋាភិបាល។

​ក្មេងៗ​ជំនាន់​ក្រោយ ពួក​គេ​មិន​មាន​ការ​ចងចាំ​អំពី​របប​ខ្មែរ​ក្រហម និង​វត្តមាន​កងទ័ព​វៀតណាម នៅ​លើ​ទឹក​ដី​កម្ពុជា ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​បាន​ជួយ​ឲ្យ​លោក ហ៊ុន សែន ឡើង​កាន់​អំណាច​នោះ​ឡើយ។ យុវជន​ទាំង​នោះ ធ្វើ​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​ផ្អែក​លើ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ ចំពោះ​មុខ​ពួក​គេ ហើយ​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​មុខ​ពួក​គេ គឺ​លោក ហ៊ុន សែន កំពុង​ដឹក​នាំ​តាម​បែប​ផ្ដាច់ការ។ នេះ​ជា​ការ​ថ្លែង​របស់​លោក ប៊្រែដ អាដាម។

លោក ជី វិតា៖ តើ​លោក​គិត​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ចង់​ធ្វើ​អ្វី?

លោក ប្រ៊ែដ អាដាម៖ ខ្ញុំ​គិត​ថា លោក ហ៊ុន សែន កំពុង​បង្កើត​វិបត្តិ​នយោបាយ​តាម​រយៈ​បន្ត​ចាប់​ខ្លួន​មនុស្ស​បក្ស​ប្រឆាំង​ដាក់​គុក ដែល​លោក​មិន​ចាំបាច់​ត្រូវ​ធ្វើ​ព្យុះ​ភ្លៀង​បែប​នេះ​ឡើយ។ នៅ​សល់​ពេល​ពាក់​កណ្ដាល​អាណត្តិ​ទៀត​ប៉ុណ្ណោះ ដល់​ពេល​បោះឆ្នោត​អាណត្តិ​ថ្មី​ហើយ ហើយ​បើ​តាម​សភាពការណ៍​បច្ចុប្បន្ន វា​គ្មាន​អ្វី​ធ្វើ​ឲ្យ​លោក​ភិតភ័យ​ព្រួយ​បារម្ភ​ខ្លាំង​ដូច្នេះ​ទេ។ អ្វីៗ​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហើយ​ក៏​គ្មាន​នរណា​ម្នាក់​គំរាម​ដល់​ការ​គ្រប់គ្រង​របស់​គាត់​ដែរ។ ខ្ញុំ​ជឿ​ថា លោក ហ៊ុន សែន កំពុង​ព្រួយ​បារម្ភ​អំពី​សហគមន៍​អន្តរជាតិ​កំពុង​មើល​ឃើញ​ថា គាត់​កំពុង​ដឹក​នាំ​ប្រទេស​តាម​របប​ផ្តាច់​ការ​និយម។ បើ​ទោះ​ជា​គាត់​កំពុង​បារម្ភ​ពី​ការ​បាត់បង់​ភាព​ស្រប​ច្បាប់​របស់​គាត់​ពី​ឆាក​អន្តរជាតិ​ក៏ដោយ ក៏​ស្រប​ពេល​គ្នា​នេះ គាត់​ក៏​កំពុង​បង្ក​ទុក្ខ​វេទនា​ដល់​ប្រជាជន​ខ្លួន​ឯង។ ប្រជាពលរដ្ឋ​កម្ពុជា គ្រាន់​តែ​សម្ដែង​ការ​យល់​ឃើញ​តាម​បែប​ប្រជាជន​រស់នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ដោយ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​ទេ។

លោក ជី វិតា៖ បើ​ទោះ​ជា​មាន​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ជាច្រើន​ពី​សហគមន៍​អន្តរជាតិ ថ្កោលទោស​ការ​ចាប់​អ្នក​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិ​មនុស្ស​ដាក់​គុក​ក៏ដោយ រលក​នៃ​ការ​ចាប់​ខ្លួន និង​គំរាម​ចាប់​ខ្លួន​នៅ​តែ​បន្ត។ តើ​មាន​អ្វី​ដែល​អាច​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​សកម្មភាព​ទាំង​នេះ?

លោក ប្រ៊ែដ អាដាម៖ តាម​ការ​ទស្សន៍ទាយ​របស់​ខ្ញុំ គឺ​ថា​ប្រជាជន​កម្ពុជា នឹង​កាន់​តែ​ឆ្អែតឆ្អន់​ចំពោះ​ទង្វើ​បែប​នេះ ពីព្រោះ​ពួក​គេ​ចង់​បាន​សេរីភាព និង​ការ​គោរព​សិទ្ធិ។ ពួក​គេ​ធុញទ្រាន់​នឹង​ជម្លោះ​នយោបាយ។ ខ្ញុំ​គិត​ថា អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រព្រឹត្ត​នេះ នឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​មួយ​នេះ​បាត់បង់​សន្លឹក​ឆ្នោត​ច្រើន​ណាស់។ ប្រជាជន​ធុញទ្រាន់​នឹង​ភាព​គ្មាន​ទី​បញ្ចប់​របស់​លោក ហ៊ុន សែន ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល និង​ការ​ចាប់​មនុស្ស​ដាក់​គុក​ដោយ​គ្រាន់​តែ​បញ្ចេញ​មតិ​ផ្សេង​ពី​ខ្លួន។ គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់បង់​សន្លឹក​ឆ្នោត​ជាច្រើន​ពី​ក្រុម​យុវជន ហើយ​គណបក្ស​នេះ​នឹង​បាត់បង់​សំឡេង​ឆ្នោត​ថែម​ទៀត​នៅ​ពេល​បោះឆ្នោត​នា​ពេល​ខាង​មុខ។ សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ ពួក​គេ​មិន​មាន​ការ​ចងចាំ​អំពី​របប​ខ្មែរ​ក្រហម និង​វត្តមាន​កងទ័ព​វៀតណាម នៅ​លើ​ទឹក​ដី​កម្ពុជា ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​បាន​ជួយ​ឲ្យ​លោក ហ៊ុន សែន ឡើង​កាន់​អំណាច​នោះ​ឡើយ។ យុវជន​ទាំង​នោះ ធ្វើ​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​ផ្អែក​លើ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ចំពោះ​មុខ​ពួក​គេ ហើយ​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​មុខ​ពួក​គេ គឺ​លោក ហ៊ុន សែន កំពុង​ដឹក​នាំ​តាម​បែប​ផ្ដាច់ការ។

លោក ជី វិតា៖ លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី ដែល​សុទ្ធតែ​មាន​អភ័យ​ឯកសិទ្ធិ​សភា ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​ចោទ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ទាក់ទង​នឹង​ការ​បង្ហោះ​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម។ ខ​ចោទ​ពី​បទល្មើស​ជាក់ស្តែង​នេះ ក៏​អាច​នឹង​ត្រូវ​ប្រើ​សម្រាប់​ចាប់​ខ្លួន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ថែម​ទៀត ដូចជា លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម។ តើ​ការ​ដែល​អាជ្ញាធរ​លើក​យក​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង មក​សំអាង ដើម្បី​ចាប់​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​នេះ លោក​មាន​យោបល់​យ៉ាង​ណា​ដែរ?

លោក ប្រ៊ែដ អាដាម៖ ខ្ញុំ​ជា​មេធាវី​ដែល​បាន​សិក្សា​សាលា​ច្បាប់​នៅ​សាកលវិទ្យាល័យ​ប៊ើកឃ្លី (Berkley)។ ខ្ញុំ​អនុវត្ត​ច្បាប់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) ហើយ​ខ្ញុំ​ក៏​អនុវត្ត​ច្បាប់​អន្តរជាតិ​ដែរ។ ផ្អែក​តាម​បទពិសោធន៍​ក្នុង​វិស័យ​ច្បាប់​របស់​ខ្ញុំ ខ្ញុំ​មិន​ដែល​ឃើញ​ពួក​មេធាវី​យល់​ផ្សេង​ពី​គ្នា ឬ​បកស្រាយ​ផ្សេង​គ្នា​ទេ​អំពី​អ្វី​ទៅ​ដែល​ហៅ​ថា «បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង» នោះ។ ពួក​គេ​យល់​ច្បាស់​ពី​គោលការណ៍​ច្បាប់​នេះ ដោយ​គ្មាន​ភាព​ចម្រូងចម្រាស​អំពី​អត្ថន័យ​របស់​វា​ទេ គឺ​មាន​ន័យ​ថា «បទល្មើស​ដែល​ត្រូវ​ចាប់​ពេល​កំពុង​ប្រព្រឹត្ត»។

អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើ គឺ​ឲ្យ​តែ​មាន​ការ​ចោទ​ប្រកាន់​តំណាង​រាស្ត្រ​ណា​ម្នាក់ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង។ ទង្វើ​បែប​នោះ គឺ​ស្មើ​នឹង​ថា គោលការណ៍ «បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង» គ្មាន​ន័យ​អ្វី​ទាំងអស់។

តំណាង​រាស្ត្រ​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ទាំងអស់។ ពួក​គេ​គ្រាន់​តែ​ប្រើប្រាស់​សេរីភាព​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ។ លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​គាត់​យក​លេស «បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង» មក​ចោទ​ប្រកាន់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​បំពាន គឺ​ដោយសារ​តែ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំង​នោះ​មាន​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ ហើយ​ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ​បាន លុះត្រា​តែ​មាន​សំឡេង ២​ភាគ​៣ នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ឯង​មិន​មាន​សំឡេង​គ្រប់គ្រាន់​ទេ។ ដូច្នេះ​ទើប​រំលោភ​រដ្ឋធម្មនុញ្ញ ដោយ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ទាំង​នោះ​ទាំង​មិន​ទាន់​ដក​អភ័យ​ឯកសិទ្ធិ ដោយ​យក​លេស​ថា ប្រព្រឹត្ត «បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង»។

ស្ថាប័ន​ដែល​អាច​ទប់ស្កាត់​អំពើ​ខុស​ច្បាប់​របស់​រដ្ឋាភិបាល​បាន គឺ​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា ប៉ុន្តែ​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​លោក ហ៊ុន សែន ប្រើប្រាស់​បាន។ ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ​ដែល​មាន​តួនាទី​បកស្រាយ​ធម្មនុញ្ញភាព​របស់​ច្បាប់ មិន​ហ៊ាន​ក្អក​ជាមួយ​លោក ហ៊ុន សែន ទេ។

លោក ជី វិតា៖ តើ​មាន​ស្ថាប័ន​រដ្ឋ​ណា​ផ្សេង​ទៀត​ដែល​អាច​ទប់ស្កាត់​រដ្ឋាភិបាល មិន​ឲ្យ​បកស្រាយ​ច្បាប់​តាម​អំពើ​ចិត្ត​របស់​ខ្លួន​បាន?

លោក ប្រ៊ែដ អាដាម៖ ស្ថាប័ន​មួយ​ទៀត​ដែល​អាច​ព្យាយាម​ទប់ស្កាត់​បាន គឺ​ក្រសួង​យុត្តិធម៌ ដែល​មាន​លោក អង្គវង្ស វឌ្ឍានា ជា​មនុស្ស​ឆ្លាត ជា​រដ្ឋមន្ត្រី។ លោក អង្គវង្ស វឌ្ឍានា គាត់​ដឹង​ថា នេះ​គឺ​ជា​ការ​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ ប៉ុន្តែ​គាត់​បិទ​មាត់​របស់​គាត់​ជិត ពីព្រោះ​គាត់​ខ្លាច​របូត​មុខ​តំណែង​របស់​គាត់ ជា​ជាង​ប្រកាន់​យក​សុចរិត​ភាព និង​ការ​បំពេញ​តួនាទី​ដ៏​ត្រឹមត្រូវ។ ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ គាត់​គួរ​តែ​ប្រកាស​ថា ករណី​ចាប់​តំណាង​រាស្ត្រ​ទាំង​នោះ គឺ​ជា​ការ​អនុវត្ត​ច្បាប់​ខុស ពីព្រោះ​វា​មិន​មែន​ជា​បទល្មើស​ជាក់ស្តែង​ទេ។

លោក ជី វិតា៖ ផ្អែក​តាម​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន តើ​លោក​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​ឈ្នះ​ឆ្នោត​ទេ​នៅ​ក្នុង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨?

លោក ប្រ៊ែដ អាដាម៖ គណបក្ស​ប្រជាជន​កម្ពុជា ត្រួតត្រា​លើ​ស្ថាប័ន​ជាតិ និង​ឧបករណ៍​រដ្ឋ​កាល​ពី​ពេល​បោះឆ្នោត​អាណត្តិ​មុន ដែល​ជា​រឿង​មិន​ត្រឹមត្រូវ។ មនុស្ស​ដែល​មាន​វិចារណញ្ញាណ​ប្រាកដ​ជា​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​ក្នុង​ពេល​នោះ។ ប្រសិន​បើ​មិន​មាន​ការ​លួច​បន្លំ​ទេ គណបក្ស​ប្រឆាំង​គឺ​ជា​អ្នក​ឈ្នះ។

គណបក្ស​ប្រជាជន​កម្ពុជា មាន​ហានិភ័យ​នឹង​ចាញ់​ឆ្នោត ប្រសិន​បើ​មិន​ធ្វើ​ទំនើបកម្ម​នយោបាយ​របស់​ខ្លួន​ទេ​នោះ ដូចជា​លោក ហ៊ុន សែន ត្រូវ​រៀបចំ​រដ្ឋាភិបាល​មួយ​ប្រកប​ដោយ​ភាព​វិជ្ជមាន ធ្វើ​រឿង​ល្អៗ​សម្រាប់​ពលរដ្ឋ​ខ្លួន កាត់​បន្ថយ​អំពើ​ពុក​រលួយ ផ្តល់​សេវា​ចាំបាច់​នានា​ដល់​ប្រជាជន បញ្ឈប់​ការ​វាយ​ប្រហារ​ប្រកប​ដោយ​កំហឹង​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​ទៅ​លើ​គេ​ឯង​គ្មាន​ឈប់ឈរ​នោះ​ទៅ ពេល​នោះ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​កើន​ឡើង​វិញ។

លោក ជី វិតា៖ តើ​លោក​គិត​ថា សកម្មភាព​បង្ក្រាប និង​ចាប់​ខ្លួន​តំណាង​រាស្ត្រ មន្ត្រី​សិទ្ធិ​មនុស្ស ព្រះសង្ឃ ព្រម​ទាំង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ដាក់​ពន្ធនាគារ ដោយ​ចោទ​ថា​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ​នោះ មាន​ការ​ពេញ​ចិត្ត​ពី​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ទេ?

លោក ប្រ៊ែដ អាដាម៖ អូ! ខ្ញុំ​ដឹង​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ទស្សនៈ​ស្រប​ជាមួយ​លោក ហ៊ុន សែន ទេ។ នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ។ លោក ហ៊ុន សែន គ្រប់គ្រង​ប្រទេស​ដោយ​មធ្យោបាយ​បំភិតបំភ័យ ដោយ​វិធី​ប្រើ​ទឹក​ប្រាក់ និង​ចុង​អាវុធ។ គាត់​មិន​មែន​គ្រប់គ្រង​ប្រទេស​ដោយ​ទទួល​បាន​ប្រជាប្រិយភាព​ពី​ផ្ទៃ​ក្នុង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ។ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បង្ហាញ​ពី​ភាព​គ្មាន​ធម៌​មេត្តា​របស់​គាត់​ច្រើន​ជាង​គេ។ ដូច្នេះ​គាត់​ជា​អ្នក​ត្រួតត្រា។

លោក ជី វិតា៖ បើ​តាម​ទស្សនៈ​របស់​លោក តើ​មាន​នរណា​អាច​ប្រជែង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន?

លោក ប្រ៊ែដ អាដាម៖ ខ្ញុំ​គិត​ថា​គ្មាន​ទេ។ គ្មាន​នរណា​អាច​ប្រជែង​ជាមួយ​គាត់​បាន​ទេ​បច្ចុប្បន្ន​នេះ ប៉ុន្តែ​នយោបាយ​អាច​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស។ មេ​ដឹក​នាំ​ផ្ដាច់ការ​មួយ​ចំនួន​បាត់បង់​អំណាច​លឿន​ណាស់ ពីព្រោះ​ពួក​គេ​ឃ្លាត​ឆ្ងាយ​ពី​ពលរដ្ឋ និង​មិន​យល់​ពី​សេចក្តី​ត្រូវ​ការ​ពិត​ប្រាកដ​របស់​ពលរដ្ឋ។ ដូច្នេះ​រឿង​បាត់បង់​អំណាច​នេះ អាច​កើត​ឡើង​ចំពោះ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​បោះឆ្នោត​ខាង​មុខ។ ចំពោះ​ខ្ញុំ មិន​ខ្វល់​ថា​បក្ស​ណា​ឈ្នះ​ឆ្នោត​នោះ​ទេ ដរាប​ណា​កម្ពុជា មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​មាន​មេ​ដឹក​នាំ​ជាប់​ឆ្នោត ដែល​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា ខ្ញុំ​នឹង​ស្វាគមន៍។ ប្រសិន​បើ​ថ្ងៃ​ស្អែក លោក ហ៊ុន សែន ក្លាយ​ជា​មេ​ដឹក​នាំ​ប្រកប​ដោយ​មេត្តាធម៌ ដែល​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នោះ ខ្ញុំ​ក៏​ស្វាគមន៍​គាត់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។