សហគមន៍ជាតិ និងអន្តរជាតិ រួមទាំងអង្គការសិទ្ធិមនុស្សសហប្រជាជាតិ ផង សម្ដែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសរលកនៃការចាប់ខ្លួនជាបន្តបន្ទាប់នូវអ្នកនយោបាយបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្សនាពេលចុងក្រោយនេះ។
លោក ជី វិតា៖ មួយរយៈពេលកន្លងមកនេះ រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ក្រមព្រហ្មទណ្ឌ ដើម្បីចោទប្រកាន់ និងចាប់ខ្លួនមនុស្សដាក់ពន្ធនាគារកាន់តែច្រើនឡើងៗ ដោយមិនខ្វាយខ្វល់ពីការរិះគន់អ្វីទាំងអស់ ដូចជាការចាប់ចុងក្រោយនេះ មានករណីមន្ត្រីសិទ្ធិមនុស្ស ៤រូបពីអង្គការសិទ្ធិមនុស្សអាដហុក (ADHOC) និងអគ្គលេខាធិការរង គ.ជ.ប ១រូប ព្រមទាំងករណីអ្នកតំណាងរាស្ត្រ អ៊ុំ សំអាន និងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ។ តើលោកយល់ឃើញយ៉ាងណាដែរ?
លោក ប្រ៊ែដ អាដាម៖ នៅក្រោមច្បាប់អន្តរជាតិ អំពើនោះមិនមែនជាបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។ អ្វីដែលរដ្ឋាភិបាលកំពុងធ្វើ គឺបង្វែរសេរីភាពសម្ដែងមតិទៅជាបទល្មើសព្រហ្មទណ្ឌ នៅពេលណាទស្សនៈទាំងនោះផ្ទុយពីរដ្ឋាភិបាល។ ចូរអនុញ្ញាតឲ្យខ្ញុំរំឭកជូនព្រះរាជអាជ្ញាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើនដងណាស់ បានញុះញង់មនុស្សនៅក្នុងប្រទេសកម្ពុជា ឲ្យប្រព្រឹត្តអំពើហិង្សា។ ខ្ញុំមិនដែលឃើញព្រះរាជអាជ្ញានិយាយថា លោក ហ៊ុន សែន ធ្វើខុសច្បាប់ ឬស្នើឲ្យរដ្ឋសភាដកអភ័យឯកសិទ្ធិរបស់លោក ហ៊ុន សែន ឡើយ។ ជាច្រើនលើកច្រើនសាហើយដែលលោក ហ៊ុន សែន អំពាវនាវ និងគំរាមឲ្យមានអំពើហិង្សាប្រឆាំងបក្សប្រឆាំង។ គាត់បញ្ជាឲ្យមានហិង្សានោះជាច្រើនឆ្នាំមកហើយ ដូចជាហិង្សាប្រឆាំងលោក សម រង្ស៊ី និងឲ្យមានរដ្ឋប្រហារឆ្នាំ១៩៩៧ ជាដើម។ ដូច្នេះ ខ្ញុំចង់និយាយទៅកាន់ព្រះរាជអាជ្ញាថា នៅស្ងៀមទៅប្រហែលជាល្អជាងហើបមាត់របស់លោកនិយាយឲ្យខ្មាសគេ ដូចជាអះអាងថា សមាជិកបក្សប្រឆាំងជាអ្នកញុះញង់ឲ្យមានការរើសអើង ជាដើម។ ដោយផ្អែកក្រោមច្បាប់អន្តរជាតិ និងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ផង ពួកគេវាមិនបានប្រព្រឹត្តបទឧក្រិដ្ឋដូចចោទនោះទេ។ បើចង់និយាយពីអំពើញុះញង់ឲ្យមានហិង្សាមែនទែននោះ ព្រះរាជអាជ្ញាត្រូវចាប់ផ្តើមពិនិត្យមើលទង្វើរបស់មន្ត្រីរដ្ឋាភិបាល។
ក្មេងៗជំនាន់ក្រោយ ពួកគេមិនមានការចងចាំអំពីរបបខ្មែរក្រហម និងវត្តមានកងទ័ពវៀតណាម នៅលើទឹកដីកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានជួយឲ្យលោក ហ៊ុន សែន ឡើងកាន់អំណាចនោះឡើយ។ យុវជនទាំងនោះ ធ្វើការសម្រេចចិត្តផ្នែកនយោបាយផ្អែកលើអ្វីដែលកំពុងកើតឡើងនៅ ចំពោះមុខពួកគេ ហើយអ្វីដែលកំពុងកើតឡើងចំពោះមុខពួកគេ គឺលោក ហ៊ុន សែន កំពុងដឹកនាំតាមបែបផ្ដាច់ការ។ នេះជាការថ្លែងរបស់លោក ប៊្រែដ អាដាម។
លោក ជី វិតា៖ តើលោកគិតថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចង់ធ្វើអ្វី?
លោក ប្រ៊ែដ អាដាម៖ ខ្ញុំគិតថា លោក ហ៊ុន សែន កំពុងបង្កើតវិបត្តិនយោបាយតាមរយៈបន្តចាប់ខ្លួនមនុស្សបក្សប្រឆាំងដាក់គុក ដែលលោកមិនចាំបាច់ត្រូវធ្វើព្យុះភ្លៀងបែបនេះឡើយ។ នៅសល់ពេលពាក់កណ្ដាលអាណត្តិទៀតប៉ុណ្ណោះ ដល់ពេលបោះឆ្នោតអាណត្តិថ្មីហើយ ហើយបើតាមសភាពការណ៍បច្ចុប្បន្ន វាគ្មានអ្វីធ្វើឲ្យលោកភិតភ័យព្រួយបារម្ភខ្លាំងដូច្នេះទេ។ អ្វីៗគឺស្ថិតក្រោមការគ្រប់គ្រងរបស់លោក ហើយក៏គ្មាននរណាម្នាក់គំរាមដល់ការគ្រប់គ្រងរបស់គាត់ដែរ។ ខ្ញុំជឿថា លោក ហ៊ុន សែន កំពុងព្រួយបារម្ភអំពីសហគមន៍អន្តរជាតិកំពុងមើលឃើញថា គាត់កំពុងដឹកនាំប្រទេសតាមរបបផ្តាច់ការនិយម។ បើទោះជាគាត់កំពុងបារម្ភពីការបាត់បង់ភាពស្របច្បាប់របស់គាត់ពីឆាកអន្តរជាតិក៏ដោយ ក៏ស្របពេលគ្នានេះ គាត់ក៏កំពុងបង្កទុក្ខវេទនាដល់ប្រជាជនខ្លួនឯង។ ប្រជាពលរដ្ឋកម្ពុជា គ្រាន់តែសម្ដែងការយល់ឃើញតាមបែបប្រជាជនរស់នៅក្នុងរបបប្រជាធិបតេយ្យប៉ុណ្ណោះ ដោយមិនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌអ្វីទេ។
លោក ជី វិតា៖ បើទោះជាមានការចេញសេចក្តីថ្លែងការណ៍ជាច្រើនពីសហគមន៍អន្តរជាតិ ថ្កោលទោសការចាប់អ្នកនយោបាយបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្សដាក់គុកក៏ដោយ រលកនៃការចាប់ខ្លួន និងគំរាមចាប់ខ្លួននៅតែបន្ត។ តើមានអ្វីដែលអាចឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ឈប់សកម្មភាពទាំងនេះ?
លោក ប្រ៊ែដ អាដាម៖ តាមការទស្សន៍ទាយរបស់ខ្ញុំ គឺថាប្រជាជនកម្ពុជា នឹងកាន់តែឆ្អែតឆ្អន់ចំពោះទង្វើបែបនេះ ពីព្រោះពួកគេចង់បានសេរីភាព និងការគោរពសិទ្ធិ។ ពួកគេធុញទ្រាន់នឹងជម្លោះនយោបាយ។ ខ្ញុំគិតថា អ្វីដែលគណបក្សប្រជាជនកម្ពុជា កំពុងប្រព្រឹត្តនេះ នឹងធ្វើឲ្យគណបក្សកាន់អំណាចមួយនេះបាត់បង់សន្លឹកឆ្នោតច្រើនណាស់។ ប្រជាជនធុញទ្រាន់នឹងភាពគ្មានទីបញ្ចប់របស់លោក ហ៊ុន សែន ក្នុងការធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង និងសង្គមស៊ីវិល និងការចាប់មនុស្សដាក់គុកដោយគ្រាន់តែបញ្ចេញមតិផ្សេងពីខ្លួន។ គណបក្សប្រជាជនកម្ពុជា បានបាត់បង់សន្លឹកឆ្នោតជាច្រើនពីក្រុមយុវជន ហើយគណបក្សនេះនឹងបាត់បង់សំឡេងឆ្នោតថែមទៀតនៅពេលបោះឆ្នោតនាពេលខាងមុខ។ សម្រាប់ក្មេងៗជំនាន់ក្រោយ ពួកគេមិនមានការចងចាំអំពីរបបខ្មែរក្រហម និងវត្តមានកងទ័ពវៀតណាម នៅលើទឹកដីកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានជួយឲ្យលោក ហ៊ុន សែន ឡើងកាន់អំណាចនោះឡើយ។ យុវជនទាំងនោះ ធ្វើការសម្រេចចិត្តផ្នែកនយោបាយផ្អែកលើអ្វីដែលកំពុងកើតឡើងនៅចំពោះមុខពួកគេ ហើយអ្វីដែលកំពុងកើតឡើងចំពោះមុខពួកគេ គឺលោក ហ៊ុន សែន កំពុងដឹកនាំតាមបែបផ្ដាច់ការ។
លោក ជី វិតា៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រពីគណបក្សសង្គ្រោះជាតិ និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ី ដែលសុទ្ធតែមានអភ័យឯកសិទ្ធិសភា ត្រូវបានចាប់ដាក់ពន្ធនាគារពីបទចោទថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ទាក់ទងនឹងការបង្ហោះផែនទីព្រំដែនកម្ពុជា-វៀតណាម។ ខចោទពីបទល្មើសជាក់ស្តែងនេះ ក៏អាចនឹងត្រូវប្រើសម្រាប់ចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងថែមទៀត ដូចជា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ជាដើម។ តើការដែលអាជ្ញាធរលើកយកបទល្មើសព្រហ្មទណ្ឌជាក់ស្តែង មកសំអាង ដើម្បីចាប់តំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិនេះ លោកមានយោបល់យ៉ាងណាដែរ?
លោក ប្រ៊ែដ អាដាម៖ ខ្ញុំជាមេធាវីដែលបានសិក្សាសាលាច្បាប់នៅសាកលវិទ្យាល័យប៊ើកឃ្លី (Berkley)។ ខ្ញុំអនុវត្តច្បាប់នៅរដ្ឋកាលីហ្វ័រញ៉ា (California) ហើយខ្ញុំក៏អនុវត្តច្បាប់អន្តរជាតិដែរ។ ផ្អែកតាមបទពិសោធន៍ក្នុងវិស័យច្បាប់របស់ខ្ញុំ ខ្ញុំមិនដែលឃើញពួកមេធាវីយល់ផ្សេងពីគ្នា ឬបកស្រាយផ្សេងគ្នាទេអំពីអ្វីទៅដែលហៅថា «បទល្មើសព្រហ្មទណ្ឌជាក់ស្តែង» នោះ។ ពួកគេយល់ច្បាស់ពីគោលការណ៍ច្បាប់នេះ ដោយគ្មានភាពចម្រូងចម្រាសអំពីអត្ថន័យរបស់វាទេ គឺមានន័យថា «បទល្មើសដែលត្រូវចាប់ពេលកំពុងប្រព្រឹត្ត»។
អ្វីដែលរដ្ឋាភិបាលកម្ពុជា កំពុងធ្វើ គឺឲ្យតែមានការចោទប្រកាន់តំណាងរាស្ត្រណាម្នាក់ គឺជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ទង្វើបែបនោះ គឺស្មើនឹងថា គោលការណ៍ «បទល្មើសព្រហ្មទណ្ឌជាក់ស្តែង» គ្មានន័យអ្វីទាំងអស់។
តំណាងរាស្ត្រដែលកំពុងជាប់ក្នុងពន្ធនាគារ ពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីទាំងអស់។ ពួកគេគ្រាន់តែប្រើប្រាស់សេរីភាពបញ្ចេញមតិតែប៉ុណ្ណោះ។ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់គាត់យកលេស «បទល្មើសព្រហ្មទណ្ឌជាក់ស្តែង» មកចោទប្រកាន់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំងបំពាន គឺដោយសារតែតំណាងរាស្ត្របក្សប្រឆាំងទាំងនោះមានអភ័យឯកសិទ្ធិតំណាងរាស្ត្រ ហើយដើម្បីដកអភ័យឯកសិទ្ធិបាន លុះត្រាតែមានសំឡេង ២ភាគ៣ នៃសមាជិករដ្ឋសភាទាំងមូល ប៉ុន្តែគណបក្សប្រជាជនកម្ពុជា តែឯងមិនមានសំឡេងគ្រប់គ្រាន់ទេ។ ដូច្នេះទើបរំលោភរដ្ឋធម្មនុញ្ញ ដោយចាប់ខ្លួនតំណាងរាស្ត្រទាំងនោះទាំងមិនទាន់ដកអភ័យឯកសិទ្ធិ ដោយយកលេសថា ប្រព្រឹត្ត «បទល្មើសព្រហ្មទណ្ឌជាក់ស្តែង»។
ស្ថាប័នដែលអាចទប់ស្កាត់អំពើខុសច្បាប់របស់រដ្ឋាភិបាលបាន គឺក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវលោក ហ៊ុន សែន ប្រើប្រាស់បាន។ ស្ថាប័នជាតិកំពូលមួយនេះដែលមានតួនាទីបកស្រាយធម្មនុញ្ញភាពរបស់ច្បាប់ មិនហ៊ានក្អកជាមួយលោក ហ៊ុន សែន ទេ។
លោក ជី វិតា៖ តើមានស្ថាប័នរដ្ឋណាផ្សេងទៀតដែលអាចទប់ស្កាត់រដ្ឋាភិបាល មិនឲ្យបកស្រាយច្បាប់តាមអំពើចិត្តរបស់ខ្លួនបាន?
លោក ប្រ៊ែដ អាដាម៖ ស្ថាប័នមួយទៀតដែលអាចព្យាយាមទប់ស្កាត់បាន គឺក្រសួងយុត្តិធម៌ ដែលមានលោក អង្គវង្ស វឌ្ឍានា ជាមនុស្សឆ្លាត ជារដ្ឋមន្ត្រី។ លោក អង្គវង្ស វឌ្ឍានា គាត់ដឹងថា នេះគឺជាការអនុវត្តច្បាប់មិនត្រឹមត្រូវ ប៉ុន្តែគាត់បិទមាត់របស់គាត់ជិត ពីព្រោះគាត់ខ្លាចរបូតមុខតំណែងរបស់គាត់ ជាជាងប្រកាន់យកសុចរិតភាព និងការបំពេញតួនាទីដ៏ត្រឹមត្រូវ។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គាត់គួរតែប្រកាសថា ករណីចាប់តំណាងរាស្ត្រទាំងនោះ គឺជាការអនុវត្តច្បាប់ខុស ពីព្រោះវាមិនមែនជាបទល្មើសជាក់ស្តែងទេ។
លោក ជី វិតា៖ ផ្អែកតាមស្ថានការណ៍នយោបាយបច្ចុប្បន្ន តើលោកគិតថា គណបក្សប្រជាជនកម្ពុជា អាចនឹងឈ្នះឆ្នោតទេនៅក្នុងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨?
លោក ប្រ៊ែដ អាដាម៖ គណបក្សប្រជាជនកម្ពុជា ត្រួតត្រាលើស្ថាប័នជាតិ និងឧបករណ៍រដ្ឋកាលពីពេលបោះឆ្នោតអាណត្តិមុន ដែលជារឿងមិនត្រឹមត្រូវ។ មនុស្សដែលមានវិចារណញ្ញាណប្រាកដជាយល់ថា គណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតក្នុងពេលនោះ។ ប្រសិនបើមិនមានការលួចបន្លំទេ គណបក្សប្រឆាំងគឺជាអ្នកឈ្នះ។
គណបក្សប្រជាជនកម្ពុជា មានហានិភ័យនឹងចាញ់ឆ្នោត ប្រសិនបើមិនធ្វើទំនើបកម្មនយោបាយរបស់ខ្លួនទេនោះ ដូចជាលោក ហ៊ុន សែន ត្រូវរៀបចំរដ្ឋាភិបាលមួយប្រកបដោយភាពវិជ្ជមាន ធ្វើរឿងល្អៗសម្រាប់ពលរដ្ឋខ្លួន កាត់បន្ថយអំពើពុករលួយ ផ្តល់សេវាចាំបាច់នានាដល់ប្រជាជន បញ្ឈប់ការវាយប្រហារប្រកបដោយកំហឹងដែលគួរឲ្យស្អប់ខ្ពើមទៅលើគេឯងគ្មានឈប់ឈរនោះទៅ ពេលនោះប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា អាចនឹងកើនឡើងវិញ។
លោក ជី វិតា៖ តើលោកគិតថា សកម្មភាពបង្ក្រាប និងចាប់ខ្លួនតំណាងរាស្ត្រ មន្ត្រីសិទ្ធិមនុស្ស ព្រះសង្ឃ ព្រមទាំងសកម្មជនការពារធនធានធម្មជាតិដាក់ពន្ធនាគារ ដោយចោទថារំលោភច្បាប់ព្រហ្មទណ្ឌនោះ មានការពេញចិត្តពីមន្ត្រីជាន់ខ្ពស់ដទៃទៀតពីគណបក្សប្រជាជនកម្ពុជា ឬទេ?
លោក ប្រ៊ែដ អាដាម៖ អូ! ខ្ញុំដឹងថា មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មិនមានទស្សនៈស្របជាមួយលោក ហ៊ុន សែន ទេ។ នេះមិនមែនជារឿងថ្មីទេ។ លោក ហ៊ុន សែន គ្រប់គ្រងប្រទេសដោយមធ្យោបាយបំភិតបំភ័យ ដោយវិធីប្រើទឹកប្រាក់ និងចុងអាវុធ។ គាត់មិនមែនគ្រប់គ្រងប្រទេសដោយទទួលបានប្រជាប្រិយភាពពីផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជា នោះទេ។ ក្នុងជួរគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បង្ហាញពីភាពគ្មានធម៌មេត្តារបស់គាត់ច្រើនជាងគេ។ ដូច្នេះគាត់ជាអ្នកត្រួតត្រា។
លោក ជី វិតា៖ បើតាមទស្សនៈរបស់លោក តើមាននរណាអាចប្រជែងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន?
លោក ប្រ៊ែដ អាដាម៖ ខ្ញុំគិតថាគ្មានទេ។ គ្មាននរណាអាចប្រជែងជាមួយគាត់បានទេបច្ចុប្បន្ននេះ ប៉ុន្តែនយោបាយអាចប្រែប្រួលយ៉ាងឆាប់រហ័ស។ មេដឹកនាំផ្ដាច់ការមួយចំនួនបាត់បង់អំណាចលឿនណាស់ ពីព្រោះពួកគេឃ្លាតឆ្ងាយពីពលរដ្ឋ និងមិនយល់ពីសេចក្តីត្រូវការពិតប្រាកដរបស់ពលរដ្ឋ។ ដូច្នេះរឿងបាត់បង់អំណាចនេះ អាចកើតឡើងចំពោះលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតខាងមុខ។ ចំពោះខ្ញុំ មិនខ្វល់ថាបក្សណាឈ្នះឆ្នោតនោះទេ ដរាបណាកម្ពុជា មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងមានមេដឹកនាំជាប់ឆ្នោត ដែលគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជា ខ្ញុំនឹងស្វាគមន៍។ ប្រសិនបើថ្ងៃស្អែក លោក ហ៊ុន សែន ក្លាយជាមេដឹកនាំប្រកបដោយមេត្តាធម៌ ដែលគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋនោះ ខ្ញុំក៏ស្វាគមន៍គាត់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។