តំណាងរាស្ត្រសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដល់កម្ពុជាប្រសិនបើ លោក ហ៊ុន សែន មិនព្រមបន្ទន់ឥរិយាបថក្នុងការដោះស្រាយវិបត្តិនយោបាយដ៏តានតឹងនៅកម្ពុជា។ តំណាងរាស្ត្រដ៏មានឥទ្ធិពលរូបនេះ ចាត់ទុកការដឹកនាំផ្ដាច់ការ របស់លោក ហ៊ុន សែន ថា កាន់តែខ្លាំងឡើង និងកាន់តែកំពុង ប្រឆាំងគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
សូមស្ដាប់ និងទស្សនាខ្លឹមសារសំខាន់នៃបទសម្ភាសន៍របស់លោក តាំង សារ៉ាដា ជាមួយ លោក អាឡាន់ ឡូវែនថល (Alan Lowenthal) នៅក្រោយជំនួបរបស់លោកជាមួយ លោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី សញ្ជាតិខ្មែរស្ដីពីស្ថានការណ៍នយោបាយនៅកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ដូចតទៅ៖
ជម្រាបសួរលោក អាឡាន់ ឡូវែនថល (Alan Lowenthal)!
អាឡាន់៖ បាទ ជម្រាបសួរ!
សារ៉ាដា៖ តើលោកយល់យ៉ាងណាដែរ ចំពោះការសេចក្ដីសម្រេចរបស់ លោក ចន ម៉ាកឃែន (John McCain) ក្នុងការជំរុញឲ្យរដ្ឋាភិបាល អាមេរិកថ្កោលទោស ការយាយីផ្នែកនយោបាយក្នុងប្រទេសកម្ពុជា នោះបាទ?
អាឡាន់៖ ខ្ញុំសប្បយរីករាយការខ្លាំងណាស់ចំពោះការអនុម័តសេចក្ដីសម្រេចចិត្តដែលមានការយល់ព្រមពីគណបក្សទាំងពីរ ដែលផ្ដួចផ្ដើមឡើងដោយសារសមាជិកព្រឹទ្ធសភា លោក ចន ម៉ាកឃែន (John MacCain) និង លោក ឌីក ឌើប៊ិន (Dick Durben) ដែលអំពាវនាវឲ្យមានការគោរពលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ថ្កោលទោសសកម្មភាពរបស់លោក ហ៊ុន សែន និងបាន រៀបរាប់ អំពីការប្រឆាំងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ ដោយរដ្ឋាភិបាលកម្ពុជា និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ ពួកយើងក៏បានជំរុញឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កុំទទួលស្គាល់លទ្ធផលបោះ ឆ្នោតឆ្នាំ២០១៨ ប្រសិនបើការបោះឆ្នោតនោះ មិនប្រកបដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រសិនបើការបំភិតបំភ័យ ការដាក់សម្ពាធ និងការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយទៅលើកគណបក្សប្រឆាំងនៅតែបន្តនោះ។
សារ៉ាដា៖ ក្រៅពីការថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការយាយីផ្នែកនយោបាយករណីចាប់ខ្លួន លោក កឹម សុខា ការបណ្ដេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ការបិទបណ្ដាញសាព័ត៌មានជាច្រើននៅកម្ពុជានោះ។ តើសភាសហរដ្ឋអាមេរិកអាច ធ្វើអ្វីបានទៀត?
អាលែន៖ ការថ្កោលទោសគឺជាការសំខាន់បំផុត ពីព្រោះលោកត្រូវដឹងថា សហរដ្ឋអាមេរិកកំពុងដឹកនាំឲ្យមានសេរីភាពក្នុងពិភពលោក ហើយគាំទ្រការគោរពប្រជាធិបតេយ្យ។ កត្តាសំខាន់ដែលយើងអាចធ្វើបាន នៅពេលនេះគឺទាញការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិឲ្យមានការចាប់អារម្មណ៍ករណីវិបត្តិនយោបាយនៅកម្ពុជា។ ហើយជំហររបស់សហរដ្ឋអាមេរិក គឺយើងចង់បានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។ ដូច្នេះយើងនឹងកៀរគរសហគមន៍អន្តរជាតិឲ្យគាំទ្រ ជំហររបស់ យើងដូចគ្នា។ យើងក៏សូមថ្លែងអំណរគុណដល់លោក ចន ម៉ាកឃែន (John MacCain) និង លោក ឌីក ឌើប៊ិន (Dick Durben) ដែលបានក្រោកឈរឡើង គាំទ្រឲ្យមានការគោរពសិទ្ធិមនុស្ស និងសេរីភាពនៅកម្ពុជា ខណៈសិទ្ធិ ជាមូលដ្ឋានរបស់មនុស្សត្រូវបានរដ្ឋាភិបាលកម្ពុជាដកហូតពីប្រជាពលរដ្ឋ។ ដូច្នេះយើងនឹងក្រោកឈរឡើងដើម្បីប្រយុទ្ធប្រឆាំង ដើម្បីការពារសេរីភាពរបស់ពលរដ្ឋខ្មែរ។ ពួកគេបានរងការធ្វើបាប ការបំភិតបំភ័យ និងអំពើវិនាសកម្មដោយការសម្លាប់រង្គាលច្រើនគ្រប់គ្រាន់ហើយ។ សហរដ្ឋអាមេរិក ជាគូភាគីមួយដែលចុះកិច្ចព្រមព្រៀងរក្សាសន្តិភាពនៅកម្ពុជា ដូច្នេះយើងត្រូវតែគោរពការសន្យារបស់យើង។
សារ៉ាដា៖ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន បោះពួយ សម្រុកធ្វើការបោះឆ្នោតនៅឆ្នាំ២០១៨ នៅពេលខាងមុខដោយអវត្តមាន គណបក្សសង្គ្រោះជាតិនោះ តើសហរដ្ឋអាមេរិកនឹងមានជំហរបែបណាដែរ?
អាឡាន់៖ អូរអត់ទេ ! អត់ទេ! លោកនិយាយលឿនពេកហើយ! យើងមិនទាន់និយាយដល់បញ្ហានេះទេ យើងនិយាយអំពីការបោះឆ្នោតដែលត្រូវប្រព្រឹត្តទៅដោយសេរី និងត្រឹមត្រូវជាមួយ គណបក្សប្រឆាំងដែលយើងត្រូវតវ៉ាសិន។ លោកនិយាយថាបើមាន រឿងអញ្ចេះកើតឡើងវិញ យើងមិនទាន់និយាយរឿងនេះទេ។ អ្វីដែល សំខាន់គឺយើងនឹងជំរុញឲ្យសហគមន៍អន្តរជាតិ តវ៉ាអោយមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ការគោរពសិទ្ធិមនុស្ស និងគោរពលទ្ធិប្រជាធិបតេយ្យ បើមិនដូច្នេះទេ នោះយើងនឹងមិនទទួលស្គាល់ការបោះឆ្នោតហ្នឹងទេ។
សារ៉ាដា៖ តើយន្តការណាមួយដែលលោកនឹងយកទៅតវ៉ាលើបញ្ហានេះ?
អាឡាន់៖ យើងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងហើយ ដែលយើងត្រូវបន្តធ្វើកិច្ចការលើបញ្ហានេះទៀត។ អ្វីៗមានចែងអស់ ហើយនៅក្នុងកិច្ចព្រមព្រៀងនោះតាំងពីតួនាទីរបស់យើងដែលត្រូវធ្វើ យ៉ាងម៉េចទៀត។ ដូច្នេះយើងនឹងធ្វើអ្វីៗតាមកិច្ចព្រមព្រៀងនេះ។
សារ៉ាដា៖ ស្របពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងរិះគន់សហរដ្ឋ អាមេរិកថា នៅពីក្រោយគម្រោងធ្វើបដិវត្តន៍ កម្ពុជាក៏បានជំរុញឲ្យសហរដ្ឋអាមេរិក បង្កើនការទិញផលិតផលកាត់ដេរដែរ តើលោក យល់ យ៉ាងណាដែរលើបញ្ហានេះ?
អាឡាន់៖ អ្វីដែលសំខាន់នៅពេលនេះគឺចង់ឲ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់អំពីកម្ពុជា ហើយយើងចង់បានការគោរពសិទ្ធិមនុស្ស។ ដូច្នេះលោកនិយាយថា ប្រសិនបើការទាមទារនេះមិនមានប្រសិទ្ធភាព តើយើងមានជម្រើសអ្វីដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា? អ្វីៗគឺមាននៅលើតុស្រាប់ហើយ គឺថាយើងចង់បានការគោរពសិទ្ធិមនុស្ស និងគោរពលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះយើងនឹងទាញ ការចាប់អារម្មណ៍ទាំងឡាយទៅលើកម្ពុជាពាក់ព័ន្ធការរំលោភនានាដូចអ្វីដែលសេចក្ដីសម្រេចរបស់សមាជិកព្រឹទ្ធសភាបានបង្ហាញរួចហើយ នូវការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលកំពុងកើតមានឡើង។ យើងអាចធ្វើដូច្នេះបាន ហើយយើងនឹងជំរុញឲ្យលោក ប្រធានាធិបតី ពិនិត្យមើលអំពីភាពស្របច្បាប់នៃការបោះឆ្នោតពេលខាងមុខ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ យើងនឹងពិនិត្យមើលលើបញ្ហាផ្សេងទៀត។ យើងបានពិនិត្យរួចហើយអំពីខ្ទង់ថវិការបស់យើងដែល យើងអាចឈានទៅដល់ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដល់កម្ពុជា។
សារ៉ាដា៖ ទន្ទឹមនឹងគ្នានេះដែរលោក ហ៊ុន សែន កាលពីថ្ងៃទី២ ខែតុលា បានគំរាមចាប់ខ្លួនមនុស្សជាច្រើនទៀត ដែលមានជាប់ពាក់ព័ន្ធនឹងការសមគំនិតធ្វើបដិវត្តន៍ពណ៌ ហើយជាងនេះទៅទៀតនោះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ទៀតហើយ គឺអ្នកស្រី មូរ សុខហួរ បានរត់ភៀសខ្លួនចេញពីកម្ពុជាដោយសារភ័យ ខ្លាចអំពី សុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកស្រី។ តើលោកមានប្រតិកម្មយ៉ាងណាដែរ?
អាលែន៖ អ្វីដែលយើងកំពុងឃើញនៅពេលនេះគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែផ្ដាច់ការទៅៗ ហើយកាន់តែរំលោភធ្ងន់ធ្ងរ ដល់គោលការណ៍ប្រជាធិបតេយ្យ។ ដូច្នេះយើងនឹងប្ដេជ្ញាថា នឹងចំណាយរាល់ធនធានរបស់យើងទាំងអស់ដើម្បីប្រឆាំងនឹងអំណាចអ្នកសាច់ការទាំងនេះ ដើម្បីភាពសុខសាន្តជូនពលរដ្ឋខ្មែរទាំងអស់។
សារ៉ាដា៖ នៅមុន ឬក្រោយពេលដែល រដ្ឋាភិបាលវាយប្រហារមកលើ គណបក្សសង្គ្រោះជាតិ ដូចជាការកែប្រែ ច្បាប់នានាក្នុងបំណងរំលាយ គណបក្សសង្គ្រោះជាតិនោះ ស្របពេល ជាមួយគ្នានេះគណបក្សកាន់អំណាចបានងាកទៅរកប្រទេសរុស្សី និងប្រទេសចិនដើម្បីបង្កើនចំណងមិត្តភាពជាមួយប្រទេសទាំងនេះ កាន់តែស៊ីជម្រៅថែមទៀត។ ក្នុងនាមលោកជាតំណាងរាស្ត្ររបស់ សហរដ្ឋអាមេរិកតើ លោកមើលឃើញអនាគតរបស់ពលរដ្ឋកម្ពុជានឹងបានផលអ្វីខ្លះ ពីទំនាក់ទំនងជាមួយបណ្ដាប្រទេសកុម្មុយនិស្តទាំងនេះ?
អាឡាន់៖ រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ មានសិទ្ធិក្នុងការជ្រើសរើសប្រទេសជាមិត្តរបស់គេ ហើយអ្វីដែលសំខាន់នោះគឺប្រជាពលរដ្ឋខ្មែរជាអ្នកសម្រេច។ សហរដ្ឋអាមេរិកគ្មានសិទ្ធិក្នុងការចាត់ចែងការរាប់អានរបស់គេជាមួយអ្នកណាម្នាក់នោះឡើយ។ អ្វីដែលយើងចង់បានបំផុតនៅពេលនេះ គឺការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បញ្ឈប់ការដាក់សំពាធនយោបាយមកលើប្រជាពលរដ្ឋ បញ្ឈប់ការចាប់មនុស្ស ដាក់គុក បញ្ឈប់ការវាយប្រហារមកលើបណ្ដាញសាព័ត៌មាន និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើសកម្មជនគណបក្សប្រឆាំង។
សារ៉ាដា៖ តើលោកយល់ថា វិបត្តិនយោបាយនៅកម្ពុជានឹងអាចដោះស្រាយបាននៅពេលខាងមុខនេះដែរទេ?
អាឡាន់៖ ខ្ញុំសង្ឃឹមដូច្នេះទៅចុះ ប៉ុន្តែខ្ញុំមិនទាន់ឃើញមានសញ្ញាណាមួយដែលអាចឈានទៅរកការបញ្ចប់វិបត្តិនយោបាយនៅកម្ពុជានៅឡើយទេ។ សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា កាលណាលោក ហ៊ុន សែន កាន់តែផ្ដាច់ការ ពេលនោះប្រជាពលរដ្ឋនឹងក្រោកឈរឡើង ដោយមិនភ័យខ្លាចក្នុងការប្រយុទ្ធប្រឆាំងតបតវិញ។
សារ៉ាដា៖ តើលោកមានអ្វីផ្ដាំផ្ញើដែរដល់ពលរដ្ឋខ្មែរដែលកំពុងតាមដាន ស្ថានការណ៍នយោបាយដ៏តានតឹងក្នុងពេលបច្ចុប្បន្ននេះ?
អាឡាន់៖ យើងឈរជាមួយប្រជាពលរដ្ឋខ្មែរទាំងឡាយ ហើយពលរដ្ឋខ្មែរដែលកំពុងរស់នៅជុំវិញពិភពលោក គឺពួកគេសុទ្ធតែចង់បានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ យើងមិនបានចាប់ យកខាងណាឈ្នះ ខាងណាចាញ់នោះទេ គឺប្រជាពលរដ្ឋខ្មែរជាអ្នកសម្រេចចិត្តដោយខ្លួនឯង។ យើងមិនបានគាំទ្រខាងណានោះទេ ប៉ុន្តែយើង និងសហគមន៍អន្តរជាតិ ដទៃទៀតគាំទ្រឲ្យមានលទ្ធិ ប្រជាធិបតេយ្យ ដែលបានព្រមព្រៀងគ្នា កាលពីឆ្នាំ១៩៩១ និងគាំទ្រ ឲ្យមានការបោះឆ្នោត។ យើងមិនបានបោះបង់ប្រជាពលរដ្ឋខ្មែរ នោះទេ ហើយយើងនៅតែប្រកាន់ខ្ជាប់ការគោរពកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។