ជាថ្មីម្តងទៀត សហភាពអន្តរសភា (IPU = Inter-Parliamentary Union) កាលពីថ្ងៃទី២៧ មីនា បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រឆាំង ស្វែងរកមធ្យោបាយអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានឱកាសចូលរួមការបោះឆ្នោតនៅខែកក្កដា ខាងមុខ។
សំណើនេះ ធ្វើឡើងចំពេលដែលលោក សម រង្ស៊ី កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីតំណាងរាស្ត្រ និងរដ្ឋាភិបាលអង់គ្លេស ដើម្បីអាចចូលរួមការបោះឆ្នោតវិញបាន។
សហភាពអន្តរសភា សម្ដែងការសោកស្ដាយចំពោះករណីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលមិនទាន់មានឱកាសវិលត្រឡប់ទៅប្រទេសកម្ពុជា វិញ ចូលរួមការបោះឆ្នោត។
សហភាពអន្តរសភា ជាស្ថាប័នសភាអន្តរជាតិដ៏មានឥទ្ធិពល ដែលមានសមាជិកមកពី ១៦២ប្រទេស រួមទាំងកម្ពុជា ផងដែរ។
សេចក្តីសម្រេចចិត្តរបស់សហភាពអន្តរសភា កាលពីថ្ងៃទី២៧ មីនា ចាត់ទុកថា ការចោទប្រកាន់ប្រឆាំងនឹងលោក សម រង្ស៊ី មិនបានការ ដោយសារតែការដកតម្រុយបង្គោលព្រំដែនបណ្ដោះអាសន្ននោះ គ្រាន់តែជាកាយវិការនយោបាយតែប៉ុណ្ណោះ។ សហភាពអន្តរសភា អះអាងថា តុលាការកម្ពុជា មិនគួរចោទប្រកាន់លោក សម រង្ស៊ី តាំងពីសាលាដំបូងខេត្តស្វាយរៀង មកម្ល៉េះ។
ទោះបីជាយ៉ាងណាក៏ដោយ សហភាពអន្តរសភា បានស្នើឲ្យរដ្ឋាភិបាល និងគណបក្សប្រឆាំង ស្វែងរកវិធីគ្រប់យ៉ាង រួមគ្នាដើម្បីអនុញ្ញាតឲ្យលោក សម រង្ស៊ី អាចចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោត។
សហភាពអន្តរសភា ក៏ស្នើសុំឲ្យរដ្ឋសភាកម្ពុជា ជំរុញឲ្យមានទំនាក់ទំនងការងារល្អ និងគោរពតួនាទីគណបក្សប្រឆាំងក្នុងរដ្ឋសភា។
នៅដើមសប្ដាហ៍នេះ លោក សម រង្ស៊ី អះអាងថា លោកនឹងបន្តស្វែងរកឱកាសចូលរួមការបោះឆ្នោត ប៉ុន្តែប្រសិនបើលោកគ្មានវត្តមានក្នុងការបោះឆ្នោត វាក៏នឹងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់គណបក្ស និងការផ្លាស់ប្ដូរសង្គមកម្ពុជា។ នេះជាលើកទីមួយហើយ ដែលលោក សម រង្ស៊ី ទទួលស្គាល់ថា ឱកាសចូលរួមការបោះឆ្នោតនៅកម្ពុជា មានលក្ខណៈចង្អៀត។
មន្ត្រីរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្លាប់បានបដិសេធន៍សំណើរបស់សហគមន៍អន្តរជាតិ ទាមទារឲ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោត។ រដ្ឋាភិបាលកំពុងប្រាប់មន្ត្រីការទូតបរទេសថា អវត្តមានរបស់លោក សម រង្ស៊ី នឹងមិនប៉ះពាល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។