មន្ត្រីគណៈកម្មការសង្កេតការណ៍ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) អះអាងថា ការចុះឈ្មោះអ្នកបោះឆ្នោតសាកល្បងតាមប្រព័ន្ធកុំព្យូទ័រនៅខេត្តរតនគិរី មានភាពមិនប្រក្រតីចំនួនពីរចំណុច។ ចំណែកមន្ត្រីរៀបចំការបោះឆ្នោតខេត្តអះអាងថា នេះជាបញ្ហាបច្ចេកទេសទាក់ទិនការរៀបចំប្រព័ន្ធកុំព្យូទ័ររបស់អ្នកជំនាញថ្នាក់ជាតិ។
ភាពមិនប្រក្រតីទាំងពីរចំណុចរួមមាន កុំព្យូទ័រ មិនស្គាល់ស្នាមមេដៃ និងការប្រើប្រាស់ថាមពលថ្មកុំព្យូទ័រ មិនបានអនុវត្តតាមការណែនាំរបស់ គ.ជ.ប។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ (គ.ជ.ប) បានជ្រើសរើសភូមិចំនួនពីរនៅខេត្តរតនគិរី សម្រាប់ការចុះឈ្មោះបោះឆ្នោតសាកល្បងតាមបច្ចេកវិទ្យាទំនើប។ ការជ្រើសរើសនេះធ្វើឡើងបន្ទាប់ពី គ.ជ.ប ប្រកាសថា នឹងរៀបចំចុះឈ្មោះបោះឆ្នោតសាកល្បងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥។
លេខាអង្គការខុមហ្វ្រែល ខេត្តរតនគិរី លោក ជួន ភិនដារ៉ា កត់សំគាល់ថា ករណីទាំងពីរនេះត្រូវបានរកឃើញនៅការិយាល័យចុះឈ្មោះបោះឆ្នោតនៅភូមិ១ សង្កាត់កាចាញ កាលពីថ្ងៃទី៦ ខែវិច្ឆិកា បន្ទាប់ពីមន្ត្រីជំនាញជប៉ុន និងជាទីប្រឹក្សារៀបចំចុះឈ្មោះបោះឆ្នោត គ.ជ.ប បានធ្វើតេស្តស្នាមមេដៃរបស់មនុស្សតែម្នាក់ ប៉ុន្តែផ្ដិតលើកទី២ លំអៀងបន្តិច ប្រព័ន្ធកុំព្យូទ័រ មិនកំណត់ការចងចាំបាន។ ដោយឡែកទាក់ទិនការប្រើថាមពលថ្មកុំព្យូទ័រ ក៏មន្ត្រីចុះឈ្មោះមិនទាន់បានអនុវត្តតាមការណែនាំឲ្យប្រើថាមពលថ្មកុំព្យូទ័រ ដើម្បីឲ្យដឹងពីកម្រិតពេលប្រើប្រាស់តាមការណែនាំរបស់ក្រុមបច្ចេកទេសនោះដែរ។
លោក ជួន ភិនដារ៉ា៖ «យើងធ្វើពិសោធន៍ បើយើងផ្ដិតចំវាស្គាល់ បើយើងផ្ដិតចំហៀងម៉ាស៊ីនហ្នឹងអត់ស្គាល់ទេ វាឲ្យយើងចុះទៀត។ ដល់ផ្ដិតមេដៃស្ដាំ ៤ដង មេដៃឆ្វេង ៤ដង បើផ្ដិតឲ្យចំម៉ាស៊ីនហ្នឹងឲ្យទៅ អ៊ីចឹងមានន័យថា រាល់មេដៃដែលកម្មវិធីនេះដាក់ផ្ដិតតែមេដៃដំបូង ឬយ៉ាងម៉េច? ខ្ញុំមិនយល់ពីបញ្ហាហ្នឹង អ៊ីចឹងបានខ្ញុំបារម្ភពីបញ្ហាហ្នឹង»។
ទាក់ទិនការលើកឡើងពីភាពមិនប្រក្រតីនេះ ប្រធានលេខាធិការដ្ឋានរៀបចំបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់ថា នេះជាការរៀបចំចុះឈ្មោះសាកល្បង ហេតុនេះក្រុមជំនាញជប៉ុន បានមកធ្វើតេស្តដើម្បីដកពិសោធន៍រកចំណុចខ្វះខាតក្នុងការចុះឈ្មោះតាមកុំព្យូទ័រ ដើម្បីកែសម្រួលទិន្នន័យចុះឈ្មោះនេះឲ្យបានកាន់តែសុក្រឹត។ ដោយឡែកការប្រើប្រាស់ថ្មកុំព្យូទ័រ លោកថា ដោយសារការការិយាល័យចុះឈ្មោះភូមិ១ មានអគ្គិសនីប្រើប្រាស់ ហេតុនេះបុគ្គលិកចុះឈ្មោះបានប្រើប្រាស់ថាមពលអគ្គិសនីដូចធម្មតា។ ចំណែកការណែនាំឲ្យប្រើប្រាស់ថ្មកុំព្យូទ័រ ដោយមិនប្រើថាមពលចរន្តអគ្គិសនីនឹងត្រូវអនុវត្តនៅការិយាល័យចុះឈ្មោះភូមិ៣ ដើម្បីពិសោធឲ្យដឹងពីររយៈពេលប្រើប្រាស់កុំព្យូទ័រ ដោយប្រើតែថាមពលថ្ម មិនប្រើថាមពលអគ្គិសនី។
លោក ប៉ែន ឈុនឌី៖ «ខាងបច្ចេកទេសជប៉ុន គេកំពុងរៀបចំសាកល្បងហ្នឹង ដើម្បីរកចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីកែលម្អ។ យើងរវល់តែធ្វើសាកល្បងរឿងថ្មម៉ាស៊ីន យើងស្ទះការងារ ចុងក្រោយ ឬថ្ងៃបន្តបន្ទាប់យើងមិនសូវមានមនុស្ស យើងនឹងសាកមើល»។
តាមកាលវិភាគថ្ងៃចុះឈ្មោះបោះឆ្នោតនៅខេត្តរតនគិរី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែវិច្ឆិកា។ ការចុះឈ្មោះធ្វើឡើងនៅសាលាសង្កាត់កាចាញ។ ពីថ្ងៃ៥ ដល់ថ្ងៃទី៩ ការចុះឈ្មោះធ្វើឡើងនៅសាលាភូមិ១។ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ នៅភូមិ៣ និងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ការចុះឈ្មោះធ្វើឡើងនៅសាលាសង្កាត់កាចាញ។
យ៉ាងនេះក្តី មន្ត្រីបច្ចេកទេសនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ម៉េង ស្រ៊ាង ឲ្យដឹងថា ជាទូទៅស្ថានភាពប្រជាពលរដ្ឋមកចុះឈ្មោះមានលក្ខណៈល្អប្រសើរ មិនមានបាតុភាពអ្វីកើតមាននោះទេ៖ «នៅមួយភូមិទៀត។ ចប់ភូមិ១ ទៅ ត្រូវទៅភូមិ៣។ សាកល្បងទៅ ហើយចប់ពីភូមិ៣ ទៅបើតាមប្រក្រតីទិនយើងវិលទៅសាលាឃុំវិញ»។
ស្ថិតិរបស់ក្រុមប្រឹក្សាសង្កាត់កាចាញ ភូមិចំនួនពីរដែលនឹងត្រូវរៀបចំចុះឈ្មោះបោះឆ្នោតសាកល្បងរួមមាន ភូមិ១ និងភូមិ៣ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតចំនួនជាង ១.៥០០នាក់។ គិតត្រឹមម៉ោង ១២ថ្ងៃ ទី៧ ខែវិច្ឆិកា ចំនួនអ្នកមកចុះឈ្មោះកើនឡើងជិត ៤០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។