ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ណែនាំមន្ត្រី និងសមាជិកគណបក្សនេះអោយផ្ដោតទៅលើគោលដៅគណបក្ស ដើម្បីឈានទៅដោះស្រាយបញ្ហាប្រទេសជាតិ និងបញ្ហារបស់ពលរដ្ឋ។
នេះជាការអំពាវនាវជាថ្មីទៀតរបស់លោក កឹម សុខា បន្ទាប់ពីលោកបានណែនាំអោយមន្ត្រី និងសមាជិកបក្សប្រឆាំងអោយប្រែក្លាយការឈឺចាប់ដើម្បីជោគជ័យដែលសំដៅដល់ការឈឺចាប់ចំពោះភាពអយុត្តិធម៌ទាំងឡាយដែលកើតមានចំពោះគណបក្សនេះ។
លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ នៅពេលលោកទៅជួបសមាជិកបក្សនៅខេត្តកំពង់ស្ពឺ ថា ការធ្វើនយោបាយគឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្គម បញ្ហាប្រទេសជាតិ ពិសេសបញ្ហារបស់ពលរដ្ឋ។ លោក កឹម សុខា សរសេរបន្តទៀតថា បើអ្នកនយោបាយគិតតែពីបង្កបញ្ហា ធ្វើអោយអ្នកដទៃ ជាពិសេសពលរដ្ឋឈឺចាប់ និងភ័យខ្លាចដោយសារតែចង់ឈ្នះគ្នា គុំកួនសងសឹកគ្នានោះ មិនត្រឹមតែមិនបានបង្កើតសេចក្ដីសុខអោយអ្នកដទៃទេ ថែមទាំងធ្វើអោយចិត្តខ្លួនឯងមិនបានសុខដែរ។
ការលើកឡើងនេះ គឺស្របពេលមានព័ត៌មានផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ពីសារសំឡេងឆ្លើយឆ្លងគ្នា និងបញ្ហាផ្ទាល់ខ្លួនដែលគេចោទថា ជារបស់មន្ត្រីសំខាន់ៗគណបក្សប្រឆាំង និងក្រោយពេលដែលរដ្ឋសភាសម្រេចលុបចោលតំណែងតំណាងមតិភាគតិច និងភាគច្រើនក្នុងរដ្ឋសភា។ លើសពីនេះ គណបក្សកាន់អំណាចក៏មានគម្រោងបង្កើតច្បាប់មិនអោយអ្នកជាប់ទោសធ្វើប្រធានបក្ស និងវិសោធនកម្មច្បាប់ ដែលគេអាចឈានទៅរំលាយគណបក្សនយោបាយមួយបានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។