លោក កឹម សុខា លាលែង​ពី​​​ប្រធាន​​គណបក្ស​សិទ្ធិ​មនុស្ស

សមាជិក​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ជិត ២​ពាន់​នាក់ (១.៧០០) សម្រេច​លើក​ដៃ​ជ្រើសរើស​គាំទ្រ​លោក សឺន ស៊ូប៊ែរ្តិ៍ ជា​ប្រធាន​គណបក្ស​ជំនួស​លោក កឹម សុខា ដែល​បាន​លាលែង​ពី​តំណែង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា។

0:00 / 0:00

គណបក្ស​សិទ្ធិ​មនុស្ស​ធ្វើ​សមាជ​វិសាមញ្ញ​ផ្លាស់ប្ដូរ​លក្ខន្តិកៈ​មួយ​ចំនួន រួម​ទាំង​ប្ដូរ​ប្រធាន​គណបក្ស​ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក កឹម សុខា ទៅ​បំពេញ​តួនាទី​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រប​ច្បាប់។

លោក កឹម សុខា បាន​ប្រកាស​លា​លែង​ចេញ​ពី​តួនាទី​ប្រធាន​នៅ​ក្នុង​សមាជ​ក្នុង​គណបក្ស​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា។ រី​ឯ​លោក សឺន ស៊ូប៊ែរ្តិ៍ ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​នាយក និង​លោក ប៉ែន សុវណ្ណ ប្រធាន​គណៈកម្មការ​វិន័យ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ក៏​បាន​លាលែង​ពី​តំណែង​ព្រម​គ្នា​ផង​ដែរ។

លោក កឹម សុខា៖ «ខ្ញុំ​លាលែង​ពី​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ ជា​ប្រធាន​គណបក្ស។ ឯកឧត្តម សឺន ស៊ូប៊ែរ្តិ៍ លាលែង​ពី​ប្រធាន​គណៈកម្មការ​នាយក លោក ប៉ែន សុវណ្ណ លា​លែង​ប្រធាន​គណៈកម្មការ​វិន័យ​សូម​ប្រកាស​លា​លែង​ពី​ពេល​នេះ​ត​ទៅ​បង​ប្អួន»

លោក កឹម សុខា បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការ​លាលែង​ពី​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដោយ​ហេតុផល​តែ​មួយ​គត់ គឺ​ដើម្បី​បំពេញ​បេសកកម្ម​ថ្មី​ជា​ប្រវត្តិសាស្ត្រ​ក្នុង​តួនាទី​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​លោក សម រង្ស៊ី។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​គ្រោង​ធ្វើ​សមាជ​បញ្ចូល​រូប​លោក កឹម សុខា ជា​អនុ​ប្រធាន​ស្រប​ច្បាប់​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ខាង​មុខ​នេះ​ដែរ។

ក្រោយ​ពី​លោក កឹម សុខា ប្រកាស​លាលែង លោក ប៉ុល ហំម ដែល​ត្រូវ​តែង​តាំង​បន្ទាន់​ជា​ប្រធាន​ដឹកនាំ​សមាជ​នោះ សម្រេច​ប្រកាស​ជ្រើសរើស​លោក សឺន ស៊ូប៊ែរ្តិ៍ អតីត​ប្រធាន​កម្មការ​នាយក​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ថ្មី ដោយ​មាន​សមាជិក សមាជិកា​ជិត ២​ពាន់​នាក់​មក​ពី​បណ្តា​ខេត្ត​ចំនួន ១៥ លើក​ដៃ​គាំទ្រ។

លោក សឺន ស៊ូបែរ្តិ៍ ដែល​ត្រូវ​ជ្រើសរើស​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​សន្យា​ថា នឹង​ដឹកនាំ​សមាជិក​សមាជិកា​គណបក្ស​ឲ្យ​បាន​ល្អ ក្នុង​គោល​ដៅ​ជួយ​បម្រើ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ។ ប៉ុន្តែ​លោក​ហាក់​បង្ហាញ​ពី​ភាព​គ្មាន​ជំនឿ​ចិត្ត​ចំពោះ​ការ​ទាញ​ប្រជាប្រិយភាព​គាំទ្រ​ដូច​ប្រធាន​គណបក្ស​ចាស់ គឺ​លោក កឹម សុខា នោះ​ទេ៖ «មិន​ហ៊ាន​ជំនួស​ឯកឧត្ដម កឹម សុខា អតីត​ប្រធាន​នេះ ដោយសារ​តែ​មិន​មាន​ប្រជាប្រិយភាព​ដូច​ឯកឧត្ដម កឹម សុខា»

ទោះ​ជា​យ៉ាង​ណា លោក កឹម សុខា ថ្លែង​ស្នើ​ឲ្យ​សមាជិក​គណបក្ស​សិទ្ធិ​មនុស្ស​បន្ត​គាំទ្រ​លោក សឺន ស៊ូប៊ែរ្តិ៍ និង​ចាត់​ទុក​ថា ការ​គាំទ្រ​លោក សឺន ស៊ូប៊ែរ្តិ៍ គឺ​ជា​ការ​គាំទ្រ​រូប​លោក​ក្នុង​ស្មារតី​ប្រជាធិបតេយ្យ​តែ​មួយ៖ «បេះ​ដូង​ជាតិ​តែ​មួយ បេះ​ដូង​ប្រជាធិបតេយ្យ​តែមួយ រឹងមាំ​ដូច​គ្នា​បង​ប្អូន។ ជា​ក្ដី​សង្ឃឹម​របស់​សកម្មជន​របស់​គណបក្ស​សិទ្ធិ​មនុស្ស​យើង​ទាំង​អស់ កឹម សុខា សឺន សូប៊ែរ្តិ៍ តែ​មួយ​ទេ​បង​ប្អូន»

ក្រៅ​ពី​ជ្រើស​រើស​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ថ្មី​គណបក្ស​នេះ ក៏​នៅ​បាន​ជ្រើស​រើស​សមាជិក​គណៈកម្មការ​នាយក​ចំនួន ៣១​រូប។ លោក គៀត សុគន្ធ អាច​នឹង​ត្រូវ​ជ្រើសរើស​ជា​អនុ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ពេល​ខាង​មុខ។ ចំពោះ​លោក កឹម សុខា បើ​ទោះ​បី​ជា​លា​ឈប់​ពី​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា លោក​ត្រូវ​បាន​បាត់បង់​សមាជិកភាព ឬ​ជា​តំណាងរាស្ត្រ​ក្នុង​រដ្ឋ​សភា​សព្វ​ថ្ងៃ​នេះ​ទេ។

តាម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋ​សភា សមាជិកភាព​សភា​ណា​មួយ​ផ្លាស់ប្ដូរ​គណបក្ស​នយោបាយ​ក្រោយ​អំឡុង​ពេល ៦​ខែ មុន​សភា​ថ្មី​មក​ជំនួស មិន​ត្រូវ​រុះរើ ឬ​ផ្លាស់ប្ដូរ​តំណាងរាស្ត្រ​ថ្មី​មក​ឲ្យ​ជំនួស​តំណាងរាស្ត្រ​ចាស់​ដែល​ផ្លាស់ប្ដូរ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។