មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា អះអាងថា ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើព្រះមហាក្សត្រលើកលែងទោសឲ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺមិនមានការដោះដូរអ្វីឡើយ។ ចំណែកបក្សប្រឆាំងចាត់ទុកការលើកលែងទោសនេះថា ជាដំណោះស្រាយនយោបាយរវាងខ្មែរនិងខ្មែរ។
លោក កឹម សុខា ដែលត្រូវបានតុលាការកាត់ទោសឲ្យពន្ធនាគារចំនួន ៥ខែ ពាក់ព័ន្ធនឹងការមិនចូលខ្លួនតាមការកោះហៅរបស់តុលាការ ពេលនេះលោកនឹងមានសេរីភាពវិញហើយ ក្រោយមានការលើកលែងទោសពីព្រះមហាក្សត្រ នៅថ្ងៃទី២ ខែធ្នូ។
ភ្លាមៗក្រោយពីមានការលើកលែងទោស លោក កឹម សុខា បានផ្ញើលិខិតអរគុណលោក ហ៊ុន សែន ដែលបានស្នើសុំព្រះមហាក្សត្រលើកលែងទោសឲ្យលោក។ លោក កឹម សុខា បញ្ជាក់ក្នុងលិខិតថា ការសម្រេចដោយពិចារណាដ៏ត្រឹមត្រូវរបស់លោក ហ៊ុន សែន គឺជាការបង្ហាញឲ្យប្រជាជាតិឃើញថា ខ្មែរចេះដោះស្រាយបញ្ហាជាតិដោយខ្មែរ និងខ្មែរ ព្រមទាំងបង្ហាញឲ្យពិភពលោកមើលឃើញថា អ្នកនយោបាយខ្មែរមានការអធ្យាស្រ័យ អត់ឱនឲ្យគ្នាទៅវិញទៅមក ស័ក្ដិសមជាប្រជាជាតិមានអារ្យធម៌ខ្ពស់ និងជាអ្នកកាន់ព្រះពុទ្ធសាសនា។
មុនឈានដល់ការលើកលែងទោសនៅថ្ងៃទី២ ខែធ្នូ លោក កឹម សុខា កាលពីថ្ងៃទី១ ខែធ្នូ ស្នើឲ្យលោក ហ៊ុន សែន ស្នើសុំទៅព្រះមហាក្សត្រលើកលែងទោសឲ្យលោក។ លោក ហ៊ុន សែន បានថ្វាយលិខិតស្នើសុំទៅកាន់ព្រះមហាក្សត្រនៅថ្ងៃទី២ ខែធ្នូ ហើយព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យលោក កឹម សុខា ក្នុងថ្ងៃតែមួយ។
ការលើកលែងទោសឲ្យលោក កឹម សុខា ធ្វើឡើងក្រោយពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បង្ហាញជំហរគាំទ្រចំពោះលោក ហ៊ុន សែន ដែលបានឯកភាពជាមួយវៀតណាម ក្នុងការស្នើឲ្យអ្នកបច្ចេកទេសបារាំង ជួយបំប្លែងផែនទីបោន (Bonne) ដែលកម្ពុជា មានបច្ចុប្បន្ន ទៅជាផែនទី យូ.ធី.អឹម (UTM) ដើម្បីប្រើប្រាស់បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់។ ការបំប្លែងផែនទីនេះ ក៏បង្កឲ្យមានការពិភាក្សាថា អាចឈានដល់ការកែប្រែ មាត្រា២ នៃរដ្ឋធម្មនុញ្ញដែលទាមទារឲ្យមានការចូលរួមរបស់បក្សប្រឆាំងនៅពេលខាងមុខ។
ក្នុងពេលជាមួយគ្នាការលើកលែងទោសនេះ ក៏ស្របពេលមានការផ្សព្វផ្សាយព្រោងព្រាតនូវសារឆ្លើយឆ្លងដែលគេសង្ស័យថា រវាងលោក ហ៊ុន សែន និងកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ជាមួយកញ្ញា ធី សុវណ្ណថា ពីផែនការធ្វើបាបលោក កឹម សុខា។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ការស្នើរបស់លោក ហ៊ុន សែន សុំព្រះមហាក្សត្រលើកលែងទោសឲ្យលោក កឹម សុខា នៅពេលនេះ គឺមានការដោះដូរអ្វីឡើយ។ លោក សុខ ឥសាន បញ្ជាក់ថា ការស្នើសុំនេះ គឺដោយសារតែលោក កឹម សុខា បានស្នើទៅលោក ហ៊ុន សែន។ ម្យ៉ាងទៀត លោកថា ការលើកលែងទោសឲ្យលោក កឹម សុខា នៅចំថ្ងៃទី២ ខែធ្នូ គឺជាការបង្កើតនូវប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់បក្សកាន់អំណាច។
លោក សុខ ឥសាន៖ «គាត់សរសេរលិខិតទៅសម្ដេចនាយកទទួលស្គាល់ការពិត ម្យ៉ាងវាមិនមែនជារឿងចៃដន្យទេ ពីព្រោះថ្ងៃនេះជាថ្ងៃ២ ធ្នូ ហើយថ្ងៃ២ ធ្នូ ជាថ្ងៃប្រវត្តិសាស្ត្រ ជាថ្ងៃប្រមូលផ្តុំកម្លាំងមហាសាមគ្គីជាតិដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍។ ទី២ ដោយសារថ្ងៃ២ ធ្នូ នេះហើយ យើងមានកិច្ចចរចា សីហនុ-ហ៊ុន សែន ដើម្បីសម្រេចបានផ្លែផ្កានូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ ឥឡូវ ២ ធ្នូ នេះទៀត លើកលែងទោសឲ្យមេដឹកនាំបក្សប្រឆាំង»។
នៅពេលសួរថា តើលោក ហ៊ុន សែន អាចលើកលែងទោសឲ្យលោក សម រង្ស៊ី ឬទេ បើលោក សម រង្ស៊ី សរសេរលិខិតទៅកាន់លោក ហ៊ុន សែន ដូចលោក កឹម សុខា នោះ?
លោក សុខ ឥសាន ថា វាអាស្រ័យលើលោក ហ៊ុន សែន ប៉ុន្តែលោកហាក់មិនមានសង្ឃឹមនោះឡើយ ព្រោះលោកថា លោក ហ៊ុន សែន ធ្លាប់ថ្លែងថា បើគាត់ចុះហត្ថលេខាសុំលើកលែងទោសឲ្យលោក សម រង្ស៊ី លោក ហ៊ុន សែន នឹងកាត់ដៃខ្លួនឯងចោល។
នៅពេលសួរពីជោគវាសនារបស់មន្ត្រីបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំវិញ លោក សុខ ឥសាន ឆ្លើយថា គេត្រូវធ្វើតាមនីតិវិធី។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ នៅរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា បក្សប្រឆាំងស្វាគមន៍ចំពោះការលើកលែងទោសនេះ។ លោកថា នេះជាដំណោះស្រាយនយោបាយរវាងខ្មែរនិងខ្មែរ។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា ការស្នើលោក ហ៊ុន សែន ឲ្យសុំព្រះមហាក្សត្រលើកលែងទោសឲ្យលោក កឹម សុខា គឺពុំមានចងលក្ខខណ្ឌអ្វីឡើយ៖ «គ្មានលក្ខខណ្ឌ គ្មានអ្វីទាំងអស់ ដូច្នេះជាដំណោះស្រាយនយោបាយមួយរវាងខ្មែរ និងខ្មែរ ហើយយើងកំពុងទទួលបានទូរស័ព្ទពីក្រុមគ្រួសារសកម្មជន សង្គមស៊ីវិល គ.ជ.ប លោកចង់ឲ្យឯកឧត្ដម កឹម សុខា ព្យាយាមរកដំណោះស្រាយតាមរយៈការព្រះរាជទានលើកលែងទោសរបស់ព្រះមហាក្សត្រដែរ។ យើងនឹងព្យាយាមខិតខំ យើងមានជំនឿក្នុងដំណោះស្រាយរវាងខ្មែរនិងខ្មែរក្នុងបញ្ហានេះ»។
លោក កឹម សុខា បានស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ តាំងពីខែឧសភា ដើម្បីគេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច។ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងថា លោក កឹម សុខា នឹងទៅស្នាក់នៅផ្ទះរបស់គាត់វិញក្នុងពេលឆាប់ៗ។ លោកក៏គ្រោងចុះមូលដ្ឋាន និងចូលរួមប្រជុំសភាក្នុងនាមជាតំណាងរាស្ត្រ។
បើទោះជាត្រូវលើកលែងទោសនៅពេលនេះក្ដី លោក កឹម សុខា មិនទាន់រួចខ្លួនពីបណ្ដឹងចោទប្រកាន់នៅតុលាការមួយចំនួនទៀតក្នុងសំណុំរឿងពាក់ព័ន្ធនឹងការបញ្ចេញខ្សែអាត់សំឡេងដែលគេថា ជាការឆ្លើយឆ្លងរវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ នោះទេ។ ក្នុងនោះគឺមានបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ដែលចោទលោក កឹម សុខា ពីបទបរិហារកេរ្តិ៍ និងបណ្ដឹងរបស់នាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលប្ដឹងឲ្យតុលាការផ្ដន្ទាទោសលោក កឹម សុខា និងទាមទារសំណងជំងឺចិត្តពីលោក កឹម សុខា ចំនួន ៣សែនដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។