នាយករដ្ឋមន្ត្រី​បើក​ការដ្ឋាន​សង់​ស្ពាន​នៅ​កោះធំ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា បាន​បើក​ការដ្ឋាន​សាងសង់​ស្ពាន​កោះ​ធំ ដើម្បី​ឆ្លង​កាត់​ទន្លេ​បាសាក់ និង​ត​ភ្ជាប់​តំបន់​ពាណិជ្ជកម្ម​រវាង​ឃុំ​ព្រែកថ្មី និង​ឃុំ​ជ្រោយតាកែវ ខេត្ត​កណ្ដាល។

0:00 / 0:00

ស្ពាន​ថ្មី​នេះ​អាច​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ដឹក​ទំនិញ​កសិកម្ម និង​ទំនិញ​ពាណិជ្ជកម្ម​ក្នុង​ស្រុក ទៅ​ប្រទេស​វៀតណាម។ ទីតាំង​ស្ពាន​នេះ​មាន​ចម្ងាយ​ប្រមាណ​ជាង ១០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា និង​វៀតណាម។

ស្ពាន​កោះធំ​ដែល​មាន​ប្រវែង​សរុប ៨០០​ម៉ែត្រ និង​ទទឹង​ជាង ១៣​នោះ សាងសង់​ដោយ​ថវិកា​កម្ចី​សម្បទាន​ពី​ប្រទេស​ចិន ចំនួន​ជាង ១៩​លាន​ដុល្លារ ហើយ​រយៈពេល​សាងសង់​មាន​ចំនួន ៣៦​ខែ។

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​កោះ​ធំ​ដែល​មាន​ប្រជាពលរដ្ឋ​ចូល​រួម​ជា​ច្រើន​ពាន់​នាក់​ថា គម្រោង​សាងសង់​ស្ពាន​កោះធំ​នេះ គឺ​ផ្ដើម​ចេញ​ពី​ទំនាក់​ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និង​ចិន ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ចាប់​ពី​ឆ្នាំ​២០១០ កន្លង​មក៖ «ហើយ​នៅ​ពេល​ខាង​មុខ​នឹង​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជោគជ័យ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ ហើយ​សង្ឃឹម​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន រឹងមាំ​ដូច​ជា​ស្ពាន​បេតុង​ឆ្លង​កាត់​ទន្លេ​របស់​យើង»។
ជាមួយ​គ្នា​នេះ ឯកអគ្គរដ្ឋទូត​ចិន នៅ​ប្រទេស​កម្ពុជា លោក ផាន ហ្គងសៀ (Pan Guang Xue) បាន​មាន​ប្រសាសន៍​ជា​ភាសា​ចិន ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា គម្រោង​សាងសង់​ស្ពាន​កោះធំ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​គម្រោង​សាងសង់​ស្ពាន​ចំនួន ៧ នៅ​ប្រទេស​កម្ពុជា ក្រោម​កម្ចី​សម្បទាន​របស់​ចិន៖ «ស្ពាន​ទី​៧ កសាង​រួម​គ្នា​រវាង​ចិន និង​កម្ពុជា។ ស្ពាន​កោះធំ បាន​បើក​ការដ្ឋាន​ជា​ផ្លូវការ។ ខែ​ក្រោយ​សម្ដេច​អគ្គ​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចិន ពេល​នោះ​ភាគី​យើង​ទាំង​ពីរ​អាច​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​ឥណទាន​អំពី​គម្រោង​នេះ»

គំរូ​ស្ពាន​កោះធំ ខេត្ត​កណ្ដាល។
គំរូ​ស្ពាន​កោះធំ ខេត្ត​កណ្ដាល។ (RFA/Sok Serey)

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន គ្រោង​ចុះ​ហត្ថលេខា​លើ​កម្ចី​សម្បទាន​នេះ និង​គម្រោង​មួយ​ចំនួន​ទៀត​ជាមួយ​មេដឹកនាំ​ចិន នៅ​គ្រា​ដែល​លោក​ទៅ​បំពេញ​ទស្សនកិច្ច និង​ជួប​ប្រធានាធិបតី​ថ្មី​របស់​ចិន លោក ស៊ី ជិនពីង (Xi Jinping) និង​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចិន លោក លី កេជាង (Li Keqiang) នៅ​ដើម​ខែ​មេសា ខាង​មុខ​នេះ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​រិះគន់​ថា ប្រទេស​ចិន ចង់​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ខ្ចី​ប្រាក់ ពីព្រោះ​ចិន​សម្លឹង​ឃើញ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ជា​ថ្នូរ​សង​ឲ្យ​ចិន​វិញ៖ «ឬ​ក៏​មិន​កំណាញ់​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ខ្ចី​លុយ​ដ៏​សន្ធឹកសន្ធាប់​ដើម្បី​កសាង​សមិទ្ធផល​ដែល​មាន​តម្លៃ​ថ្លៃ ហើយ​គ្មាន​គុណភាព ដែល​យើង​សង្កេត​ឃើញ​ថា ចិន​កំពុង​តែ​កោរ​ខ្មែរ​មិន​ដាក់​ទឹក។ សូម​ជម្រាប​ដែរ​ថា ចិន​កំពុង​តែ​ស្រក់​ទឹក​មាត់​នៅ​ពេល​ដែល​គេ​សម្លឹង​ឃើញ​ធនធាន​រ៉ែ​របស់​ប្រទេស​កម្ពុជា​យើង។ នរណា​ក៏​ដឹង​ដែរ​ថា ថ្មីៗ​នេះ ចិន​កំពុង​តែ​មាន​វិធានការ​ដឹក​រ៉ែ​ដែក​ចេញ​ពី​ខេត្ត​ព្រះវិហារ ដែល​គេ​ចំណាយ​លុយ​ប្រមាណ ១២​ពាន់​លាន​ដុល្លារ​អាមេរិក»

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​កោះធំ ថា ស្ពាន​នេះ​ក្រៅ​ពី​មាន​ប្រយោជន៍​ក្នុង​ការ​ឆ្លង​កាត់ និង​ងាយ​ដឹក​ជញ្ជូន​ទំនិញ​វា​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​ព្រំដែន និង​ការពារ​ខ្សែ​ក្រវាត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​ដែរ។

របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ស្ពាន​កោះធំ នេះ គឺ​ជា​ស្ពាន​ទី​២​ហើយ ឆ្លង​កាត់​ទន្លេ​បាសាក់ បន្ទាប់​ពី​ស្ពាន​ទី​១ គឺ​ស្ពាន​តាខ្មៅ ក្រោម​កម្ចី​សម្បទាន​របស់​ចិន​ដែរ។

រដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ចំនួន​សរុប ១៧ ក្នុង​ការ​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ប៉ុន្តែ​គម្រោង​ជាក់ស្ដែង​ចំនួន ៧ កំពុង​ត្រូវ​បាន​អនុវត្តន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។