នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ អ្នកនយោបាយខ្មែរចង់ឲ្យប្រជាពលរដ្ឋមានសេចក្ដីសុខ និងមិនមានការភ័យខ្លាចពីការចាប់ខ្លួន ការបណ្ដេញចេញពីលំនៅឋាន និងការរស់នៅមានសេចក្ដីសុខគ្រប់ៗគ្នាទាំងអស់។
អ្នកវិភាគលើកឡើងថា ការធានាឲ្យប្រជាពលរដ្ឋមានសេចក្ដីសុខនៅទូទាំងប្រទស គឺជាការទទួលខុសត្រូវរបស់អ្នកនយោបាយ ឬរដ្ឋាភិបាល ពិសេសទៅទៀត គេមិនចង់ឃើញប្រជាពលរដ្ឋហូរទឹកភ្នែក ឬការបង្ហូរឈាមទៀតទេនៅក្នុងឆ្នាំថ្មីនេះ។ តើអ្នកនយោបាយបានផ្ញើសារអ្វីខ្លះសម្រាប់ឆ្នាំថ្មីនេះ?
ការវិវឌ្ឍនយោបាយនៅក្នុងរយៈពេលចុងក្រោយនេះ អ្នកនយោបាយគណបក្សជាប់ឆ្នោតទាំងពីរបានបន្ទន់ឥរិយាបថរៀងៗខ្លួន នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់ និងបានជូនពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់មានសេចក្ដីសុខ។
សារអ្នកនយោបាយសំខាន់របស់បក្សជាប់ឆ្នោតទាំងពីរនោះ គឺការប្រើវប្បធម៌សន្ទនាជាធំ និងចង់ឲ្យប្រទេសជាតិមានភាពសុខសាន្ត ឈប់ប្រើប្រាស់វប្បធម៌យកឈ្នះចាញ់គ្នា និងករណីផ្សេងៗទៀត។
នៅក្នុងកិច្ចប្រជុំសភាចុងក្រោយកាលពីថ្ងៃទី៩ មេសា មេដឹកនាំកំពូលគណបក្សជាប់ឆ្នោតទាំងពីរបានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ទោះបីជាអ្នកនយោបាយមានទស្សនៈខុសគ្នាក្ដី ក៏ប៉ុន្តែក្នុងនាមជាខ្មែរដូចគ្នា ដែលរស់នៅលើទឹកដីដ៏កម្សត់នេះ ត្រូវរួបរួមគ្នាកសាងមាតុភូមិ ឲ្យប្រជាពលរដ្ឋមានសេចក្ដីសុខគ្រប់គ្នា និងត្រូវបញ្ឈប់វប្បធម៌ទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី៖ «សូមជូនពរឆ្នាំថ្មីចំពោះសម្ដេច ឯកឧត្ដម លោក ជំទាវ សូមទទួលបាននូវសុខភាពល្អនាឱកាសឆ្នាំថ្មី នូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ចំពោះមេដឹកនាំគណបក្សប្រឆាំងវិញ និងជាប្រធានក្រុមសភាភាគតិចមានឋានៈស្មើនាយករដ្ឋមន្ត្រីផងនោះ លោក សម រង្ស៊ី បានជូនពរឲ្យប្រជាពលរដ្ឋទាំងអស់មានសេចក្ដីសុខនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ លោក សម រង្ស៊ី លើកឡើងថា ចាប់ពីពេលនេះតទៅ អ្នកនយោបាយត្រូវតែគិតគូរពីផលប្រយោជន៍ជាតិជាធំ មិនត្រូវគិតពីផលប្រយោជន៍បក្សជាធំទេ ដើម្បីធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ៖ «ហើយបើយើងប្រកាន់ស្មារតីដូចនេះ ដូចគ្នាតម្កល់ផលប្រយោជន៍ជាតិ អ្នកដឹកនាំមួយចំនួនមានអាយុច្រើនហើយ យើងអត់ចង់បានអ្វីផ្សេងពីនេះទៀតទេ»។
នេះជាសារនយោបាយប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ គណបក្សទាំងពីរនេះ បានប្រយុទ្ធពាក្យសម្ដីឆ្លងឆ្លើយគ្នាយ៉ាងខ្លាំងៗកន្លងមក នៅក្រោយពេលបោះឆ្នោតឆ្នាំ២០១៣ ដ៏ចម្រូងចម្រាសនោះ។ នៅពេលខ្លះក៏មានការប៉ះទង្គិច និងប្រើហិង្សាដាក់គ្នាធ្វើឲ្យមានការបង្ហូរឈាមនៅតាមដងវិថីមួយចំនួននៅពេលបាតុកម្ម។
លើសពីនេះទៀត ការចាប់ចងសកម្មជននយោបាយក៏មានជាបន្តបន្ទាប់ដែរ។ ឥឡូវនេះ អ្វីៗបានវិលមករកភាពប្រក្រតីវិញ បន្ទាប់ពីគណបក្សទាំងពីរបានបង្កើតច្បាប់បោះឆ្នោតថ្មី និងការរៀបចំក្បាលម៉ាស៊ីនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី។
ទន្ទឹមនេះ សកម្មជនដីធ្លី សកម្មជននយោបាយក៏ត្រូវបានតុលាការដោះលែងវិញដែរនៅក្នុងឱកាសចូលឆ្នាំថ្មីនេះ។ ពាក្យពេចន៍សំខាន់ដែលគណបក្សទាំងប្រើឆ្លងឆ្លើយដាក់គ្នានោះ គឺវប្បធម៌សន្ទនា។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋទាំងអស់មានសេចក្ដីសុខនៅក្នុងឱកាសចូលឆ្នាំថ្មីនេះ។
លោក ស ខេង មានប្រសាសន៍ថា សេចក្ដីសុខគឺជាតម្រូវការចាំបាច់របស់មនុស្សទូទៅ៖ «លទ្ធផលទាំងឡាយដែលយើងបានខិតខំប្រឹងប្រែងទាំងអស់គ្នា យកឱកាសដើម្បីប្រសិទ្ធពរ និងជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់បានសុខ ចម្រើន សុភមង្គល មានសេចក្ដីសុខគ្រប់ប្រការ»។
ស្រដៀងគ្នានេះដែរ ចំពោះអនុប្រធានទី១រដ្ឋសភា លោក កឹម សុខា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ថា នៅក្នុងឆ្នាំថ្មីនេះ បញ្ហាសំខាន់ដែលលោកចង់បាននោះ គឺប្រជាពលរដ្ឋរួចផុតពីការភ័យខ្លាច ពោលលោកមិនចង់មានការគំរាមកំហែង តុលាការចាប់ខ្លួនប្រជាពលរដ្ឋ និងគេចផុតពីបញ្ហាភ័យខ្លាចផ្សេងៗទៀតនៅក្នុងសង្គម ។ល។៖ «ចង់ឲ្យអ្នកដឹកនាំបច្ចុប្បន្នស្អីដែលនិយាយជាមួយប្រជាពលរដ្ឋ គឺត្រូវទទួលខុសត្រូវ ស្អីដែលនិយាយគឺវប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ហើយការនិយាយថា ចង់បោះឆ្នោតឲ្យមានសេរីភាពត្រឹមត្រូវ គឺយើងចង់បានបែបហ្នឹង»។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគលើកឡើងថា អ្នកនយោបាយត្រូវរក្សានូវការទទូលខុសត្រូវក្រមសីលធម៌ល្អ កិត្តិយស មានភាពជាអ្នកដឹកនាំឲ្យបានខ្ពស់ និងមានការអត់ឱនឲ្យគ្នាឲ្យបានច្រើនទើបធ្វើឲ្យសង្គមទាំងមូលបានសេចក្ដីសុខនៅក្នុងឆ្នាំថ្មីនេះ។
អ្នកវិភាគផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា អ្នកនយោបាយត្រូវតែអនុវត្ត ឬស្ដែងចេញពីទង្វើរបស់ខ្លួនដូចអ្វីដែលខ្លួនបាននិយាយ ទើបធ្វើឲ្យប្រជារាស្ត្រទទួលបានសេចក្ដីសុខ និងភាពរុងរឿងក្នុងសង្គម៖ «ទង្វើពាក្យពេចន៍ភាសាអ្នកដឹកនាំវាមានឥទ្ធិពលទៅលើប្រជាពលរដ្ឋសាមញ្ញ កាលណាភាសារបស់អ្នកនយោបាយប្រកបដោយភាពហិង្សា នាំឲ្យគំរូហ្នឹងមានអហិង្សាដូចបច្ចុប្បន្ន អ៊ីចឹងបើអ្នកនយោបាយពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួន ហើយការនិយាយពាក្យពេចន៍ និងទង្វើដូចអ្វីដែលខ្លួននិយាយហ្នឹង ជាការល្អ»។
អ្នកវិភាគបន្ថែមថា តម្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋនោះ គឺត្រូវការដីធ្លីធ្វើកសិកម្ម និងប្រព័ន្ធធារាសាស្ត្រ។ ក្រៅពីនេះទៀត រដ្ឋាភិបាលត្រូវបង្វែរដីសម្បទានសេដ្ឋកិច្ចមកជាដីសម្បទានសង្គមកិច្ចចែកឲ្យប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ទើបកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ និងកាត់បន្ថយភាពវឹកវរនៅក្នុងសង្គម។
ជាងនេះទៅទៀត នៅក្នុងស្ថានភាពបច្ចុប្បន្ន អ្នកនយោបាយគណបក្សជាប់ឆ្នោតទាំងពីរកំពុងតែបង្ហាញឆន្ទៈដូចគ្នា ចង់ឲ្យប្រជាពលរដ្ឋមានសេចក្ដីសុខ និងចង់អភិវឌ្ឍន៍ប្រទេស មានភាពរុងរឿង និងភាពសំបូរសប្បាយ នៅក្នុងឆ្នាំថ្មី ឬនៅពេលអនាគត ដោយបញ្ចប់នូវវប្បធម៌សងសឹងគ្នា ដោយកម្ពុជា បានឆ្លងកាត់គ្រប់ជំនាន់ពីមេដឹកនាំខ្មែរបែកបាក់គ្នា គ្មានអ្វី ចំណេញនោះទេ មានតែការអន់ថយ ថែមទាំងជាបទពិសោធន៍អាក្រក់សម្រាប់មេដឹកនាំជំនាន់ក្រោយទៀតនោះ។
ម្យ៉ាងទៀត មេដឹកនាំគណបក្សទាំងពីរគឺលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានយកវប្បធម៌សន្ទនាជាធំ ហើយធ្វើការប្ដេជ្ញាចិត្តថា នឹងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាមួយគ្នា។ ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ មេដឹកនាំគណបក្សទាំងពីរបានដឹកដៃគ្នាទៅកម្សាន្តនៅទឹកដីអង្គរ និងចូលរួមកម្មវិធីអង្គរសង្ក្រាន្តនៅខែត្រសៀមរាប ជាមួយគ្នា។ នេះជាលើកទី១ហើយ ដែលលោក សម រង្ស៊ី និងលោក ហ៊ុន សែន ដែលធ្លាប់តែវាយប្រហារគ្នាជាង ២០ឆ្នាំមកហើយនោះ បានចូលរួមពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរជាមួយគ្នានៅទឹកដីអង្គរនេះ។
យ៉ាងនេះក្ដី គេត្រូវរង់ចាំមើលបន្តទៀតថា តើមេដឹកនាំគណបក្សទាំងពីរនឹងចាប់ដៃគ្នាស្អិតល្មួតនេះបានរយៈពេលប៉ុណ្ណា? ព្រោះថា អ្នកនយោបាយអាចប្រែក្រឡះវិញនៅនាទីចុងក្រោយក៏ថាបាន ពិសេសនៅមុនពេល ឬនៅក្រោយពេលបោះឆ្នោត ដែលអ្នកនយោបាយតែងតែពាក់មុខយក្សដាក់គ្នានោះ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ អ្នកនយោបាយបានជូនពរដូចគ្នា គឺចង់ឲ្យប្រជាពលរដ្ឋខ្មែរមានសេចក្ដីសុខគ្រប់គ្នា និងប្ដេជ្ញាចិត្តកសាងប្រទេសរួមគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។