ក្រសួង​ព័ត៌មាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​រក្សា​ភាព​ស្ងប់ស្ងៀម

ក្រសួង​ព័ត៌មាន​ចេញ​លិខិត​អំពាវនាវ​អោយ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន និង​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ទាំងអស់ ជៀសវាង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជាក់ស្តែង គ្មាន​ប្រភព​ច្បាស់​លាស់ ព្រម​ទាំង​ព័ត៌មាន​ដែល​មាន​លក្ខណៈ​បំប៉ោង បំភិត​បំភ័យ ញុះញង់ អុជអាល​អោយ​មាន​អំពើ​ហិង្សា និង​ការ​ភ័យ​ខ្លាច​ក្នុង​សង្គម។ ការ​អំពាវនាវ​នេះ បាន​កើត​មាន​នៅ​ក្នុង​ពេល​មាន​ព័ត៌មាន​អំពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រុង​ធ្វើ​បាតុកម្ម​តវ៉ា បើ​សិន​ជា​លទ្ធផល​បោះ​ឆ្នោត​មាន​ភាព​មិន​ត្រឹមត្រូវ។

0:00 / 0:00

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១៥ សីហា ក្រសួង​ព័ត៌មាន​បាន​ធ្វើ​ការ​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ បន្ត​រក្សា​ភាព​ស្ងប់ស្ងៀម និង​បន្ត​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ជា​ធម្មតា​ក្នុង​សង្គម។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ពិសេស​ពលរដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ ដែល​កំពុង​ព្រួយ​បារម្ភ​ចំពោះ​អស្ថិរភាព​នយោបាយ និង​អសន្តិសុខ​សង្គម​កម្ពុជា ក្រោយ​ការ​បោះ​ឆ្នោត។

ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ កើត​ឡើង​បន្ទាប់​ពី​មាន​ការ​លេចឮ​ថា បក្ស​ប្រឆាំង​នឹង​ដឹក​នាំ​អ្នក​គាំទ្រ​របស់​ពួក​គេ​ចេញ​ដើរ​តាម​ថ្នល់ ធ្វើ​បាតុកម្ម និង​បន្ទាប់​ពី​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ដាក់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​ត្រៀម​ទុក​ជា​មុន ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​ក្នុង​ពេល​បាតុកម្ម។

ក្រៅ​ពី​អំពាវនាវ​អោយ​ពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងៀម ក្រសួង​ព័ត៌មាន ក៏​បាន​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ពិសេស​បណ្ដាញ​ទំនាក់​ទំនង​សង្គម​នានា អោយ​ចុះ​ផ្សាយ​ព័ត៌មាន ផ្តល់​ព័ត៌មាន ធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន និង​ចែក​រំលែក​ព័ត៌មាន​ដោយ​ផ្អែក​តាម​ភាព​ពិត​ជាក់ស្តែង ប្រកប​ដោយ​វិជ្ជាជីវៈ លើក​កម្ពស់​សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជាតិ​ខ្មែរ។ លើស​ពី​នេះ​ទៀត ក្រសួង​ព័ត៌មាន បាន​អំពាវនាវ​អោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ជៀសវាង​ចុះ​ផ្សាយ​ព័ត៌មាន​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ ព័ត៌មាន​ដែល​មាន​លក្ខណៈ​បំប៉ោង បំភិត​បំភ័យ ញុះញង់ អុជអាល ប៉ុនប៉ង​អោយ​មាន​អំពើ​ហិង្សា និង​ការ​ភ័យ​ខ្លាច​ក្នុង​សង្គម។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៦ សីហា ថា លោក​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​របស់​ក្រសួង​ព័ត៌មាន ដែល​ស្នើ​អោយ​អ្នក​យក​ព័ត៌មាន​ទាំងអស់ គោរព​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​របស់​ពួក​គេ ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។ លោក​មាន​ប្រសាសន៍​ថា បញ្ហា​ដែល​ចោទ​ខ្លាំង​ក្នុង​ផ្នែក​សារព័ត៌មាន​សព្វថ្ងៃ មិន​មែន​លើ​ព័ត៌មាន​បែប​ប្រពៃណី​ទេ តែ​បញ្ហា​ដែល​ចោទ គឺ​លើ​ព័ត៌មាន​បែប​ទំនើប​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​ដែល​អ្នក​ប្រើប្រាស់​ព័ត៌មាន​មួយ​ចំនួន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រភព​ព័ត៌មាន​អោយ​បាន​ច្បាស់​លាស់។

លោក ប៉ែន សមិទ្ធិ៖ «ក្នុង​អំណាច​របស់​គាត់​ជា​ស្ថាប័ន​របស់​រដ្ឋ​មួយ ការ​អំពាវនាវ​ហ្នឹង​មិន​មាន​អី​ដែល​ថា​ខុស​ឆ្គង​អី​ទេ ហើយ​យើង​ធ្វើ​ការ​គិត​ទៅ​លើ​ការ​អំពាវនាវ​ហ្នឹង​ដែរ ប្រសិន​ណា​បើ​សេចក្តី​រាយការណ៍​ព័ត៌មាន​មួយ​ចំនួន​ធ្វើ​ទៅ​មិន​នាំ​អោយ​ស្រុក​ទេស​មាន​ផល​ប្រយោជន៍ មាន​សន្តិភាព ដែល​នេះ​ជា​រឿង​មួយ​ដែល​អ្នក​កាសែត​ត្រូវ​តែ​គិត»

ព្រម​ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១៦ សីហា ឆ្នាំ​២០១៣ ពី​ប្រទេស​សិង្ហបុរី (Singapore) ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច លោក ហួន រាជចំរើន បាន​អំពាវនាវ​អោយ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​កម្ពុជា ប្រសិន​បើ​ដំណោះស្រាយ​ពិត​ប្រាកដ​នៅ​តែ​មិន​អាច​រក​ឃើញ នឹង​ដែល​អាច​នាំ​អោយ​សង្គម​កម្ពុជា ធ្លាក់​ក្នុង​ភាព​វឹកវរ អសន្តិសុខ និង​អស្ថិរភាព។ លោក​ថា ការ​បោះ​ឆ្នោត​ឡើង​វិញ នឹង​ធ្វើ​អោយ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នឹង​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ។

លោក​និយាយ​បន្ថែម​ក្នុង​លិខិត​ថា ប្រសិន​បើ​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ចេះ​តែ​អូស​បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​ពិត​ប្រាកដ​ណា​មួយ​នោះ វា​នឹង​ធ្វើ​អោយ​វិនិយោគិន​បរទេស រួញរា​ចិត្ត​មិន​ចូល​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា។ លោក ហួន រាជចំរើន ក៏​បាន​អំពាវនាវ​អោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី ឈប់​ឈ្លោះ​គ្នា​ដើម្បី​អំណាច ហើយ​អោយ​ឈប់​យក​ខ្មែរ​ធ្វើ​ជា​ទាសករ​នយោបាយ​របស់​ពួក​គេ។

នៅ​ក្នុង​ព្រះរាជសារ ចុះ​ថ្ងៃ​ទី៧ សីហា ឆ្នាំ​២០១៣ ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​រក្សា​ភាព​ស្ងប់ស្ងៀម បន្ត​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​សុខសាន្ត រក្សា​ឯកភាព និង​សាមគ្គី​ភាព​ជាតិ។ ព្រះអង្គ​ក៏​បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ អោយ​បន្ត​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​វិវាទ​ដែល​នៅ​សេសសល់ និង​បញ្ហា​នានា​ដែល​កើត​មាន​ក្នុង​កំឡុង​ពេល​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។