ក្រសួង​មហាផ្ទៃ​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ​៥​ពាន់​នាក់

ក្រសួង​មហាផ្ទៃ សម្រេច​អនុញ្ញាត​ឲ្យ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី២៦ ខែ​សីហា ប៉ុន្តែ ហាម​មិន​ឲ្យ​ពលរដ្ឋ​ជា​អ្នក​គាំទ្រ​ពី​បណ្ដា​ខេត្ត​នានា​ចូល​រួម និង​កំណត់​ចំនួន​អ្នក​ដែល​ចូល​រួម។

0:00 / 0:00

កម្លាំង​សមត្ថកិច្ច និង​កម្លាំង​ប៉េអិម​ជាច្រើន​រយ​នាក់ ត្រៀម​កម្លាំង​ការពារ​សុវត្ថិភាព​ក្នុង​ការ​ជួប​ជុំ​នោះ ប៉ុន្តែ​បាន​ព្រមាន​ថា ប្រសិន​បើ​ការ​ជួប​ជុំ​ប្រែ​ក្លាយ​ទៅ​ជា​ការ​ធ្វើ​បាតុកម្ម​វិញ​នោះ ការ​បង្ក្រាប​អាច​នឹង​មាន​កើត​ឡើង។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សម្រេច​អនុញ្ញាត​ឲ្យ​មាន​កិច្ច​ប្រជុំ​រវាង​គណបក្ស​ប្រឆាំង ជាមួយ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត តាម​ការ​ស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រៀម​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​រសៀល​ថ្ងៃ​ទី២៦ ខែ​សីហា។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា ការ​ជួប​ជុំ​នោះ​អាច​ធ្វើ​ទៅ​បាន ដោយ​មាន​ការ​ព្រមព្រៀង​គោរព​នូវ​លក្ខខណ្ឌ​មួយ​ចំនួន គឺ​ការ​ជួប​ជុំ​ត្រូវ​តែ​បញ្ចប់​យ៉ាង​យូរ​បំផុត​នៅ​ម៉ោង ៦​ល្ងាច ហាម​មិន​ឲ្យ​អ្នក​ចូល​រួម​មក​ពី​បណ្ដា​ខេត្ត​នានា មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ជា​ក្បួន និង​មាន​អ្នក​ចូល​រួម​ប្រមាណ​ត្រឹម ៥​ពាន់​នាក់៖ «ឯកភាព​គ្នា​សម្រេច​ទី១ ធ្វើ​ឲ្យ​ចប់​ត្រឹម​ម៉ោង ៦​ល្ងាច ថ្ងៃ​ច័ន្ទ និង​ទី២ មិន​យក​អ្នក​ដែល​ចូល​រួម​ពី​បណ្ដា​ខេត្ត នៅ​ជុំវិញ​ភ្នំពេញ ឬ​ក្រៅ​ភ្នំពេញ ចូល​រួម​ទេ ហើយ​ទី៣ គឺ​មិន​ធ្វើ​ការ​ដង្ហែ​ក្បួន​ទេ និង​ទី៤ គឺ​គោរព​ច្បាប់​ចរាចរណ៍​អី​ផ្សេងៗ»

លោក ខៀវ សុភ័គ បញ្ជាក់​ថា ដើម្បី​ការពារ​សុវត្ថិភាព​ខណៈ​ដែល​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​តូច​ចង្អៀត ដូច្នេះ​សំណើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ដាក់​មនុស្ស ១​ម៉ឺន​នាក់​នោះ ត្រូវ​បាន​ទាត់​ចោល និង​ត្រូវ​អនុញ្ញាត​ឲ្យ​ដាក់​តែ ៥​ពាន់​នោះ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ជួប​ជុំ​នោះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​មាន​កង​សន្តិសុខ​ផ្ទាល់​ខ្លួន ដើម្បី​គ្រប់គ្រង​អ្នក​មក​ចូល​រួម ហើយ​ត្រូវ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ក្រសួង​មហាផ្ទៃ ដើម្បី​ជួយ​ការពារ​សន្តិសុខ​នៅ​ក្រៅ​ពិធី។

ការ​កំណត់​ចំនួន​មនុស្ស​ចូល​រួម​របស់​ក្រសួង​មហាផ្ទៃ នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ជា​ការ​បិទ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ជួប​ប្រជុំ​គ្នា ដែល​ធានា​ដោយ​ច្បាប់។

ប្រធាន​នាយកដ្ឋាន​សន្តិសុខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ ខែ​សីហា យល់​ឃើញ​ថា វា​អាច​ជា​ការ​លំបាក​មួយ​ក្នុង​ការ​កំណត់​អ្នក​ចូល​រួម។ តួលេខ​នៃ​អ្នក​ចូល​រួម​អាច​មាន​ការ​ប្រែប្រួល ហើយ​មាន​មិន​តិច​ជាង ១​ម៉ឺន​នាក់​នោះ​ទេ​បើ​តាម​គម្រោង។

លោក​អះអាង​ដោយ​ធានា​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​យក​វេទិកា​នោះ​ឲ្យ​ប្រែ​ក្លាយ​ជា​ការ​ធ្វើ​បាតុកម្ម​ឡើយ ហើយ​អ្នក​ចូល​រួម​ជា​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ក្នុង​បំណង​ចង់​ប្រាប់​ទៅ​ម្ចាស់​ឆ្នោត​ពី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ៖ «ថេរវេលា ខ្ញុំ​គិត​ថា មិន​ប្រើ​ពេល​យូរ​ទេ ហើយ​ខ្ញុំ​បាន​បញ្ជាក់​ជំហរ​ក្នុង​ប្រជុំ​ច្បាស់​លាស់​ហើយ។ ការ​កំណត់​ចំនួន​ហ្នឹង ដូច​ជា​មិន​ចាំបាច់​ប្រើប្រាស់​ថា ចំនួន​ប៉ុន្មាន​ទេ ព្រោះ​យើង​អត់​មាន​ថា​គិត​យក អា​ហ្នឹង​ទៅ​ធ្វើ​អី បាន​ន័យ​ថា យើង​ប្រើប្រាស់​ចំនួន​អ្នក​ដែល​គាំទ្រ​រាជធានី​ភ្នំពេញ ទេ អ៊ីចឹង​ការ​កំណត់​ចំនួន​ហ្នឹង ខ្ញុំ​អត់​ទទួល​យក​បាន​ទេ វា​អាច​ប្រែប្រួល​តិច​តួច»

អាជ្ញាធរ សមត្ថកិច្ច​ប្រដាប់​អាវុធ និង​រាជ​រដ្ឋាភិបាល​ហាក់​ខ្លាច​មាន​ការ​ធ្វើ​បាតុកម្ម​ណា​មួយ ដែល​ផ្ទុះ​ឡើង​ពី​មហាជន ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​គណបក្ស​នេះ​បាន​កៀងគរ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ បញ្ជាក់​ថា កម្លាំង​រាជ​អាវុធហត្ថ​ច្រើន​រយ​នាក់ នឹង​ចូល​រួម​ទៅ​ការពារ​សុវត្ថិភាព​នៅ​កិច្ច​ប្រជុំ​របស់​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ច័ន្ទ។ លោក ខេង ទីតូ បញ្ជាក់​ថា កម្លាំង​កង​រាជ​អាវុធហត្ថ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​បង្ក្រាប​ក្រុម​បាតុករ ប្រសិន​បើ​ការ​ជួប​ជុំ​នោះ​ឈាន​ទៅ​ធ្វើ​បាតុកម្ម​ហិង្សា​កើត​ឡើង៖ «យើង​ត្រៀម​កម្លាំង​ដើម្បី​បំពេញ​តួនាទី​តាម​ភារកិច្ច​ពីរ ទី១ គឺ​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សន្តិសុខ​សាធារណៈ បើ​ឈាន​ដល់​ករណី​បង្ក្រាប គឺ​យើង​បង្ក្រាប​ហើយ»

ក្រោយ​ការ​បោះ​ឆ្នោត ប្រជាពលរដ្ឋ​បាន​ឃើញ​មាន​ការ​ចល័ត​កម្លាំង​មាន​សមត្ថកិច្ច កម្លាំង​កង​រាជ​អាវុធហត្ថ និង​រថក្រោះ​ជាច្រើន​គ្រឿង។ កម្លាំង​ទាំង​នោះ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រៀម​បង្ក្រាប​ក្រុម​បាតុករ ប្រសិន​បើ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ឈ្នះ​ការ​បោះ​ឆ្នោត​រៀងៗ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។