ឯកសារនោះមានចំណងជើងថា ឯកសារពាក់ព័ន្ធផែនការធ្វើមហាបាតុកម្ម ដើម្បីផ្លាស់ប្ដូរសង្គម។ ក្រសួងមហាផ្ទៃ ចាត់ទុកសកម្មភាពទាំងនោះថា ជាការបំផុសឲ្យមានបាតុកម្មផ្ដួលរំលំរដ្ឋាភិបាល។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បានបដិសេធចំពោះការចោទកាន់នេះ។
លេខាធិការដ្ឋាននៃគណៈកម្មការអចិន្ត្រៃយ៍ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៃការបោះឆ្នោតនៃក្រសួងមហាផ្ទៃ បានចងក្រងឯកសារ រួមទាំងមានជាបន្ទះ ឌីវីឌី វីដេអូក្លីប (DVD Video Clip) ចំនួនពីរបន្ទះផង ដែលបង្ហាញពីមេដឹកនាំបក្សប្រឆាំងបាននិយាយពាក់ព័ន្ធអំពីគម្រោងធ្វើបាតុកម្មក្រោយកាបោះឆ្នោត បើសិនជាជម្លោះនោះមិនមានការដោះស្រាយដោយយុត្តិធម៌។
នេះជាឯកសារវីដេអូកាត់ខ្លីៗ ដែលស្រង់ចេញពីពិធីជួបជុំរបស់ លោក កឹម សុខា និង លោក សម រង្ស៊ី ដែលបានជួបជាមួយប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តក្រុង និងរាជធានីកន្លងមក។ ឌីវីឌីទាំងពីរនោះ ចែកដាច់ពីគ្នារវាងសកម្មភាពរបស់ លោក កឹម សុខា និង លោក សម រង្ស៊ី។
មន្ត្រីនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃច័ន្ទ ទី២៦ សីហា ថា ឯកសារទាំងនោះបានចែកទៅខាងសង្គមស៊ីវិល និងស្ថានទូតនានាក្នុងប្រទេសកម្ពុជា ដើម្បីឲ្យដឹងទុកជាមុនពីសកម្មភាពអវិជ្ជមានរបស់មេដឹកនាំគណបក្សប្រឆាំង។
លោកបន្តថា យ៉ាងណាក៏ដោយ រដ្ឋាភិបាលមានកាតព្វកិច្ចដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការពាររដ្ឋធម្មនុញ្ញក្នុងករណីមានបាតុកម្មឈានទៅរកកុបកម្មនៅពេលណាមួយនោះ។
ឯកសារទាំងនោះ ក្រៅពីវីដេអូក្លីប និងអត្ថបទសម្រង់សម្ដីរបស់មេបក្សប្រឆាំង ក៏នៅមានដកស្រង់ការសរសេរឆ្លងឆ្លើយគ្នាតាមសង្គមហ្វេសប៊ុក (Facebook) ដែលមានការអំពាវនាវឲ្យគាំទ្របក្សប្រឆាំង។
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបដិសេធ និងបានពន្យល់ថា ការធ្វើបាតុកម្មជាជម្រើសចុងក្រោយ ហើយមិនមែនចង់ផ្ដួលរំលំរដ្ឋាភិបាលនោះទេ គឺដើម្បីរកយុត្តិធម៌ក្នុងការបោះឆ្នោតដោយត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។
មន្ត្រីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ចាន់ សុវ៉េត មានប្រសាសន៍ថា នេះជាការបង្ហាញពីផែនការត្រៀមទុកជាមុននូវការចោទប្រកាន់ប្ដឹងផ្ដល់គ្នាក្នុងនយោបាយក្រោយការបោះឆ្នោត។ ប៉ុន្តែ លោកថា បើស្ថិតក្នុងដំណាក់កាលចរចាគ្នារកដំណោះស្រាយដោយសន្តិវិធីនោះ មិនគួរភាគីណាមួយព្យាយាមរកវិធីចោទប្រកាន់ទម្លាក់កំហុស ឬប្ដឹងផ្ដល់គ្នា ដែលនាំឲ្យមានភាពតានតឹងថែមទៀតនោះទេ។
ការចងក្រងឯកសាររបស់ក្រសួងមហាផ្ទៃ ដែលមានចំណងជើងថា ឯកសារពាក់ព័ន្ធផែនការធ្វើមហាបាតុកម្មផ្ដួលរំលំ ឬផ្លាស់ប្ដូរនេះ គឺស្របពេលដែលមេដឹកនាំបក្សប្រឆាំងបានចុះជួបប្រជាពលរដ្ឋតាមបណ្ដាខេត្តក្រុងជាប់ៗគ្នា ហើយចុងក្រោយនេះ គឺនៅថ្ងៃច័ន្ទ ទី២៦ ខែសីហា បានជួបជុំគ្នាក្នុងទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ។
តែទោះយ៉ាងណា គម្រោងធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំង ដែលថាទាមទារយុត្តិធម៌ឲ្យម្ចាស់ឆ្នោតនោះ ក៏មិនទាន់លេចចេញជារូបរាងយ៉ាងណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។