ក្រសួង​មហាផ្ទៃ​បង្ហាញ​ឯកសារ​វីដេអូ​ចោទ​បក្ស​ប្រឆាំង​បំផុស​ឲ្យ​មាន​បាតុកម្ម​

ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ច័ន្ទ ទី២៦ ខែ​សីហា បាន​បង្ហាញ​ឯកសារ​ដែល​ចងក្រង​ពី​សកម្មភាព​របស់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​នៅ​តាម​បណ្ដា​ខេត្ត-ក្រុង និង​រាជធានី។

0:00 / 0:00

ឯកសារ​នោះ​មាន​ចំណង​ជើង​ថា ឯកសារ​ពាក់ព័ន្ធ​ផែន​ការ​ធ្វើ​មហា​បាតុកម្ម ដើម្បី​ផ្លាស់​ប្ដូរ​សង្គម។ ក្រសួង​មហាផ្ទៃ ចាត់​ទុក​សកម្មភាព​ទាំង​នោះ​ថា ជា​ការ​បំផុស​ឲ្យ​មាន​បាតុកម្ម​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ចំពោះ​ការ​ចោទ​កាន់​នេះ។

លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​អចិន្ត្រៃយ៍ ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​នៃ​ការ​បោះ​ឆ្នោត​នៃ​ក្រសួង​មហាផ្ទៃ បាន​ចងក្រង​ឯកសារ រួម​ទាំង​មាន​ជា​បន្ទះ ឌីវីឌី វីដេអូ​ក្លីប (DVD Video Clip) ចំនួន​ពីរ​បន្ទះ​ផង ដែល​បង្ហាញ​ពី​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​បាន​និយាយ​ពាក់ព័ន្ធ​អំពី​គម្រោង​ធ្វើ​បាតុកម្ម​ក្រោយ​កា​បោះ​ឆ្នោត បើ​សិន​ជា​ជម្លោះ​នោះ​មិន​មាន​ការ​ដោះស្រាយ​ដោយ​យុត្តិធម៌។

នេះ​ជា​ឯកសារ​វីដេអូ​កាត់​ខ្លីៗ ដែល​ស្រង់​ចេញ​ពី​ពិធី​ជួប​ជុំ​របស់ លោក កឹម សុខា និង លោក សម រង្ស៊ី ដែល​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង និង​រាជធានី​កន្លង​មក។ ឌីវីឌី​ទាំង​ពីរ​នោះ ចែក​ដាច់​ពី​គ្នា​រវាង​សកម្មភាព​របស់ លោក កឹម សុខា និង លោក សម រង្ស៊ី។

មន្ត្រី​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ សីហា ថា ឯកសារ​ទាំង​នោះ​បាន​ចែក​ទៅ​ខាង​សង្គម​ស៊ីវិល និង​ស្ថានទូត​នានា​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ដឹង​ទុក​ជា​មុន​ពី​សកម្មភាព​អវិជ្ជមាន​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង។

លោក​បន្ត​ថា យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​ការពារ​រដ្ឋធម្មនុញ្ញ​ក្នុង​ករណី​មាន​បាតុកម្ម​ឈាន​ទៅ​រក​កុបកម្ម​នៅ​ពេល​ណា​មួយ​នោះ។

ឯកសារ​ទាំង​នោះ ក្រៅ​ពី​វីដេអូ​ក្លីប និង​អត្ថបទ​សម្រង់​សម្ដី​របស់​មេ​បក្ស​ប្រឆាំង ក៏​នៅ​មាន​ដក​ស្រង់​ការ​សរសេរ​ឆ្លង​ឆ្លើយ​គ្នា​តាម​សង្គម​ហ្វេសប៊ុក (Facebook) ដែល​មាន​ការ​អំពាវនាវ​ឲ្យ​គាំទ្រ​បក្ស​ប្រឆាំង។

ពាក់ព័ន្ធ​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បដិសេធ និង​បាន​ពន្យល់​ថា ការ​ធ្វើ​បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ ហើយ​មិន​មែន​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ គឺ​ដើម្បី​រក​យុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា នេះ​ជា​ការ​បង្ហាញ​ពី​ផែន​ការ​ត្រៀម​ទុក​ជា​មុន​នូវ​ការ​ចោទ​ប្រកាន់​ប្ដឹង​ផ្ដល់​គ្នា​ក្នុង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត។ ប៉ុន្តែ លោក​ថា បើ​ស្ថិត​ក្នុង​ដំណាក់​កាល​ចរចា​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​នោះ មិន​គួរ​ភាគី​ណា​មួយ​ព្យាយាម​រក​វិធី​ចោទ​ប្រកាន់​ទម្លាក់​កំហុស ឬ​ប្ដឹង​ផ្ដល់​គ្នា ដែល​នាំ​ឲ្យ​មាន​ភាព​តាន​តឹង​ថែម​ទៀត​នោះ​ទេ។

ការ​ចងក្រង​ឯកសារ​របស់​ក្រសួង​មហាផ្ទៃ ដែល​មាន​ចំណង​ជើង​ថា ឯកសារ​ពាក់ព័ន្ធ​ផែន​ការ​ធ្វើ​មហា​បាតុកម្ម​ផ្ដួល​រំលំ ឬ​ផ្លាស់​ប្ដូរ​នេះ គឺ​ស្រប​ពេល​ដែល​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត​ក្រុង​ជាប់ៗ​គ្នា ហើយ​ចុង​ក្រោយ​នេះ គឺ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​សីហា បាន​ជួប​ជុំ​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ។

តែ​ទោះ​យ៉ាង​ណា គម្រោង​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង ដែល​ថា​ទាមទារ​យុត្តិធម៌​ឲ្យ​ម្ចាស់​ឆ្នោត​នោះ ក៏​មិន​ទាន់​លេច​ចេញ​ជា​រូប​រាង​យ៉ាង​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។