គណបក្សសង្គ្រោះជាតិ ហៅគម្រោងនៃការរារាំងមិនអនុញ្ញាតឲ្យសមណនិស្សិតបានគង់នៅក្នុងវត្តបន្ត ព្រោះតែត្រូវគេរកឃើញថា ព្រះអង្គមានកំហុសក្នុងការចូលរួមនយោបាយជាមួយប្រឆាំង គឺជាផ្នែកមួយរំលោភសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមសកម្មភាពនយោបាយ ដែលធានាដោយរដ្ឋធម្មនុញ្ញ។
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៧ សីហា របស់គណបក្សសង្គ្រោះជាតិ សរសេរថា ព្រះព្រះតេជព្រះគុណ វឿង សំណាង ដែលជាសមណនិស្សិតផ្នែករដ្ឋបាលនៃពុទ្ធិកសកលវិទ្យាល័យ និងជានិស្សិតនៅសកលវិទ្យាល័យបញ្ញាសាស្ត្រ ត្រូវបានគ្រូសូត្រស្ដាំវត្តបទុមវតី ព្រះនាម ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ បញ្ជាឲ្យបណ្ដេញចេញពីកុដិទាំងយប់។
លិខិតបន្តថា ការមិនអនុញ្ញាតឲ្យព្រះអង្គគង់នៅបន្តនេះ ក្រោយពីព្រះអង្គនិមន្តចូលរួមក្នុងពិធីជួបជុំសំណេះសំណាលរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ សីហា នៅទីលានប្រជាធិបតេយ្យ។
បន្ថែមលើសេចក្ដីថ្លែងការណ៍នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងថា នេះជាការរើសអើងផ្នែកនយោបាយប្រឆាំងនឹងការចូលរួមដោយសន្តិវិធី ដែលធានាដោយច្បាប់។ លោកគិតថា រដ្ឋាភិបាលគួរដើរតួនាទីដោះស្រាយ ហើយផ្ដន្ទាទោសអ្នកដែលនាំឲ្យកើតបញ្ហា។ លើសពីនេះ ត្រូវប្រាកដថា ព្រះតេជព្រះគុណ វឿង សំណាង បានគង់នៅវត្តដូចធម្មតាវិញ។
លោក យឹម សុវណ្ណ៖ «ហើយអ្នកដែលចាត់វិធានការ ហើយអំណាចមកទល់ពេលនេះ មានអំណាចក្នុងការដោះស្រាយបញ្ហានោះ គឺរដ្ឋាភិបាល។ អ្នកណា ជនណាធ្វើអ្វីខុសច្បាប់ គឺរដ្ឋាភិបាលជាអ្នកអនុវត្តច្បាប់។ ដូច្នេះរដ្ឋាភិបាលត្រូវតែគិតគូររឿងហ្នឹង ហើយត្រូវតែដោះស្រាយ ត្រូវតែពិនិត្យមើលទោសទណ្ឌចំពោះអ្នកដែលបានប្រព្រឹត្តខុស»។
បដិសេធនឹងការចោទប្រកាន់នេះ ព្រះតេជព្រះគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាគ្រូសូត្រស្ដាំវត្តបទុមវតី មានថេរដីកាថា ព្រះអង្គ និងគណៈសង្ឃពុំមានចេតនាណាមួយបណ្ដេញព្រះសង្ឃចេញពីវត្តដូចសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិឡើយ៖ «ពីម្សិលមិញហ្នឹងឥតបានជួបលោកហ្នឹងផង ហើយដល់ឃើញព័ត៌មានព្រឹកនេះបាននិមន្តលោកឲ្យមេកុដិ ២៥ និមន្តលោកព្រះអង្គ វឿង សំណាង មកជួបមើលថា ប្អូនៗឯងយ៉ាងម៉េច ករុណាឥតទាន់ជួបអូនឯងផង ឃើញអូនឯងដាក់ថាដេញ។ បានលោកមកសុំទោសថា លោកគ្រូ ករុណាឥតដឹងផង ករុណាឥតបានសរសេររឿងហ្នឹងទេ។ ចុះពីណាអ្នកសរសេរពីណាអ្នកដឹងរឿង បើករុណាហើយអូនឯងឥតបានជួបគ្នាផង»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ការចូលរួមក្នុងសកម្មភាពនយោបាយរបស់ព្រះសង្ឃគឺពុំទាស់ខុសអ្វីទៅនឹងច្បាប់ឡើយ។
លោកបន្តថា អ្វីដែលផ្ទុយពីច្បាប់នោះ លើកលែងតែព្រះសង្ឃឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យប៉ុណ្ណោះ៖ «សូម្បីតែវិន័យវត្តក៏ឥតមានដែរ វិន័យពុទ្ធសាសនាក៏ឥតមានដែរ។ វិន័យហ្នឹងមិនមានពាក់ព័ន្ធនឹងរឿងនយោបាយទេ។ លើកលែងតែព្រះសង្ឃឈរទៅឈ្មោះនយោបាយ ជាសកម្មហ្មង អាហ្នឹងផ្សេង ប៉ុន្តែព្រះសង្ឃមិនមែនជាបេក្ខជនតំណាងរាស្ត្រ»។
នៅនាទីចុងក្រោយ ព្រះតេជព្រះគុណ វឿង សំណាង ត្រូវបានមន្ត្រីសង្ឃគំរាមមិនឲ្យទម្លាយព័ត៌មានជាសាធារណៈ ជាថ្នូរនឹងការអនុញ្ញាតឲ្យព្រះអង្គបានគង់នៅក្នុងវត្តបទុមវតីជាធម្មតាឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។