កម្លាំង​យោធា​ប្រមាណ​៦០​នាក់​បន្ថែម​ទៀត​ត្រូវ​គេ​បង្កើន​នៅ​ខេត្ត​កំពត

នៅ​ក្នុង​ពេល​មាន​ព័ត៌មាន​ថា កង​កម្លាំង​យោធា​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ច្រក​ចូល​សំខាន់ៗ​មក​កាន់​ទីក្រុង ត្រូវ​បាន​រដ្ឋាភិបាល​កំពុង​បង្កើន​ការ​ចល័ត​ទ័ព និង​រថពាសដែក​ជា​បន្តបន្ទាប់​មក​នេះ នៅ​ខេត្ត​កំពត ក៏​មាន​សេចក្ដី​រាយការណ៍​មក​ថា ទាំង​កម្លាំង​យោធា​ជើង​គោក និង​ជើង​ទឹក ក៏​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​តាម​តំបន់​គោលដៅ​សំខាន់ៗ​ដែរ។

0:00 / 0:00

មន្ត្រី​ស្រាវជ្រាវ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​យោធា​របស់​រដ្ឋាភិបាល ដែល​គ្រប់គ្រង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើន​ការ​ចល័ត​របស់​ខ្លួន​បន្ថែម​ទៀត មក​កាន់​ទី​រួម​ខេត្ត​កំពត ពី​វរ​ព្រំដែន​កម្ពុជា-វៀតណាម។

ការ​បង្ហាញ​វត្តមាន​ផ្នែក​យោធា​របស់ លោក ហ៊ុន សែន នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ដំណើរ​នយោបាយ​របស់​កម្ពុជា ចាត់​ទុក​ថា ធ្វើ​ឡើង​គឺ​ចំ​ពេល​ដែល​ស្ថានការណ៍​បន្ត​តានតឹង ក្រោយ​ថ្ងៃ​បោះ​ឆ្នោត និង​ពុំ​មែន​ជា​ការ​ចៃដន្យ​នោះ​ឡើយ ដែល​ថា​ការ​ពង្រឹង​យោធា​នេះ គឺ​ដើម្បី​រក្សា​សន្តិសុខ​របស់​ជាតិ​នោះ។

លោក យន់ ផល្លី អ្នក​ស្រាវជ្រាវ​មក​ពី​អង្គការ លីកាដូ ប្រចាំ​ខេត្ត​កំពត និយាយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ កម្លាំង​យោធា​ទាំង​ជើង​ទឹក និង​ជើង​គោក ត្រូវ​បាន​គេ​ពង្រាយ​បន្ថែម​ទៀត​ចូល​មក​ទី​រួម​ខេត្ត​កំពត ប្រមាណ ៦០​នាក់ បន្ថែម​លើ​កម្លាំង​ដែល​មាន​ស្រាប់។ លោក​បន្ត​ថា កម្លាំង​ទាំងអស់​ត្រូវ​បាន​គេ​យក​ចេញ​ពី​វរ​ការពារ​ព្រំដែន​គោក ៦០១ នៅ​ចំណុច​ទាន់ហន់ និង​លក ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ព្រម​ទាំង​វរ​ព្រំដែន​ទឹក​អង្គភាព ២៤១។ លោក​បន្ត​ថា ការ​ចល័ត​នេះ​ធ្វើ​ឡើង​យ៉ាង​ស្ងប់ស្ងាត់ នៅ​តាម​តំបន់​គោលដៅ​សំខាន់ៗ​របស់​ខេត្ត។

បើ​ទោះ​ជា​មាន​ការ​រឹត​បន្តឹង​ផ្នែក​យោធា​យ៉ាង​នេះ​ក្ដី ក៏ប៉ុន្តែ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កំពត និយាយ​ថា គេ​ហាក់​ពុំ​មាន​ការ​ភ័យ​ខ្លាច​ឡើយ ព្រោះ​ភាព​តានតឹង​ផ្នែក​នយោបាយ​នេះ ទុក​ឲ្យ​អ្នក​នយោបាយ​ជា​អ្នក​ដោះស្រាយ​វិញ។ ហើយ​ទំនង​បញ្ហា​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សហគមន៍​របស់​គេ​នោះ​ទេ។

ច្រាន​ចោល​បញ្ហា​ដែល​ថា​មាន​ការ​ចល័ត​កម្លាំង​យោធា​នេះ ស្នងការ​នគរបាល​ខេត្ត​កំពត លោក ថ្លាង ភារិន្ទ អះអាង​ថា ពុំ​មាន​ការ​ពង្រាយ​សមត្ថកិច្ច​ដូច​ការ​រក​ឃើញ​នោះ​ឡើយ។

ចំណែក​មេ​បញ្ជាការ​ជើង​ទឹក​វរ​ព្រំដែន ២៤១ លោក ណុប សារឹម ឲ្យ​ដឹង​ថា គ្រប់​កម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​ដាក់​ពង្រាយ​នេះ ពុំ​មែន​ធ្វើ​ឡើង​ចំ​ពេល​ស្ថានការណ៍​មាន​ភាព​តានតឹង​ទេ។ លោក​បញ្ជាក់​ថា អ្វី​ដែល​កងទ័ព​ជើង​ទឹក​ដាក់​ពង្រាយ​នៅ​តាម​តំបន់​គោលដៅ គឺ​ដើម្បី​ការពារ​សុវត្ថិភាព និង​សន្តិសុខ​ដល់​ពលរដ្ឋ ទៅ​តាម​ការ​ព្យាករ​របស់​ឧតុនិយម​អំពី​បញ្ហា​ព្យុះ​ប៉ុណ្ណោះ។

លើស​ពី​នេះ ប្រភេទ​ម៉ារីន របស់​កង​នាវាចរ​ជើង​ទឹក ត្រូវ​គេ​យក​មក​សំចត​នៅ​ផែ​ខាង​មុខ​សាលា​ខេត្ត​កំពត អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ។ ការ​ចត​ម៉ារីន ដែល​ពុំ​ធ្លាប់​មាន​នេះ ត្រូវ​បាន​ពលរដ្ឋ​នៅ​ខេត្ត​កំពត សន្និដ្ឋាន​ថា នេះ​ទំនង​ជា​ការ​ដាក់​ដើម្បី​គំរាម​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​លទ្ធផល​ឆ្នោត ជា​ជាង​ការពារ​សន្តិសុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។