តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ត្រូវសន្តិសុខខណ្ឌដូនពេញ បណ្ដេញពីទីលានប្រជាធិបតេយ្យពីរថ្ងៃជាប់គ្នា ខណៈអ្នកស្រីមានបំណងផ្សព្វផ្សាយអំពីច្បាប់អ្នកដែលគេឃាត់ខ្លួន។ តើមានសិទ្ធិការពារខ្លួនអ្វីខ្លះ?
អ្នកស្រី មូរ សុខហួរ បន្តថា ពីរថ្ងៃហើយដែលគាត់ធ្វើដំណើរទៅទីលានប្រជាធិបតេយ្យ ប៉ុន្តែនៅព្រឹកថ្ងៃទី៣ ខែមេសា ក្រុមសន្តិសុខខណ្ឌដូនពេញ បានរុញគាត់ចេញពីទីលានមកខាងក្រៅ ហើយគាត់បានដើរពីទីលានប្រជាធិបតេយ្យ រហូតដល់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ៖ «ម្សិលមិញ ហើយនិងព្រឹកមិញ ខ្ញុំទៅតែម្នាក់ឯងទេ។ អ្វីដែលខ្ញុំធ្វើនេះ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប ជាស្ត្រីខ្មែរមួយរូប ខ្ញុំទាមទារយកសិទ្ធិនៅក្នុងការបញ្ចេញមតិ ទីលានហ្នឹងហើយ គឺជាកន្លែងដែលរដ្ឋាភិបាលបានដាក់ជាច្បាប់ ដាក់ទីលានសម្រាប់ឲ្យបញ្ចេញមតិ។ អ៊ីចឹងខ្ញុំអត់មានកន្លែងណាទៅបញ្ចេញមតិទេ មានតែកន្លែងហ្នឹងហើយ បើសិនជាច្បាប់របស់រដ្ឋាភិបាល ដែលនិយាយថា បើសិនជាចង់បញ្ចេញមតិ កុំឲ្យលើសពី ៩នាក់ ហើយខ្ញុំទៅតែម្នាក់ឯង ហើយទៅក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ស្ត្រីខ្មែរ ហើយដែលពួកអ្នកកាសែត ពួកគេដើរតាម អាហ្នឹងរឿងគេទេ មិនមែនរឿងខ្ញុំទេ តែខ្ញុំៗទៅតែម្នាក់ឯងទេ»។
អ្នកស្រីបន្តថា នឹងទៅទីលានប្រជាធិបតេយ្យរៀងរាល់ព្រឹកម៉ោង៨។ គាត់ទៅរហូតទាល់តែអ្នករារាំងរូបគាត់ យល់ដោយខ្លួនឯងពីសិទ្ធិនៃការប្រើប្រាស់ទីលានប្រជាធិបតេយ្យ ដែលជាកន្លែងសម្រាប់មហាជនសម្ដែងមតិ មិនមែនកន្លែងហាត់សមយុទ្ធទេ។
កាលពីថ្ងៃទី២៨ ខែមីនា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានជូនដំណឹងទៅគណបក្សសង្គ្រោះជាតិ ហាមយកទីលានប្រជាធិបតេយ្យជាទីប្រជុំគ្នា ព្រោះអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត ដែលនាំឲ្យកើតមានអំពើហិង្សា និងការខាតបង់នានាក្នុងព្រឹត្តិការណ៍កន្លងមក មិនទាន់បានបញ្ចប់ជាស្ថាពរ និងដើម្បីបញ្ចៀសនូវភាពចលាចលដែលអាចកើតមានពីជនឆ្លៀតឱកាស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។