តំណាង​រាស្ត្រ​បក្ស​ទាំង​ពីរ​នៅ​ខេត្ត​បាត់ដំបង​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រក្សា​វប្បធម៌​សន្ទនា

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ប្រមាណ ៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា យក​បញ្ហា​ដែល​ជា​ទុក្ខ​លំបាក​ក្នុង​មូលដ្ឋាន ដាក់​ជូន​តំណាង​រាស្ត្រ​ឲ្យ​ជួយ​ដោះស្រាយ​ក្នុង​វេទិកា​ម្ចាស់​ឆ្នោត ជួប​នឹង​តំណាង​រាស្ត្រ។

សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ប្រកាន់​វប្បធម៌​សន្ទនា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រោះ​ថា បញ្ហា​របស់​ពួក​គាត់​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​ថ្នាក់​មូលដ្ឋាន​នោះ អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ដោះស្រាយ​ជូន​ពួក​គាត់​ឲ្យ​បាន​សមស្រប​នៅ​ឡើយ។

ទាំង​សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច និង​សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ប្រកាន់​គោល​ជំហរ​ស្រដៀង​គ្នា​ថា វប្បធម៌​សន្ទនា​នៅ​តែ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ។

លោក ឈាង វុន និង​លោក គី វណ្ណដារ៉ា ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​វេទិកា​សាធារណៈ ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ សម្រាប់​កិច្ចការ​អន្តរជាតិ (NDI) នៅ​វត្ត​គាស់ក្រឡ ឃុំ​គាស់ក្រឡ និង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។

នៅ​ក្នុង​វេទិកា​ដែល​រៀបចំ​ឡើង​ដោយ​ស្ថាប័ន​អន្តរជាតិ​នេះ ប្រជាពលរដ្ឋ​មាន​ឱកាស​សម្ដែង​មតិ​ពី​ទុក្ខ​កង្វល់​ផ្ទាល់​ខ្លួន ដាក់​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដោះស្រាយ​ភ្លាមៗ។ រឿង​ទំនាស់​ដីធ្លី និង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ភាគ​ច្រើន ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​នោះ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​សម្ដែង​មតិ ស្នើ​ឲ្យ​សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ជំរុញ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់ ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ៖ «ខ្ញុំ​រស់នៅ​លើ​ដី​ខ្ញុំ​ប្រមាណ ២០​ឆ្នាំ​ហើយ ប៉ុន្តែ​មេ​ឃុំ​ឈូស​ឆាយ​រំលោភ​យក​ដី​ខ្ញុំ​ទៅ​លក់​ស្ទើរ​អស់ ហើយ​ដី​ដែល​នៅ​សល់​បន្តិចបន្តួច អាជ្ញាធរ​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ខ្ញុំ​ទេ។ ប្រជាពលរដ្ឋ​ចំនួន ១៨​គ្រួសារ​គ្មាន​ផ្លូវ​ចេញ​ចូល​ក្នុង​ភូមិ​ទេ ពីព្រោះ​ខែ​សីហា ខាង​មុខ​នេះ អាជ្ញាធរ​បិទ​ផ្លូវ​ដែល​យើង​ខ្ញុំ​ធ្លាប់​ចេញ​ចូល​នោះ​ហើយ។ ចាប់​តាំង​ពី​អាជ្ញាធរ​ធ្វើ​ប្រឡាយ​ទឹក​មក ពួក​ខ្ញុំ​នៅ​ប៉ែក​ខាង​លើ​គ្មាន​ទឹក​ធ្វើ​ស្រែ​ទេ»

បន្ទាប់​ពី​ប្រជាពលរដ្ឋ​ឡើង​មាន​មតិ​ហើយ អ្នក​សម្រប​សម្រួល​កម្មវិធី អនុញ្ញាត​ឲ្យ​អ្នក​តំណាង​រាស្ត្រ​បកស្រាយ​នឹង​សំណួរ​របស់​ម្ចាស់​ឆ្នោត​ម្នាក់​ចំនួន ២០​នាទី។ យ៉ាង​ណា​ក៏ដោយ សមាជិក​សភា​គណបក្ស​ទាំង​ពីរ ហាក់​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ។ ភាព​ស្និទ្ធស្នាល​គ្នា​នេះ ទំនង​បណ្ដាល​មក​ពី​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​ត្រូវរ៉ូវ​គ្នា ដែល​ថ្មីៗ​នេះ ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ពិសា​អាហារ​ជា​លក្ខណៈ​គ្រួសារ​រួម​គ្នា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ដើម​ខែ​កក្កដា កន្លង​ទៅ។

ប្រជាពលរដ្ឋ​ឡើង​មាន​មតិ​ក្នុង​វេទិកា​សាធារណៈ​ម្ចាស់​ឆ្នោត​ជួប​ជាមួយ​តំណាង​រាស្ត្រ នៅ​វត្ត​គាល់ក្រឡ ឃុំ​គាល់ក្រឡ ស្រុក​គាល់ក្រឡ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។
ប្រជាពលរដ្ឋ​ឡើង​មាន​មតិ​ក្នុង​វេទិកា​សាធារណៈ​ម្ចាស់​ឆ្នោត​ជួប​ជាមួយ​តំណាង​រាស្ត្រ នៅ​វត្ត​គាល់ក្រឡ ឃុំ​គាល់ក្រឡ ស្រុក​គាល់ក្រឡ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។ (RFA/Hum Chamroeun)

សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​យក​ពេលវេលា​របស់​គាត់​មួយ​ចំនួន​ដែល​អ្នក​សម្រប​សម្រួល​កំណត់​ឲ្យ​ម្នាក់ ២០​នាទី បកស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះ ដោយ​កោះ​ហៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើង​ពន្យល់​ប្រជាពលរដ្ឋ​វិញ។ លោក ឈាង វុន ជំរុញ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​សុខ​ទុក្ខ​របស់​អ្នក​ភូមិ ដែល​បាន​លើក​ឡើង​ក្នុង​កម្មវិធី​ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​ឡើយ៖ «អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​មាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់ ហើយ​ប្រសិន​បើ​ដី​ណា​រដ្ឋ​ហាម​ឃាត់ ហើយ​យើង​អាច​ដោះស្រាយ​ឲ្យ​គាត់​អាស្រ័យ​ផល​បាន ត្រូវ​ធ្វើ​ការ​ដោះស្រាយ​ជូន​ពួក​គាត់​ទៅ»

ចំណែក​ឯ​សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ឆ្នាំង លោក គី វណ្ណដារ៉ា មាន​ប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ជា​រឿង​សំខាន់ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ។ លោក គី វណ្ណដារ៉ា ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​រាល់​បញ្ហា ដោយ​យក​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​ធំ។ លោក​សង្កាត់​ធ្ងន់​ថា វប្បធម៌​សន្ទនា គឺ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​ដោះស្រាយ​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ៖ «ឈប់​លាប​ពណ៌ និង​រើសអើង​ដាក់​គ្នា​ទៀត​ទៅ​ចាប់​ពី​ពេល​នេះ​ត​ទៅ បើ​ទោះ​ជា​អ្នក​កាន់​គណបក្ស​នយោបាយ​ណា​ក៏ដោយ ពីព្រោះ​ថា យើង​ទាំងអស់​គ្នា​សុទ្ធតែ​ជា​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក ហេង សាយហុង សាទរ​ចំពោះ​សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដែល​បាន​ជំរុញ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​រក្សា​វប្បធម៌​សន្ទនា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ព្រួយ​បារម្ភ​ខ្លាច​វប្បធម៌​សន្ទនា​នោះ វា​គ្រាន់​តែ​ជា​សម្បក​ក្រៅ ហើយ​មិន​បាន​អនុវត្ត​ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ៖ «ប្រជាពលរដ្ឋ​គាត់​សង្ឃឹម​ទាំង​ស្រុង​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​នេះ​ឯង ដែល​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់ ដើម្បី​ផល​ប្រយោជន៍​របស់​សង្គម​ជាតិ​នោះ»

ទាំង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ចូលរួម​ក្នុង​វេទិកា និង​សមាជិក​សភា​តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស​នយោបាយ ព្រម​ទាំង​ប្រជាពលរដ្ឋ បាន​អះអាង​ស្រដៀង​គ្នា​ថា វេទិកា​សាធារណៈ​នេះ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ ពីព្រោះ​ជួយ​សម្រួល​ដល់​ការ​ដោះស្រាយ​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។