រដ្ឋ​សភា​កោះ​ហៅ​លោក កឹម សុខា ឲ្យ​បំភ្លឺ​រឿង​អាស្រូវ​ស្នេហា

រដ្ឋ​សភា​បាន​បញ្ជូន​ញត្តិ​ដែល​ទទួល​បាន​ពី​ក្រុម​និស្សិត​ទៅ​ឲ្យ​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មីនា ដើម្បី​ឆ្លើយ​បំភ្លឺ។

លិខិត​របស់​រដ្ឋ​សភា​បញ្ជាក់​ថា ញត្តិ​នោះ​ធ្វើ​ឡើង​ដោយ​លោក ស្រី ចំរើន ដែល​អះអាង​ថា ជា​តំណាង​យុវជន និង​និស្សិត ស្នើ​សុំ​ឲ្យ​លោក កឹម សុខា ឆ្លើយ​បំភ្លឺ​ចំពោះ​ខ្សែអាត់​សំឡេង​ឆ្លងឆ្លើយ​ស្នេហា​ដែល​គេ​សង្ស័យ​ថា សំឡេង​របស់​ភាគី​ខាង​បុរស គឺ​ជា​សំឡេង​របស់​លោក កឹម សុខា។

​កាល​ពី​ចុង​ខែ​កុម្ភៈ កិច្ចសន្ទនា​ស្នេហា​ដែល​គេ​លួច​ថត​តាម​ទូរស័ព្ទ ត្រូវ​បាន​ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ រឿងពិត CNRP យក​មក​ផ្សព្វផ្សាយ ដោយ​អះអាង​ថា ជា​សំឡេង​របស់​លោក កឹម សុខា និយាយ​ជាមួយ​ស្រី​កំណាន់​របស់​លោក ដែល​មាន​ជា​ច្រើន​វគ្គ​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ។

​វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​តប​ជុំវិញ​រឿង​នេះ​ពី​លោក កឹម សុខា ឬ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២១ មីនា។ ប៉ុន្តែ​កន្លង​មក គណបក្ស​នេះ​បាន​ប្រកាស​មិន​ឆ្លងឆ្លើយ​ពី​ករណី​នេះ​ឡើយ ដោយ​បញ្ជាក់​ថា ទុក​ពេល​គិតគូរ​ពី​បញ្ហា​សំខាន់​ផ្សេងៗ ដែល​ជា​អាយុ​ជីវិត​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​វិញ។

​លិខិត​ដែល​ចុះ​ហត្ថលេខា ដោយ​អគ្គលេខាធិការ​នៃ​រដ្ឋសភា​លោក ឡេង ប៉េងឡុង ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ក៏​បាន​សុំ​ឱ្យ​លោក កឹម សុខា ពិនិត្យ​ពិចារណា និង​ផ្ដល់​នូវ​ការ​បំភ្លឺ​តាម​សំណើ​ឲ្យ​បាន​ឆាប់​តាម​ការ​គួរ ប៉ុន្តែ​លិខិត​នោះ​ពុំ​បាន​កំណត់​ថា ត្រូវ​ឲ្យ​លោក កឹម សុខា បំភ្លឺ​នៅ​ថ្ងៃ​ណា​មួយ​ជាក់លាក់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។