ដូចការគ្រោងទុក រដ្ឋសភាដែលមានសុទ្ធតែសមាជិកមកពីគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការទាំង៩ របស់ខ្លួន ប្រកបដោយជោគជ័យ ដោយទទួលបានសំឡេងគាំទ្រ ៦៥ លើ ៦៥ នៃចំនួនសមាជិកដែលបានចូលរួម។ លោក ហ៊ុន សែន លោក សុខ អាន និង លោក ហោ ណាំហុង មិនបានចូលរួមក្នុងសម័យប្រជុំនេះទេ ដោយលោកទាំងបីជាប់រវល់បំពេញការងារនៅក្រៅប្រទេស។
គណបក្សសង្គ្រោះជាតិ បានច្រានចោលលទ្ធផលបោះឆ្នោត ហើយនៅតែប្រកាន់ជំហរមិនចូលរួមប្រជុំសភា ប្រសិនបើគ្មានដំណោះស្រាយរកយុត្តិធម៌ជូនម្ចាស់ឆ្នោតជាមុន។ គណបក្សប្រឆាំងក៏បានចោទប្រកាន់រដ្ឋសភា និងរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាជាសភា និងរដ្ឋាភិបាលខុសច្បាប់ទៀតផង។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា អ្វីដែលជារឿងអាទិភាពនៅពេលនេះ គឺបន្តស្វែងរកការពិត និងយុត្តិធម៌ជូនម្ចាស់ឆ្នោត និងជំរុញអោយមានកំណែទម្រង់ពិតប្រាកដ ដើម្បីអោយប្រជាពលរដ្ឋខ្មែរទូទៅទទួលបានលទ្ធផលពីកំណែទម្រង់ទាំងនេះ។
លោក យឹម សុវណ្ណ៖ «ជំរុញអោយមានការកែទម្រង់ពិតប្រាកដ កុំអោយដូចប៉ុន្មានអាណត្តិមុនៗ កែទម្រង់មានតែនៅលើក្រដាស ហើយនៅទីបំផុត អត់មានបានកែទម្រង់អ្វី ហើយពលរដ្ឋនៅតែមានការឈឺចាប់រងគ្រោះនូវអំពើអយុត្តិធម៌។ ដូច្នេះ ដើម្បីអោយស្ថានការណ៍នេះបានប្រសើរឡើង ទាល់តែយើងធ្វើយ៉ាងម៉េចអោយមានការធានាថា ការកែទម្រង់ទទួលបានលទ្ធផលពិតប្រាកដ ប៉ុន្តែដូចនឹងអ្វីដែលយើងបានជជែកគ្នាជាមួយបក្សកាន់អំណាច យើងពុំមានសង្ឃឹមថានឹងអាចកែទម្រង់បានទេ ហើយហេតុដូច្នេះហើយ យើងក៏គ្មានន័យអ្វីចូលទៅអង្គុយក្នុងរដ្ឋសភាមួយដែលគ្រាន់តែធ្វើការបម្រើអោយគណបក្សកាន់អំណាចតែប៉ុណ្ណោះ»។
អ្នកវិភាគខ្លះយល់ឃើញថា អ្វីដែលគណបក្សប្រជាជន កំពុងតែធ្វើ គឺដើម្បីបង្ហាញថា ពួកគេមិនខ្វាយខ្វល់ចំពោះការទាមទាររបស់គណបក្សប្រឆាំង ពិសេសដើម្បីព្យាយាមបង្អាក់ដំណើររបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងឃោសនាលើឆាកអន្តរជាតិ មិនអោយគាំទ្រគណបក្សកាន់អំណាច។ តែទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគយល់ឃើញថា គណបក្សប្រជាជនកម្ពុជា នឹងត្រូវប្រឈមមុខជាមួយសហគមន៍អន្តរជាតិ។

លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បាននិយាយនៅថ្ងៃទី១០ ខែតុលា ថា ការដែលគណបក្សប្រឆាំងនិយាយថា សភាមិនគ្រប់ទឹក និងរដ្ឋាភិបាលមិនគ្រប់ទឹក វាជាសិទ្ធិរបស់ពួកគេ តែលោកថា អ្វីដែលគណបក្សប្រជាជនកម្ពុជា ធ្វើ គឺគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ ហើយរដ្ឋសភា និងរដ្ឋាភិបាលថ្មី ចេះតែបន្តដំណើរទៅមុខគ្មានអ្វីដែលត្រូវរង់ចាំទៀតឡើយ។
ទាក់ទងនឹងការប្រឈមជាមួយសហគមន៍អន្តរជាតិ ជាពិសេសជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប លោក ជាម យៀប បាននិយាយថា រដ្ឋាភិបាលរបស់លោកក៏ព្រួយបារម្ភខ្លះដែរ ចំពោះបញ្ហានេះ តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក៏មិនមែនពឹងពាក់ទាំងស្រុងលើប្រទេសទាំងនេះដែរ។ លោកថា នៅមានប្រទេសជាមិត្តផ្សេងទៀត ដែលកម្ពុជា អាចពឹងពាក់ស្វែងរកទីផ្សារសម្រាប់ផលិតផលខ្មែរ ប្រសិនបើសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើកម្ពុជា។ លោកថា រដ្ឋាភិបាលរបស់លោកក៏ធ្លាប់ឆ្លងកាត់ការលំបាកពីមុនមកដែរ ប៉ុន្តែនៅតែអាចរស់បានរហូតមកដល់ពេលបច្ចុប្បន្ន។
លោក ជាម យៀប៖ «កាលពីមុនគេបិទ ហៅថាទណ្ឌកម្មសេដ្ឋកិច្ច (Economic Embargo) អត់មានស្អី យើងដកដង្ហើមជាមួយវៀតណាម ដកដង្ហើមជាមួយលាវ ហើយវៀតណាម និងលាវ ពេលហ្នឹងក៏គេរកផ្លូវរស់ដែរ ហើយជាមួយអតីតសហភាពសូវៀត ទេ អត់មានស្អីទៀតទេ អត់មានណាជួយទេ គឺទណ្ឌកម្ម (Embargo) ទាំងអស់នៅពេលនោះ យើងរស់បាន។ សព្វថ្ងៃនេះ យើងក៏បានពឹងពាក់ទៅលើសាធារណរដ្ឋប្រជាមានិតចិន ហើយនិងបណ្ដាប្រទេសមួយចំនួន ដូចជាវៀតណាម អាស៊ីភាគអាគ្នេយ៍ ប្រសិនជាគេផ្តាច់ យើងមិនអាចបង្ខំគេទេ ប៉ុន្តែយើងបានរកទីផ្សារផ្សេងពីហ្នឹងខ្លះដែរ ដូចជារកទីផ្សារនៅជប៉ុន ទីផ្សារនៅកូរ៉េខាងត្បូង។ ខ្ញុំប្រាប់ទៅ កូរ៉េខាងត្បូង និងជប៉ុន គេមិនចោលកម្ពុជា ប៉ុន្មានដែរទេ»។
សមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០១៣ បានសម្រេចទាមទារអោយគណបក្សសង្គ្រោះជាតិ បន្តស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត តាមរយៈការធ្វើមហាបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេស ធ្វើនយោបាយការទូតអោយទូលំទូលាយ លើកទឹកចិត្តអោយកម្មករ មន្ត្រីរាជការ និងក្រុមប្រជាពលរដ្ឋផ្សេងៗទៀត ធ្វើកូដកម្មទូទាំងប្រទេស លើកទឹកចិត្តអោយពលរដ្ឋធ្វើញត្តិស្នាមមេដៃជូនអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំងទាមទារអោយមានការផ្លាស់ប្ដូរតាមរយៈការកែទម្រង់នូវគោលនយោបាយ និងស្ថាប័នជាតិសំខាន់ៗ ដូចជា ការបោះឆ្នោតរដ្ឋសភា និងស្ថាប័នឯករាជ្យនានា ដើម្បីធានាការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។