សហភាពអឺរ៉ុប ណែនាំអង្គការដែលមានជំនាញផ្នែកបោះឆ្នោតដល់ គ.ជ.ប និងស្នើឲ្យ គ.ជ.ប ធ្វើការជាមួយអង្គការមួយនេះ ដើម្បីរៀបចំការបោះឆ្នោតនៅកម្ពុជា។ ការណែនាំនេះ ធ្វើឡើងនៅក្នុងជំនួបរវាងគណៈកម្មការចំពោះកិច្ច គ.ជ.ប ជាមួយតំណាងសហភាពអឺរ៉ុប កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា នាទីស្ដីការ គ.ជ.ប ក្នុងក្រសួងមហាផ្ទៃ។
នេះគឺជាជំហានថ្មីមួយទៀត ដែលសហភាពអឺរ៉ុប ផ្ដល់ដល់ គ.ជ.ប ក្នុងដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រោយជំនួបជាង ១ម៉ោងជាមួយតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា ឲ្យដឹងថា នៅក្នុងជំនួបនោះ តំណាងសហភាពអឺរ៉ុប បានបង្ហាញវត្តមានរបស់អង្គការអន្តរជាតិមួយឈ្មោះ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ឬហៅកាត់ថា យូ.អិន.ណុបស៍ (UNOPS) ដល់ គ.ជ.ប។ លោកថា អង្គការនេះមានបទពិសោធន៍ច្រើនក្នុងការងាររៀបចំការបោះឆ្នោត។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា អង្គការ យូ.អិន.ណុបស៍ នឹងក្លាយជាអ្នកទទួលការងារបន្តពីសហភាពអឺរ៉ុប បន្ទាប់ពីសហភាពអឺរ៉ុបចុះហត្ថលេខាផ្ដល់ជំនួយដល់ គ.ជ.ប ជាមួយរដ្ឋាភិបាលកម្ពុជា និងក្រោយពីសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងជាមួយអង្គការអន្តរជាតិមួយនេះ៖ «អង្គការ យូ.អិន.ណុបស៍ នេះឯង ពីព្រោះគាត់មានបទពិសោធន៍គ្រប់គ្រង និងនិយ័តកម្មផ្សេងៗ ពាក់ព័ន្ធនឹងការបោះឆ្នោតផងដែរ ហើយអ្វីដែល អ៊ី.យូ (EU) លោកបានវាយតម្លៃនោះគឺថា យូ.អិន.ណុបស៍ ធ្វើការបត់បែនបានទាន់ពេលវេលា អ៊ីចឹង បើអិន.អ៊ី.ស៊ី (NEC) ធ្វើការផ្ទាល់ជាមួយនឹង អ៊ី.យូ អាចថា រយៈពេលយូរ ប៉ុន្តែ យូ.អិន.ណុបស៍ នេះអាចជួយធ្វើការឲ្យបានលឿន អ៊ីចឹងហើយបាន អ៊ី.យូ គាត់សម្រេចចិត្តថា គាត់ផ្ដល់ជំនួយដល់ គ.ជ.ប តាមរយៈអង្គការ យូ.អិន.ណុបស៍ នេះ»។
លោកបណ្ឌិត ហង្ស ពុទ្ធា ឲ្យដឹងបន្ថែមថា ភាគី គ.ជ.ប និងអង្គការ យូ.អិន.ណុបស៍ អាចជួបគ្នាដើម្បីពិភាក្សាការងារក្នុងពេលឆាប់ៗខាងមុខ។
ក្រៅពីនេះ គណៈកម្មការចំពោះកិច្ច គ.ជ.ប និងតំណាងសហភាពអឺរ៉ុប ក៏បានពិភាក្សាពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីផងដែរ ក្នុងនោះមានដូចជាការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសម្រាប់ការចុះឈ្មោះបោះឆ្នោត ការលុបឈ្មោះបោះឆ្នោត និងការបង្ហោះទិន្នន័យពាក់ព័ន្ធនឹងការបោះឆ្នោត ព្រមទាំងការបិតផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតផងដែរ។
នេះជាលើកទី៤ហើយ ដែល គ.ជ.ប ជួបជាមួយតំណាងសហភាពអឺរ៉ុប ស្ដីពីការកែទម្រង់ការបោះឆ្នោត និងជំនួយរបស់សហភាពអឺរ៉ុប ជួយដល់ គ.ជ.ប។ កាលពីពេលថ្មីៗនេះ គ.ជ.ប ក៏បានជួបពិភាក្សាជាមួយភាគីជប៉ុន ស្ដីពីជំនួយជប៉ុន ជួយដល់ គ.ជ.ប និងស្ដីពីអនុសាសន៍របស់ជប៉ុន លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី និងស្ដីពីបច្ចេកទេសប្រព័ន្ធកុំព្យូទ័រសម្រាប់ចុះឈ្មោះបោះឆ្នោត និងការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត។
លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប នឹងផ្ដល់សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីការចុះឈ្មោះបោះឆ្នោតទៅគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលពិនិត្យនៅសប្ដាហ៍ក្រោយ។ លោកថា បន្ទាប់ពីបានទទួលអនុសាសន៍ពីភាគីពាក់ព័ន្ធទាំងអស់រួចហើយ គ.ជ.ប នឹងចងក្រងសេចក្ដីព្រាងនេះ ឲ្យក្លាយជាបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតផ្លូវការតែម្ដង។
លោកបណ្ឌិត ហង្ស ពុទ្ធា ឲ្យដឹងដែរថា ការចុះឈ្មោះសាកល្បងនឹងធ្វើឡើងនៅពាក់កណ្ដាលខែកញ្ញា ហើយការចុះឈ្មោះបោះឆ្នោតផ្លូវការទូទាំងប្រទេសអាចចាប់ផ្ដើមយ៉ាងយូរនៅខែឧសភា ឆ្នាំ២០១៦។ លោកថា ការចុះឈ្មោះបោះឆ្នោតផ្លូវការទូទាំងប្រទេស អាចចំណាយពេលប្រហែល ៣ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។