ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក ឲ្យអ្នកសារព័ត៌មានដឹងនៅក្នុងសន្និសីទកាសែតនៅល្ងាចថ្ងៃទី៤ មិថុនាក្រោយពេលការបោះឆ្នោតបានបញ្ចប់ភ្លាមៗថាពលរដ្ឋបានទៅបោះឆ្នោតមានជាង៨៥% (៨៥,៧៤%) នៃពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅទូទាំងប្រទេស។លោកបន្ថែមថាគ្មានខេត្តណាមួយពលរដ្ឋទៅបោះឆ្នោតក្រោម៨០ភាគរយទេ។
លោក ស៊ិក ប៊ុនហុក បានរៀបរាប់ប្រាប់ពីនីតិវិធីប្រកាសលទ្ធផលបឋមគឺមានក្រុមការងារបីសំខាន់ៗគឺ ទី១ ក្រុមទទួលរូបភាព ទំរង់ ១០០២ និង ១១០៥ មានគ្នា២៣នាក់។ ទី២ ក្រុមបញ្ចូលទិន្នន័យមាន៥០នាក់និងទី៣ក្រុមពិនិត្យនិងផ្ទៀងផ្ទាត់មាន១៥នាក់។ លោកបញ្ជាក់ថាក្រុមផ្ទៀងផ្ទាត់នេះជាអ្នកបញ្ជូនចំនួនលទ្ធផលបឋមឲ្យគ.ជ.បពិនិត្យហើយគ.ជ.បសម្រេចឲ្យទូរទស្សន៍ជាតិផ្សព្វផ្សាយនិងផ្សាយនៅលើគេហទំព័ររបស់គ.ជ.ប។
លោកបញ្ជាក់ថាការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះមានបីដំណាក់កាលគឺ៖ ទី១ ការប្រកាសលទ្ធផលបឋមមានរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី៤និងថ្ងៃទី៥ មិថុនា។ ទី២ លទ្ធផលបណ្ដោះអាសន្ននឹងប្រកាសរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ មិថុនា។ និងទី៣ការប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី២៥ មិថុនាគឺជាការប្រកាសនៅក្រោយពេលគ.ជ.បបានដោះស្រាយបណ្ដឹងនានាចប់សព្វគ្រប់និងបិទការតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។