គ.ជ.ប ចាត់​ទុក​អនុសាសន៍​សង្គម​ស៊ីវិល​ថា​ខុស​ច្បាប់

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា ធ្វើ​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។
អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា ធ្វើ​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។ (Photo: RFA)

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ច្រាន​ចោល​អនុសាសន៍​របស់​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ស្នើ​កែសម្រួល​នីតិវិធី ឬ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ដោយ​ចាត់​ទុក​ខុស​ច្បាប់​បោះឆ្នោត។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ចាត់​ទុក​ទង្វើ​របស់ គ.ជ.ប គ្មាន​លក្ខណៈ​សេរី និង​មិន​ឯករាជ្យ ហើយ​ថា​ស្ថាប័ន​នេះ​ស្ថិត​ក្រោម​គំនាប​បក្ស​កាន់​អំណាច។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ទេព នីថា បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ទី៣ ខែ​ឧសភា នា​ទីស្ដីការ គ.ជ.ប ថា រាល់​អនុសាសន៍​របស់​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ដាក់​ជូន​ស្ថាប័ន គ.ជ.ប គឺ​មិន​មែន​ជា​រឿង​ថ្មី​ទេ។ ហើយ គ.ជ.ប មិន​អាច​កែសម្រួល ឬ​ទទួល​យក​តាម​ការ​ទាមទារ​បាន​ទេ។ ចំណែក​គម្រោង​ធ្វើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង លោក ទេព នីថា បញ្ជាក់​ថា ជា​សិទ្ធិ​សេរីភាព​របស់​គណបក្ស​ប្រឆាំង ហើយ គ.ជ.ប មិន​មាន​សិទ្ធិ​ជំទាស់​ទេ។

លោក ទេព នីថា៖ «យើង​អត់​មាន​នីតិវិធី​បិទ​បញ្ជី​នោះ​នៅ​ឯ​ភូមិ​ទេ។ ក៏ប៉ុន្តែ យើង​បាន​ធ្វើ​ការងារ​ច្រើន​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ថា គាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទៅ​តាម​ដំណាក់​កាល​ដែល​យើង​រៀបចំ។ ទី១ នៅ​ពេល គ.ជ.ប ផ្តល់​សុពលភាព​ហើយ​លើ​បញ្ជី​បោះឆ្នោត​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១២ គ.ជ.ប បាន​ផ្សព្វផ្សាយ​បញ្ជី​នេះ​ទៅ​តាម​វេបសាយ (Website)។ ទី២ យើង​ធ្វើ​បញ្ជី​បោះឆ្នោត​ផ្លូវ​ការ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​នៅ​ទី​នោះ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាច​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ពិនិត្យ​មើល​ឈ្មោះ​របស់​គាត់​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​អាច​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​មេ​ឃុំ​ចៅ​សង្កាត់ ធ្វើ​ការ​បញ្ជាក់​ឈ្មោះ​លើ​បញ្ជី​បោះឆ្នោត​ជូន​បេក្ខជន ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​រៀបចំ​ឯកសារ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត»

កាល​ពី​ថ្ងៃ​សុក្រ ទី២ ខែ​ឧសភា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤​ស្ថាប័ន ដាក់​អនុសាសន៍​គន្លឹះ​ពីរ​ចំណុច​ជូន គ.ជ.ប ដោះស្រាយ និង​កែសម្រួល​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ជុំវិញ​ការងារ​បោះឆ្នោត។ អនុសាសន៍​របស់​សង្គម​ស៊ីវិល បាន​ស្នើ​ឲ្យ​ស្ថាប័ន គ.ជ.ប បិទ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវ​ការ​នៅ​តាម​ភូមិ ចាប់​ពី​ពេល​នេះ​ត​ទៅ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​បាត់ ឬ​ខុស​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវ​ការ​របស់ គ.ជ.ប ស្នើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត និង​កែ​តម្រូវ​អត្តសញ្ញាណ និង​ទី២ ស្នើ​ឲ្យ គ.ជ.ប អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​ពី​គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ក្នុង​គណៈកម្មការ​ជ្រើសរើស និង​ត្រួត​ពិនិត្យ​ការ​តែងតាំង​សមាជិក​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត និង​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត។ ប៉ុន្តែ សំណើ ឬ​អនុសាសន៍​នេះ ត្រូវ​បាន​លោក ទេព នីថា អះអាង​ថា មិន​មាន​នៅ​ក្នុង​ច្បាប់​បោះឆ្នោត​ទេ។

ទោះ​ជា​បែប​ណា មន្ត្រី​សង្គម​ស៊ីវិល​បាន​សង្កត់​ធ្ងន់​ថា បើ​ស្ថាប័ន គ.ជ.ប មិន​ទទួល​យក​អនុសាសន៍​សង្គម​ស៊ីវិល​ទៅ​កែសម្រួល​ទេ ពួក​គេ​នឹង​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ ជួយ​មាន​វិធាន​ការ​បន្ត។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ បើ គ.ជ.ប មិន​ទទួល​យក​អនុសាសន៍​របស់​សង្គម​ស៊ីវិល ឬ​បក្ស​ប្រឆាំង​ទៅ​កែសម្រួល​ទេ​នោះ។ ការ​ធ្វើ​បាតុកម្ម​នៅ​ខែ​ឧសភា លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា នឹង​ដង្ហែ​ដាក់​ញត្តិ​ជូន​សហគមន៍​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ ជា​ម្ចាស់​ជំនួយ​ដល់​ប្រទេស​កម្ពុជា។

ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

មន្ត្រី គ.ជ.ប បាន​ព្យាករ​ថា ក្នុង​ចំណោម​គណបក្ស​នយោបាយ​សរុប​ចំនួន ៤៣​គណបក្ស​ដែល​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ជា​ផ្លូវ​ការ ទំនង​ជា​មាន​គណបក្ស​នយោបាយ​មិន​ដល់ ១០​គណបក្ស​ទេ នឹង​មក​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។