បញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានផ្សាយផ្លូវការជាលើកដំបូងតាមគេហទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
បេក្ខជនដែលសុទ្ធសឹងតែជាកូនមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មានចន្លោះពី ២៨ ដល់ ៣៩ឆ្នាំ រួមមាន៖ លោក ហ៊ុន ម៉ានី កូនប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ លេខរៀងទី៤ នៅមណ្ឌលខេត្តកំពង់ស្ពឺ។ លោក ឌី វិជ្ជា កូនប្រសាលោក ហ៊ុន សែន ឈរឈ្មោះជាបេក្ខជនបម្រុងលេខ១ ខេត្តស្វាយរៀង។ លោក ជាម ចន្ទសោភណ្ឌ កូនលោក ជាម យៀប ឈរឈ្មោះជាបេក្ខជនបម្រុងលេខ៨ នៅមណ្ឌលខេត្តបាត់ដំបង។ លោក សាយ សំអាល់ កូនលោក សាយ ឈុំ ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១០ នៅមណ្ឌលខេត្តកំពង់ចាម។ លោក ឌិត ទីណា កូនលោក ឌិត មន្ទីរ ឈរឈ្មោះជាបេក្ខជនបម្រុងលេខរៀងទី២ នៅមណ្ឌលខេត្តកណ្តាល។
លោក គីម រិទ្ធី កូនប្រុសលោក គន់ គីម ឈរឈ្មោះជាបេក្ខជនបម្រុងលេខរៀងទី៥ នៅមណ្ឌលខេត្តកណ្ដាល។ លោក ស សុខា កូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី៦ នៅមណ្ឌលខេត្តព្រៃវែង។ លោក សុខ សូកាន កូនប្រុសលោក សុខ អាន ឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី៨ នៅមណ្ឌលខេត្តតាកែវ។ លោក ថេង ច័ន្ទសង្វារ ឈរឈ្មោះជាបេក្ខជនបម្រុងលេខរៀងទី១៥ នៅមណ្ឌលខេត្តកំពង់ចាម។ អ្នកស្រី ដាំ ដារិនី ឈរឈ្មោះជាបេក្ខជនបម្រុងលេខរៀងទី១៦ នៅមណ្ឌលខេត្តកំពង់ចាម។
លោក ទុយ ស៊ីផាន់ ឈរឈ្មោះជាបេក្ខជនបម្រុងលេខរៀងទី៦ នៅមណ្ឌលខេត្តកំពង់ស្ពឺ។ លោក សួស យ៉ារ៉ា ជាបេក្ខជនពេញសិទ្ធិឈរឈ្មោះនៅមណ្ឌលខេត្តព្រះវិហារ។ លោកស្រី បាន ស្រីមុំ ភរិយាលោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន ជាបេក្ខជនពេញសិទ្ធិឈរឈ្មោះនៅមណ្ឌលខេត្តប៉ៃលិន ដែលមានបេក្ខជនតែម្នាក់គត់ និងលោក តង់ ធារ៉ា ជាបេក្ខជនបម្រុងនៅមណ្ឌលខេត្តប៉ៃលិន។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា យល់ថា ការលើកតម្កើងយុវជនជំនាន់ក្រោយចូលរួមជ្រាលជ្រៅក្នុងវិស័យនយោបាយ គឺជារឿងប្រសើរ។ ប៉ុន្តែការជ្រើសរើសតែកូនមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនឲ្យឈរឈ្មោះនេះ វាហាក់ធ្វើឲ្យយុវជនជាកូនពលរដ្ឋធម្មតា និងគ្មានសែស្រឡាយនោះ គ្មានឱកាសនឹងបានចូលរួមឈរឈ្មោះប្រកួតប្រជែងដោយយុត្តិធម៌។
លោក ហង្ស ពុទ្ធា៖ «បរិបទសង្គមនៅកម្ពុជា យើងឃើញថា ការបណ្ដុះបណ្ដាលរបស់យុវជននេះ គឺផ្សារភ្ជាប់ទៅនឹងបញ្ហាគ្រួសារ។ បានន័យថា គ្រួសារនីមួយៗតែងតែព្យាយាមលើកតម្កើងនូវកូន ឬក៏មនុស្សជំនិតរបស់ខ្លួន ដើម្បីតម្កើងទៅជាអ្វីមួយ នេះគឺជាធ្វើឲ្យមានចំណុចអសកម្មសម្រាប់យុវជនដែលមានសមត្ថភាព ហើយខ្វះនូវអ្វីម្យ៉ាងដែលអាចមានឱកាសចូលរួមក្នុងវិស័យនយោបាយ»។
នៅក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនីតិកាលទី៥ ឆ្នាំ២០១៣ របស់គណបក្សប្រជាជនកម្ពុជា មានបេក្ខជនពេញសិទ្ធិចំនួន ១២៣រូប និងបេក្ខជនបម្រុងចំនួន ១៤៥នាក់។ សរុបមានបេក្ខនារីឈរឈ្មោះចំនួន ៤៨នាក់។
លោក ហ៊ុន សែន បន្តឈរលេខរៀងទី១ នៅមណ្ឌលខេត្តកណ្ដាល។ លោក ជា ស៊ីម ឈរនៅលេខរៀងទី១ នៅមណ្ឌលភ្នំពេញ និងលោក ហេង សំរិន ឈរនៅលេខរៀងទី១ ខេត្តកំពង់ចាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។