មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយដែលចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត និងក្រុងស្រុកខណ្ឌ អាណត្តិទី២ ឲ្យត្រៀមលក្ខណៈ ឬឯកសារឲ្យបានគ្រប់ចំនួន ដើម្បីរួមគ្នាលើកកម្ពស់ឲ្យដំណើរការបោះឆ្នោតនេះមានភាពរលូន។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍នៅថ្ងៃសុក្រ ទី២៨ ខែមីនា ថា គណបក្សនយោបាយដែលមានបំណងផ្លាស់ប្ដូរឈ្មោះសមាជិកក្រុមប្រឹក្សាពីក្នុងបញ្ជីបោះឆ្នោត សូមរួសរាន់ឲ្យបានមុន គ.ជ.ប ផ្តល់សុពលភាពលើបញ្ជីឈ្មោះអ្នកបោះឆ្នោត។ លោកបន្តថា ច្បាប់បានកំណត់ថា ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតនេះ ត្រូវធ្វើនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៤៖ «ចំពោះគណបក្សនយោបាយដែលគាត់មានបំណងផ្លាស់ប្ដូរ ឬក៏ថាបំពេញបន្ថែមក្រុមប្រឹក្សាឃុំសង្កាត់នេះ សូមមេត្តារួសរាន់ ព្រោះនៅពេល គ.ជ.ប ផ្តល់សុពលភាពលើបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះហើយ គឺមិនអាចផ្លាស់ប្ដូរអ្នកបោះឆ្នោត ឬក៏សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បានទេ។ លើកលែងតែក្នុងករណីអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានស្លាប់ អាចអនុញ្ញាតឲ្យមានការដោះដូរក្នុងរយៈពេល១សប្ដាហ៍ មុនថ្ងៃបោះឆ្នោត។ នេះជាការងារសំខាន់។ ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតហ្នឹង គឺ គ.ជ.ប នឹងធ្វើនៅថ្ងៃទី១៣ ខែមេសា ព្រោះថា ច្បាប់តម្រូវឲ្យ គ.ជ.ប ផ្តល់សុពលភាព ៣៥ថ្ងៃមុនថ្ងៃបោះឆ្នោត»។
បន្ថែមលើនេះ លោក ទេព នីថា ក៏បានអំពាវនាវទៅដល់អង្គបោះឆ្នោតឲ្យទៅពិនិត្យបញ្ជីឈ្មោះដែលបានបិទនៅតាមសាលាឃុំសង្កាត់រៀងៗខ្លួន ដើម្បីឲ្យប្រាកដថា មានឈ្មោះនៅក្នុងបញ្ជីឈ្មោះ និងមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាអាណត្តិទី២ នាពេលខាងមុខ។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត និងក្រុងស្រុកខណ្ឌ ត្រូវធ្វើឡើងជាលក្ខណៈអសកល គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែង សរុបចំនួនជាង ១ម៉ឺន ១ពាន់នាក់ទេ ទើបមានសិទ្ធិបោះឆ្នោត។
ការបោះឆ្នោតនេះនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ ហើយមានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជីឈ្មោះគណបក្ស និងបេក្ខជន រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។