សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចុះថ្ងៃទី១០ ខែកក្កដា ឲ្យដឹងថា គ.ជ.ប គ្រោងនឹងជ្រើសរើសបុគ្គលិកប្រមាណ ២.៤០០នាក់ សម្រាប់បម្រើការងារចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ-សង្កាត់ទូទាំងប្រទេស។
ការប្រកាសជ្រើសរើសបុគ្គលិកនេះ ជាផ្នែកមួយនៃលទ្ធផលកិច្ចប្រជុំពិភាក្សាលើលទ្ធផលស្រាវជ្រាវស្ដីពីការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រសម្រាប់ការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត ក្រោមជំនួយផ្នែកបច្ចេកទេសរបស់ជប៉ុន ដោយមានការចូលរួមពីមន្ត្រីស្ថានទូតជប៉ុន និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា ចាយកា (JICA) ប្រចាំកម្ពុជា។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យដឹងនៅថ្ងៃទី១១ កក្កដា ថា ដំណើរការជ្រើសរើសបុគ្គលិក ២.៤០០នាក់នេះ នឹងចាប់ផ្ដើមនៅដើមខែកញ្ញា ដើម្បីរៀបចំកិច្ចការចុះបញ្ជីឈ្មោះសាកល្បងដែលគ្រោងនឹងធ្វើនៅពាក់កណ្ដាលខែកញ្ញា។ លោកថា បុគ្គលិកទាំងនោះត្រូវមានសមត្ថភាពប្រើប្រាស់កុំព្យូទ័រស្ទាត់ជំនាញ អាចបម្រើការនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ-សង្កាត់ ដែលពួកគេរស់នៅ ហើយពួកគេនឹងទទួលបានប្រាក់កម្រៃទៅតាមថ្ងៃដែលពួកគេធ្វើការ។
តាមសេចក្ដីប្រកាសព័ត៌មាននេះ ភាគីជប៉ុន នឹងផ្ដល់ប្រព័ន្ធផ្ទុកទិន្នន័យ (Server) ដល់មជ្ឈមណ្ឌលកុំព្យូទ័ររបស់គ.ជ.ប ហើយគ្រោងនឹងបញ្ជូនអ្នកជំនាញការផ្នែកបច្ចេកទេសប្រព័ន្ធកុំព្យូទ័រមកធ្វើការជាមួយមន្ត្រី គ.ជ.ប នៅខែតុលា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។