នៅក្នុងការត្រៀមរៀបចំបោះឆ្នោតលើកនេះ គេសង្កេតឃើញថា មានវិធីថ្មីជាច្រើនកើតមាននៅក្នុងការត្រៀមរៀបចំបោះឆ្នោតខុសប្លែកពីការបោះឆ្នោតលើកមុនៗ។
អ្នកវិភាគ និងតាមដានការវិវឌ្ឍន៍សភាពការណ៍នយោបាយនៅកម្ពុជា មានការព្រួយបារម្ភថា ការប្រើវិធីថ្មីៗ ក្នុងការផ្ដួលគូប្រកួតរបស់អ្នកនយោបាយខ្មែរ កំពុងតែធ្វើឲ្យអ្នកបោះឆ្នោតមិនបានទទួលសារនយោបាយច្បាស់លាស់ក្នុងការសម្រេចចិត្ត ដើម្បីបោះឆ្នោតរើសអ្នកដឹកនាំទេ ផ្ទុយទៅវិញ ប្រជាពលរដ្ឋបានទទួលការភ័យព្រួយ ដោយសារមានការបោះឆ្នោតនោះទៅវិញ។
នៅក្នុងការរៀបចំបោះឆ្នោតរើសសមាជិកសភាអាណត្តិថ្មី គេសង្កេតឃើញថា វិធីឃោសនាដើម្បីស្វែងរកសំឡេងឆ្នោតគាំទ្រក៏មានប្រើបច្ចេកទេសថ្មី ដើម្បីផ្ញើសារនយោបាយទៅដល់អ្នកបោះឆ្នោតដែរ។
វិធីថ្មីមួយចំនួនដែលកើតមានហើយ មានកាសែតជាតិ និងអន្តរជាតិចុះផ្សាយនោះមានដូចជាអ្នកដឹកនាំ គណបក្សនយោបាយ បានបង្កើនការចុះទៅជួបសមាជិកបក្សកាន់តែច្រើនដង និងច្រើនកន្លែង។ អ្នកដឹកនាំគណបក្សនយោបាយបានលើកឡើងពីគុណសម្បត្តិ និងកិច្ចប្រឹងប្រែងដែលគណបក្សនយោបាយបានធ្វើក្នុងកិច្ចការដឹកនាំ កសាងជាតិ និងបម្រើសមាជិកបក្សរបស់ខ្លួន។
នៅក្នុងការឃោសនាយកប្រៀបដើម្បីផ្ញើសារនយោបាយទៅដល់សមាជិកបក្ស និងប្រជាពលរដ្ឋទូទៅនោះ អ្នកដឹកនាំគណបក្សនយោបាយខ្លះ បានប្រើទាំងវិធីបុរាណនិងទំនើប ដើម្បីស្វែងរកការគាំទ្រ និងដើម្បីឲ្យអ្នកបោះឆ្នោតស្គាល់គណបក្សខ្លួនឲ្យបានច្បាស់។ វិធីបុរាណ មានដូចជា លើកស្លាកដាក់តាំងតាមដងផ្លូវ។ ថ្លែងសុន្ទរកថា អំពាវនាវឲ្យប្រជាពលរដ្ឋគាំទ្រ និងបោះឆ្នោតឲ្យខ្លួន។ ការរិះគន់ចំណុចខ្សោយរបស់អ្នកប្រកួតប្រជែងជាមួយគណបក្សខ្លួន។
ចំណែកវិធីថ្មីមួយចំនួនដែលគេមិនដែលឃើញគណបក្សនយោបាយធ្លាប់ប្រើពីមុនមកក្នុងការផ្ដួល និងបង្អាប់គូប្រកួតរបស់ខ្លួននោះ មានដូចជាអ្នកដឹកនាំគណបក្សនយោបាយ បានថ្លែងព្រមានដកសម្ភារៈ ឬកាត់ការជួយឧបត្ថម្ភនានា ដែលអ្នកដឹកនាំគណបក្សនយោបាយបានផ្ដល់កន្លងទៅ។ ការកេណ្ឌប្រមូលមហាជនចូលរួមធ្វើបាតុកម្ម ទាមទារឲ្យមានការសុំទោសជាសាធារណៈ ដោយមានផ្សាយរូបភាពគ្រប់ស្ថានីយទូរទស្សន៍ ការដេញសមាជិកសភាមកពីគណបក្សប្រឆាំងចេញពីរដ្ឋសភា។ ការប្រើបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក (Facebook) ដើម្បីរិះគន់ និងបកអាក្រាតគ្នាទៅវិញទៅមក។
ការប្រើសាច់ញាតិឲ្យរិះគន់បងប្អូនបង្កើត និងបង្ហាញនារីមានគ្រួសារ និងកូនតូច ថាជាអតីតប្រពន្ធលួចលាក់។ ការផ្សាយសំឡេងដោយមានកាត់តទាក់ទងការនិយាយក្នុងពេលជួបជាមួយសកម្មជនរបស់គណបក្ស ថាគុកទួលស្លែង ជាកន្លែងមានអ្នកទោសសិប្បនិម្មិត ឬអ្នកទោសដែលត្រូវគេចោទប្រកាន់ថា មានកំហុស។ ការកោះប្រជុំសមាជិកបក្សនៅកន្លែងដែលបក្សប្រឆាំង មានគម្រោងជួបជុំ ហើយមានចាក់សំឡេងភ្លេង ចម្រៀងរំខានខ្លាំងៗជាដើម។
ការអនុម័តច្បាប់ដើម្បីផ្ដន្ទាទោសអ្នកណាដែលមិនទទួលស្គាល់ថា មានការកាប់សម្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ការដឹកឡានមនុស្សទៅស្ទាក់លោក កឹម សុខា ដើម្បីទាមទារឲ្យមានការសុំទោស ទាក់ទងរឿងខ្មែរក្រហមនៅក្នុងពេលជួបប្រជុំជាមួយអ្នកគាំទ្រនៅខេត្តកណ្ដាល ជាដើម។
ការប្រើវិធីថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រគណបក្សនយោបាយនីមួយៗ ងាយប៉ះទង្គិចគ្នាជាពាក្យសម្ដី ឬរូបរាងកាយណាស់ ពីព្រោះគូប្រកួតបានឃើញមុខគ្នា និងបានស្រែកចំអកឲ្យគ្នាទៅវិញទៅមកជាដើម។
លោក គល់ បញ្ញា នាយកប្រតិបត្តិរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (COMFREL) មានប្រសាសន៍ថា សកម្មភាពថ្មីមួយចំនួនរបស់អ្នកនយោបាយ និងអ្នកគាំទ្រនយោបាយ ធ្វើឲ្យមានសញ្ញាមិនល្អ អាចមានគ្រោះថ្នាក់ដល់អ្នកដឹកនាំគណបក្សប្រឆាំងបាន។
លោក គល់ បញ្ញា បន្ថែមថា បើគណបក្សនយោបាយណាមិនបានលើកយកមកបង្ហាញឲ្យបានច្បាស់លាស់អំពីគោលនយោបាយទាក់ទងសង្គមកិច្ច សេដ្ឋកិច្ច មិនបានទាក់ទាញការគាំទ្រពីសំណាក់មនុស្សជំនាន់ថ្មីឡើយ។
ចំណែកលោក កែម ឡី អ្នកវិភាគឯករាជ្យ មានយោបល់ថា ឆ្លងតាមសកម្មភាពបច្ចុប្បន្ននេះ សន្ទុះនៃការគាំទ្រគណបក្សប្រឆាំង គឺមានការកើនឡើងខ្ពស់ដែលធ្វើឲ្យគណបក្សកាន់អំណាចមានការព្រួយបារម្ភ។ ប៉ុន្តែតាមទស្សនៈរបស់លោក បើគណបក្សប្រឆាំងអាចឈ្នះរហូតដល់កាន់អំណាចមែននោះ ប្រហែលជាគណបក្សកាន់អំណាចមិនងាយផ្ទេរអំណាចឲ្យដោយងាយៗនោះឡើយ។
ទោះបីជាមានសកម្មភាពនិយាយវាយបករិះគន់គ្នាដោយពាក្យសម្ដីមិនសមរម្យរវាងអ្នកនយោបាយខ្លះ និងអ្នកគាំទ្រខ្លះមែន ប៉ុន្តែអ្នកវិភាគឯករាជ្យ និងតាមដានការវិវឌ្ឍន៍សភាពការណ៍នយោបាយ មានយោបល់ថា មកទល់ពេលនេះ មិនទាន់មានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការប្តឹងឡើងតុលាការ ដោយសារការគាំទ្រគណបក្សនយោបាយ ហើយមានការប៉ះទង្គិចគ្នានៅឡើយទេ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានប្រសាសន៍នៅថ្ងៃទី១២ មិថុនា ថា ការធ្វើសកម្មភាពនានារបស់គណបក្សនយោបាយទាក់ទងការបោះឆ្នោតរើសសមាជិកសភាអាណត្តិថ្មីៗនេះ គឺធ្វើទៅតាមការអនុញ្ញាតរបស់ច្បាប់ស្ដីពីគណបក្សនយោបាយ។
ការបោះឆ្នោតរើសសមាជិកសភាអាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ កក្កដា ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន ៨ ចូលរួមប្រកួត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។