អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​រារាំង​បក្ស​សមរង្ស៊ី​ជួប​ពលរដ្ឋ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ខេត្ត ថា​បាន​រារាំង​មិន​ឲ្យ​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ។ ប៉ុន្តែ អាជ្ញាធរ​ពន្យល់​ថា អាជ្ញាធរ​មិន​ផ្ដល់​ការ​អនុញ្ញាត​នេះ គឺ​ដោយ​សារ​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​ទាន់​មាន​អ្នក​តំណាង​រាស្ត្រ​នៅ​ឡើយ។

0:00 / 0:00

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង មក​ពី​គណបក្ស សម រង្ស៊ី និង​ជា​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​នេះ ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​ខេត្ត​ដែល​មិន​ព្រម​អនុញ្ញាត​ឲ្យ​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ។

លោក ដួង ចិន្ត្រា ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង គណបក្ស សម រង្ស៊ី លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​មីនា ថា អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស មាន​កម្មវិធី​ចុះ​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ។ ប៉ុន្តែ អាជ្ញាធរ​ខេត្ត​បាន​ចេញ​លិខិត​ហាម​មិន​ឲ្យ​ប្រារព្ធ​ពិធី​សំណេះ​សំណាល​នេះ​ទេ។

លោក ដួង ចិន្ត្រា៖ «ការ​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​របស់​អ្នក​តំណាង​រាស្ត្រ មិន​មែន​ជា​ការ​ឃោសនា​ទេ តែ​គឺ​ជា​ភារកិច្ច​របស់​អ្នក​តំណាង​រាស្ត្រ​ត្រូវ​ធ្វើ។ ប៉ុន្តែ​ជា​អកុសល ដែល​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បែរ​ជា​ហាម​ឃាត់​តំណាង​រាស្ត្រ​មិន​ឲ្យ​ជួប​ប្រជាពលរដ្ឋ​ទៅ​វិញ»

ប៉ុន្តែ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ចេង ញ៉ាន់ បាន​ពន្យល់​ចំពោះ​ការ​ហាម​ឃាត់​នេះ​ថា ដោយ​ពេល​នេះ​មិន​ទាន់​ដល់​ដំណាក់​កាល​ឃោសនា​បោះ​ឆ្នោត ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ធ្វើ​ការ​ឃោសនា​បាន​ទេ។ ឯ​ការ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​នោះ ក៏​មិន​អាច​ធ្វើ​បាន​ដែរ ព្រោះ​គណបក្ស​នេះ​មិន​ទាន់​មាន​អ្នក​តំណាង​រាស្ត្រ​នៅ​ឡើយ។

លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រារព្ធ​ពិធី​សំណេះ​សំណាល​ក្នុង​ទីស្នាក់ការ​គណបក្ស​បាន តែ​មិន​អាច​ធ្វើ​នៅ​ទី​សាធារណៈ​បាន​ទេ ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន៖ «គាត់​សុំ​ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គណបក្ស​នេះ​មិន​ទាន់​មាន​អ្នក​តំណាង​រាស្ត្រ​ទេ។ ប៉ុន្តែ បើ​សិន​ជា​គាត់​សុំ​ក្នុង​នាម​អ្នក​តំណាង​រាស្ត្រ​នោះ អាជ្ញាធរ​មិន​ហាម​ឃាត់​ទេ។ ម្យ៉ាង បើ​គាត់​ធ្វើ​ក្នុង​ស្នាក់​ការ​គណបក្ស ក៏​គ្មាន​នរណា​ហាម​ឃាត់​ដែរ តែ​នេះ​គាត់​សុំ​ធ្វើ​នៅ​ទី​សាធារណៈ គឺ​មិន​បាន​ទេ ព្រោះ​មិន​ទាន់​ដល់​ដំណាក់​កាល​ឃោសនា​បោះ​ឆ្នោត​នៅ​ឡើយ»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា យោង​លើ​កត្តា​ច្បាប់ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​មាន​អ្នក​តំណាង​រាស្ត្រ ដូច្នេះ ការ​ចុះ​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​សាធារណៈ គឺ​មិន​ស្រប​ច្បាប់​ទេ។ យ៉ាង​នេះ​ក្ដី លោក​ថា​ធាតុ​ពិត គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ដូច្នេះ​អាជ្ញាធរ​គួរ​តែ​អនុគ្រោះ​ចំពោះ​ភាព​ចន្លោះ​ប្រហោង​នេះ ដោយ​ផ្ដល់​ការ​អនុញ្ញាត​ចំពោះ​សំណើ​សុំ​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង​២​នេះ ទើប​ជា​ការ​ប្រសើរ ដើម្បី​ឲ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា លំហ​ប្រជាធិបតេយ្យ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា មាន​លក្ខណៈ​ធំ​ទូលាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។