មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលទើបចូលកាន់តំណែងថ្មីៗកន្លងទៅនេះ បានអះអាងថា សម្រាប់ការបោះឆ្នោតដែលនៅសល់ពេលប្រមាណ ៣ឆ្នាំខាងមុខទៀតនេះ នឹងមិនប្រើប្រាស់បញ្ជីឈ្មោះចាស់ដើម្បីបោះទៀតទេ ព្រោះថា បញ្ជីបោះឆ្នោតចាស់ក៏ជាផ្នែកមួយក្នុងចំណោមបញ្ហាដទៃទៀតនៃការបោះឆ្នោតកន្លងមក។
ជុំវិញរឿងរ៉ាវនេះ អង្គការសង្គមស៊ីវិលដែលមានជំនាញផ្នែកប្រព័ន្ធបោះឆ្នោតយល់ឃើញថា ការសម្រេចមិនប្រើប្រាស់បញ្ជីឈ្មោះបោះឆ្នោតចាស់សម្រាប់អាណត្តិបន្ទាប់ទៀតនេះ នឹងអាចជួយឲ្យការបោះឆ្នោតលើកក្រោយមានភាពសុក្រឹត និងអាចជឿជាក់បានជាងអាណត្តិមុនៗ។
អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា គ.ជ.ប នឹងត្រូវរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតសាជាថ្មីឡើងវិញ ដោយអនុលោមតាមច្បាប់បោះឆ្នោតថ្មី តម្រូវឲ្យរុះរើ ហេតុនេះក្រោយពី គ.ជ.ប ដំណើរកិច្ចការរបស់ខ្លួនរួចជាស្ថាពរ គ.ជ.ប នឹងចាប់ផ្ដើមចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីភ្លាមដែរ។
ថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយបញ្ចប់សុន្ទរកថា លោក គួយ ប៊ុនរឿន ជាអនុប្រធាន គ.ជ.ប ឲ្យដឹងកាលពីព្រឹកថ្ងៃទី៧ ខែឧសភា ថា ការបោះឆ្នោតនៅពេលខាងមុខនេះ នឹងឈប់ប្រើប្រាស់បញ្ជីឈ្មោះបោះឆ្នោតចាស់សម្រាប់កិច្ចការរបស់ខ្លួនទៀតហើយ។ ក៏ប៉ុន្តែលោកថ្លែងថា ការមិនប្រើប្រាស់បញ្ជីឈ្មោះបោះឆ្នោតចាស់នោះ បានន័យថា ពុំមែនត្រូវទុកចោលបញ្ជីឈ្មោះបោះឆ្នោតចាស់នោះទេ។

លោកបន្ថែមថា ដំណាល់គ្នានឹងដំណើរការរៀបចំចុះឈ្មោះថ្មីឡើងវិញនេះ បញ្ជីឈ្មោះបោះឆ្នោតចាស់នោះ ត្រូវការជាចាំបាច់ដែរ ដើម្បីផ្ទៀងផ្ទាត់សម្រាប់ហេតុផលណាមួយ៖ «យើងដឹងថា ច្បាប់របស់យើង ត្រូវការរៀបចំឈ្មោះថ្មីឡើងវិញទាំងអស់ មានដាក់បញ្ចូលនូវទិន្ន័យនៃអ្នកបោះឆ្នោត ដោយមានស្នាមម្រាមដៃ និងរូបថត។ អ៊ីចឹង ទាមទារចាំបាច់ឲ្យមានការរៀបចំ និងចុះឈ្មោះសាជាថ្មី»។
បើតាមលោក គួយ ប៊ុនរឿន ឲ្យដឹងទៀតថា សម្រាប់ប្រព័ន្ធបោះឆ្នោតលើកនេះ គឺយកអត្តសញ្ញាណប័ណ្ណ និងក្រយៅដៃជាមូលដ្ឋានក្នុងការចុះឈ្មោះអ្នកបោះឆ្នោត គឺអនុវត្តតាមច្បាប់បោះឆ្នោតថ្មី ដែលគណបក្សជាប់ឆ្នោតទាំងពីរបានព្រមព្រៀងគ្នា ជាពិសេសនោះ ការចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់អាណត្តិទីប្រាំមួយដែលនៅសល់ប្រមាណជាង ១ពាន់ថ្ងៃខាងមុខទៀតនេះ គឺត្រូវចុះតាមប្រព័ន្ធអេឡិចត្រូនិក ឬម៉ាស៊ីនកុំព្យូទ័រនៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់។
បើទោះជាបែបណា លោក គួយ ប៊ុនរឿន ថ្លែងថា គិតមកដល់ពេលនេះ គ.ជ.ប នៅមិនទាន់អាចបញ្ជាក់បានពីពេលវេលាដែលនឹងត្រូវចាប់អនុវត្តនៃការចុះឈ្មោះបាននៅឡើយទេ ព្រោះក្រុមបច្ចេកទេសកំពុងសិក្សាទៅលើពេលវេលា មូលដ្ឋាន សម្ភារៈសម្រាប់បម្រើឲ្យការចុះឈ្មោះ បណ្ដុះបណ្ដាលធនធានមនុស្ស ហើយនិងជ្រើសរើសក្រុមអ្នកដែលត្រូវចុះឈ្មោះនោះផងដែរ។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រី គ.ជ.ប និងមន្ត្រីលេខាធិការដ្ឋានទាំង ២៥ រាជធានី ខេត្តក្រុង នាទីស្ដីការក្រសួងមហាផ្ទៃ លោក គួយ ប៊ុនរឿន បញ្ជាក់ថា បើមិនធ្វើដូច្នេះទេ នឹងមិនអាចឆ្លើយតបទៅនឹងទំហំជាក់ស្ដែងនៃគម្រោងថវិកាដែលនឹងត្រូវចំណាយបានត្រឹមត្រូវទេ។
ការផ្លាស់ប្ដូរបញ្ជីឈ្មោះបោះឆ្នោត ឬការចុះឈ្មោះបោះឆ្នោតថ្មីនេះ ក្រុមអ្នកបច្ចេកទេសជប៉ុន និងសហគមន៍អឺរ៉ុប បានសន្យាថា នឹងជួយរៀបចំការចុះឈ្មោះអ្នកបោះឆ្នោតថ្មីនេះ ហើយក្រុមបច្ចេកទេសទាំងពីរ ក៏ទើបតែបានមកជួបសមាជិក គ.ជ.ប ថ្មីដែរ កាលពីខែមេសា នៅបន្ទាប់ពីសមាជិក គ.ជ.ប ថ្មី ដែលទើបទទួលបានតំណែងពី គ.ជ.ប ចាស់។
ពាក់ព័ន្ធរឿងរ៉ាវនេះ អង្គការសង្គមស៊ីវិលដែលមានជំនាញលើប្រព័ន្ធបោះឆ្នោត ចាត់ទុកថា ការប្រើប្រាស់យន្តការថ្មីនេះ នឹងអាចជួយសម្រួលបន្ទុកបានច្រើន ជាពិសេស អាចធានាបានពីសុក្រឹតភាពនៃការបោះឆ្នោតបានល្អជាងមុន។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា សាទរចំពោះគោលការណ៍ថ្មីដែល គ.ជ.ប នឹងត្រូវអនុវត្តក្នុងពេលខាងមុខនេះ។ លោកចាត់ទុកថា ថ្វីបើការបោះឆ្នោតតាមប្រព័ន្ធម៉ាស៊ីនកុំព្យូទ័រវានឹងមិនអាចធានានូវសុវត្ថិភាពដូចការចង់បានទាំងស្រុងនោះក៏ពិតមែនក៏ដោយ តែការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកនេះ គឺធ្វើកិច្ចការបានលឿន និងមានប្រសិទ្ធភាពខ្ពស់។
លោក គល់ បញ្ញា បន្តថា៖ «ប្រព័ន្ធអាចជួយច្រើន គេអាចមានការផ្លាស់ប្ដូរប្រព័ន្ធទំនើបរបៀបអ៊ីចឹង ហើយយើងអាចដំណើរការចុះលឿនទៀត ព្រោះអីនៅពេលយើងបញ្ចូលទិន្នន័យដោយកុំព្យូទ័រនៅឃុំ គឺថា យើងបញ្ចូលតែម្ដង យើងយកទិន្នន័យមកប្រើប្រាស់បាន។ ដូចកន្លងមកយើងសរសេរដៃនៅឃុំ យើងបញ្ជូនសរសេរដៃមកបញ្ចូលនៅភ្នំពេញ និងទីស្នាក់ការកណ្ដាល គ.ជ.ប នេះ។ វាធ្វើឲ្យមានបញ្ហាក្នុងការបញ្ចូលដោយសារសរសេរដៃ ធម្មតាអ្នកបញ្ចូលដូចជាពាក្យសរសេរដៃមើលមិនច្បាស់ អ៊ីចឹងទៅឃើញឲ្យមានការខុសឈ្មោះខុសអី បាត់ឈ្មោះបាត់អី»។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានឃុំចំនួន ១.៦៣៣ឃុំសង្កាត់ ទៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ការចុះឈ្មោះបោះឆ្នោតខាងមុខនេះ ដើម្បីបំពេញតម្រូវការ នឹងត្រូវប្រើប្រាស់មន្រ្តីធ្វើការប្រមាណ ២.៤០០ក្រុម នៅតាមឃុំសង្កាត់ទូទាំងប្រទេស ទើបអាចធានាចំពោះមុខបានទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។