អ្នក​គាំទ្រ​មិន​ចង់​ឲ្យ​បក្ស​ប្រឆាំង​ចូល​ប្រជុំ​សភា

ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ មិន​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ប្រជុំ​សភា​ថ្ងៃ​ដំបូង នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ ឡើយ។ ពលរដ្ឋ​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ធ្វើ​តាម​ឆន្ទៈ​របស់​ពលរដ្ឋ ជោគវាសនា​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ បាន​បញ្ចេញ​ទស្សនៈ​ប្រហាក់ប្រហែល​គ្នា​ថា ពួកគេ​មិន​ចង់​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ប្រជុំ​សភា​ថ្ងៃ​ដំបូង និង​ចរចា​បែង​ចែក​អំណាច​គ្រប់គ្រង​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រជាជន​ឡើយ។

អាជីវករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ប្រជាជន​បាន​ខិតខំ​តស៊ូ​ប្ដូរផ្ដាច់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ប្រសិន​បើ​គណបក្ស​ប្រឆាំង​មួយ​នេះ​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គាត់​ថា​ពលរដ្ឋ​នឹង​អស់​ស្មារតី​តស៊ូ​ជាមួយ​គណបក្ស​ប្រឆាំង​មួយ​នេះ​នៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​គាត់​សង្ឃឹម​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូល​រួម​ប្រជុំ​សភា​លើក​ដំបូង​ដោយ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពី​ការ​បោះ​ឆ្នោត​កន្លង​មក​នោះ​ឡើយ៖ «ខ្ញុំ​ឮ​គេ​និយាយ​គ្រប់​គ្នា​ទេ​ថា ប្រសិន​ជា​ចូល​រួម​អាណត្តិ​ក្រោយ​គណបក្ស​ប្រឆាំង​នឹង​គ្មាន​សន្លឹក​ឆ្នោត​ទេ ព្រោះ​គេ​តស៊ូ​ចង់​ងាប់​ហើយ ហើយ​យើង​អត់​មាន​យក​អោយ​បាន​អោយ​គេ។ ហ្នឹង​ហើយ​អត់​ចង់​អោយ​ចូល​តែម្ដង»

ស្រដៀង​គ្នា​នេះ​ដែរ បុគ្គលិក​នៅ​ក្រុមហ៊ុន​ឯកជន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​គួរ​ចូល​រួម​ប្រជុំ​សភា​លើក​ដំបូង​ឡើយ ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ជា​មុន​នោះ​ទេ ព្រោះ​នៅ​ពេល​នេះ​អ្វី​ដែល​ពលរដ្ឋ​ភាគ​ច្រើន​ចង់​បាន​គឺ​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ។

លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​គួរ​ធ្វើ​ការ​ថ្លឹងថ្លែង​អោយ​បាន​ហ្មត់ចត់​មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត៖ «បើ​យើង​មិន​ចូល​រួម​គេ​អាច​ចោទ​ថា យើង​មិន​ដង្ហែ​តាម​ព្រះ​រាជតម្រិះ​ព្រះមហាក្សត្រ ក៏ប៉ុន្តែ​ប្រសិន​បើ​យើង​ចូល​រួម​វា​ខុស​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ អ៊ីចឹង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ពិចារណា​អោយ​ច្បាស់លាស់​ពី​បញ្ហា​ហ្នឹង​សិន តើ​ដង្ហែ​តាម​ព្រះ​រាជតម្រិះ​ព្រះមហាក្សត្រ ឬ​មួយ​ក៏​សម្រប​តាម​មតិ​ប្រជាពលរដ្ឋ»

គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​ទ្វេ​គ្រោះ មាន​ន័យ​ថា ប្រសិន​បើ​គណបក្ស​នេះ​មិន​ចូល​រួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ គណបក្ស​នេះ​នឹង​មាន​ការ​ចោទ​ប្រកាន់ ឬ​រិះគន់​ថា មិន​ដង្ហែ​តាម​ព្រះ​រាជតម្រិះ​ព្រះមហាក្សត្រ​ដែល​ព្រះអង្គ​ចង់​អោយ​អ្នក​នយោបាយ​ខ្មែរ​បង្ហាញ​នូវ​ការ​រួបរួម និង​ឯកភាព​ជាតិ​ជា​ធ្លុង​មួយ។ ប៉ុន្តែ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ប្រជុំ​សភា​ថ្ងៃ​ដំបូង​មែន នោះ​មាន​ន័យ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ។

មន្ត្រី​រាជការ​ម្នាក់​នៅ​ក្រសួង​មហាផ្ទៃ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​នោះ បាន​និយាយ​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ប្រជុំ​មែន​នោះ គណបក្ស​ប្រឆាំង​មួយ​នេះ​នឹង​មាន​វាសនា​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក​ជឿ​ជាក់​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឃើញ​បទពិសោធន៍​មិន​ល្អ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​តាម​រយៈ​បទពិសោធន៍​នេះ លោក​សង្ឃឹម​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូល​រួម​ប្រជុំ ហើយ​នៅ​តែ​បន្ត​ទាមទារ​រក​យុត្តិធម៌​អោយ​ពលរដ្ឋ​ខ្មែរ៖ «ជា​លទ្ធផល​គាត់​នឹង​ដឹង​រួច​ស្រេច​ទៅ​ហើយ​ថា ប្រសិន​បើ​គាត់​ចូល គណបក្ស​របស់​គាត់​នឹង​វិនាស​សាបសូន្យ រាស្ត្រ​មួយ​ចំនួន​គេ​នឹង​អស់​ទឹក​ចិត្ត។ យប់មិញ​ខ្ញុំ​ក៏​បាន​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ដែរ មាន​ស្ត្រី​ម្នាក់​គាត់ call (ទូរស័ព្ទ) ចូល​មក​ដើម្បី​សួរ​គាត់​ទាំង​យំ​ផង ទាំង​សោកស្ដាយ​ផង ទាំង​មាន​ទុក​ក្រៀមក្រំ... គាត់​ត្អូញត្អែរ​ដល់​មេដឹកនាំ​ទាំង​ពីរ​គាត់​ហ្នឹង ដើម្បី​អោយ​ដឹង​ថា តើ​លទ្ធផល​នៃ​ការ​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​វា​នឹង​ទៅ​ជា​យ៉ាង​ណា»

នៅ​ក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត​ទាំង ៥៥​រូប ចូល​រួម​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋ​សភា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា ពួកគេ​នឹង​មិន​ចូល​រួម​ប្រជុំ​សភា​ថ្ងៃ​ដំបូង​ឡើយ បើ​គ្មាន​ដំណោះស្រាយ​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ក្រៅ​ពី​បាន​អំពាវនាវ​អោយ​គណបក្ស​សង្រ្គោះ​ជាតិ​មិន​ចូល​រួម​ប្រជុំ ក៏​បាន​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ព្រះមហាក្សត្រ​បន្ត​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​រក​យុត្តិធម៌​អោយ​ពលរដ្ឋ៖ «ខ្ញុំ​សូម​សំណូមពរ​ព្រះមហាក្សត្រ​មាន​ព្រះ​តម្រិះ​ឡើង​វិញ​នូវ​បញ្ហា​កោះ​ប្រជុំ​គណបក្ស។ ខ្ញុំ​គិត​ថា មិន​ទាន់​ធ្វើ​ទៅ​អ៊ីចឹង​កើត​ទេ ព្រោះ​អី​គណបក្ស​ប្រឆាំង​គេ​មាន​ឆន្ទៈ​ដើម្បី​ដោះស្រាយ​នូវ​ចំណុច​អ្វី​ដែល​ប្រជាជន​ចង់​បាន ដូច​ជា​ការ​បង្កើត​ក្រុម​គណៈកម្មការ​ស្រាវជ្រាវ​រក​សន្លឹក​ឆ្នោត​ដែល​បាន​បាត់បង់​ទៅ ហើយ​ប្រជាជន​ជា​ច្រើន​ដែល​មាន​ការ​មិន​សប្បាយ​ចិត្ត​នូវ​បញ្ហា​អស់​ទាំង​ហ្នឹង»

មាត្រា ៨ និង​មាត្រា ៩ នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ចែង​ថា ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។ ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ​និង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។ ព្រះមហាក្សត្រ​ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់ ជា​អាជ្ញាកណ្ដាល ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​អោយ​មាន​ភាព​ទៀងទាត់។

និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ម្នាក់​នៅ​សាកលវិទ្យាល័យ​ញាណសាស្ត្រ​បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​ប្រើ​អំណាច​របស់​ព្រះអង្គ​ស្វែង​រក​ដំណោះស្រាយ​អោយ​បាន​ចប់​សព្វគ្រប់​សិន មុន​នឹង​អោយ​គណបក្ស​ទាំង​ពីរ​ចូល​រួម​ប្រជុំ គឺ​ធ្វើ​យ៉ាង​ណា​អោយ​គណបក្ស​ទាំង​ពីរ​អស់​ចិត្ត​ទាំង​សង្ខាង៖ «ក្រោម​ព្រះ​តម្រិះ​របស់​ព្រះអង្គ ព្រះអង្គ​តែង​ចង់​បាន​ការ​រួបរួម​ជាតិ សាមគ្គីភាព​ជាតិ និង​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​អោយ​ចេញ​ឆាប់ៗ​នេះ ដើម្បី​ជា​ការ​អភិវឌ្ឍ​ជាតិ វា​ជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ​ណាស់ ដែល​ព្រះអង្គ​កំពុង​តែ​ធ្វើ​កិច្ចការ​មួយ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ​អោយ​មាន​ភាព​រីក​ចម្រើន ការ​ស្រុះស្រួល​គ្នា​រវាង​ប្រជាជន​និង​ប្រជាជន។ សម្រាប់​មតិ​ខ្ញុំ​បាទ ខ្ញុំ​យល់​ឃើញ​ថា ព្រះអង្គ​គួរ​តែ​ប្រើ​វិធីសាស្ត្រ​បែប​ណា​ដើម្បី​សម្របសម្រួល​គណបក្ស​ទាំង​ពីរ​ទទួល​ស្គាល់​នូវ​លទ្ធផល សម្របសម្រួល​និង​រក​អោយ​ឃើញ​ចំណុច​កណ្ដាល​រួម​រវាង​គណបក្ស​ទាំង​ពីរ»

ក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៣ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហមុនី បាន​មាន​ព្រះរាជ​បន្ទូល​ថា ព្រះអង្គ​នឹង​យាង​ជា​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋ​សភា​នីតិកាល​ទី​៥ ដោយ​យោង​តាម​មាត្រា​៨២ ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា​៨២​ថ្មី វាក្យខ័ណ្ឌ​ទី​១ ចែង​ថា រដ្ឋ​សភា​បើក​សម័យ​ប្រជុំ​ដំបូង ៦០​ថ្ងៃ​យ៉ាង​យូរ ក្រោយ​ពេល​បោះ​ឆ្នោត​តាម​ការ​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។