ការប្រមូលស្នាមមេដៃដោយគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើញត្តិដាក់ទៅអង្គការសហប្រជាជាតិ ឲ្យជួយរកយុត្តិធម៌ទាក់ទិនទៅនឹងភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នោះ ត្រូវបានអាជ្ញាធររារាំង។
សមាជិកគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ លោក កែ សម្ផស្ស ថ្លែងកាលពីថ្ងៃទី១៤ ខែតុលា ថា កាលពីថ្ងៃទី១០ ខែតុលា គណបក្សសង្គ្រោះជាតិ ថ្នាក់ខេត្ត បានដាក់ផែនការឲ្យសកម្មជនរបស់ខ្លួនចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ។ លុះដល់ថ្ងៃទី១៣ ខែតុលា សកម្មជនដែលចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីធ្វើញត្តិដាក់ទៅឧត្ដមស្នងការអង្គការសហប្រជាជាតិនោះ ត្រូវបានអាជ្ញាធរមូលដ្ឋានភូមិឃុំនិងប៉ូលិសហាមឃាត់។
លោក កែ សម្ផស្ស៖ «៤ករណីស្មើនឹងបីឃុំសង្កាត់ ទី១ ថ្ងៃទី១៣ នៅឃុំភ្នំលៀប ប៉ូលិសបានចុះទៅហាមឃាត់ថ្នាក់ដឹកនាំគណបក្សភូមិឃុំដែលគាត់បានចុះផ្ដិតមេដៃ ហើយក្រោយមកទៀតព្រឹកថ្ងៃដដែល នៅឃុំពន្លៃ លោកស្រី ធូ ម៉ុច ផ្ដិតមេដៃបានជាង ១០០នាក់ ស្រាប់តែថ្នាក់ដឹកនាំភូមិនិងប៉ូលិសប៉ុស្តិ៍ទៅដល់ផ្ទះគាត់ដកហូតយកស្នាមមេដៃរបស់គាត់ហ្នឹង ដោយប្រើពាក្យថា ផ្ដិតមេដៃខុសច្បាប់ប្រយ័ត្នគេចាប់ដាក់គុក»។
លោកបន្តថា មានករណីមួយទៀតនៅស្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ មេភូមិគីឡូម៉ែត្រលេខ៤ បានចុះទៅហាមឃាត់សកម្មជនគណបក្សសង្គ្រោះជាតិ និងដកហូតយកឯកសារមានផ្ដិតស្នាមមេដៃពីប្រជាពលរដ្ឋយកទៅរក្សាទុក បន្ទាប់មកបញ្ជូនទៅសាលាក្រុងប៉ោយប៉ែត។
សកម្មជនគណបក្សសង្គ្រោះជាតិ ជាច្រើននាក់ នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ថ្លែងថា អាជ្ញាធរមូលដ្ឋានឃុំបានកោះហៅពួកគាត់ឲ្យទៅប្រជុំនៅសាលាឃុំ ហើយព្រមានមិនឲ្យធ្វើសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋក្នុងភូមិនោះទៀតឡើយ។ បញ្ហានេះបានធ្វើឲ្យគាត់បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន៖ «ខ្ញុំខ្លាចធ្វើការតាមភូមិ ខ្លាចវាមានបញ្ហាជួបផលវិបាកតទៅមុខទៀត។ តាមចិត្តខ្ញុំចង់ធ្វើការដើរតាមភូមិ ស្រួលជាងបង្កើតស្នាក់ការ។ ពួកប៉ូលិសអីគេកោះហៅទៅកន្លែងមេឃុំ ដឹងថាពួកខ្ញុំដើរផ្ដិតមេដៃ គេហាមឃាត់អត់ឲ្យយើងដើរផ្ដិតមេដៃតាមភូមិទេ គេឲ្យរៀបចំទីស្នាក់ការនៅកន្លែង មិនឲ្យដើរផ្ដិតតាមផ្ទះទេ»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងក្រុមអាជ្ញាធរមូលដ្ឋាននៅតាមភូមិឃុំសង្កាត់ទាំងនោះដើម្បីបញ្ជាក់ជុំវិញបញ្ហានេះបានទេ។
អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់ឃើញថា យោងលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងធ្វើសកម្មភាព ប្រមូលស្នាមមេដៃដើម្បីធ្វើញត្តិប្រឆាំងទៅអ្វីមួយដែលពួកគាត់យល់ជារឿងអយុត្តិធម៌។
សកម្មភាពហាមឃាត់របស់អាជ្ញាធរមូលដ្ឋាននេះ លោកចាត់ទុកថា ជាការរំលោភរដ្ឋធម្មនុញ្ញ និងជាការបិទសិទ្ធិសេរីភាពខាងផ្នែកបញ្ចេញមតិរបស់ប្រជាពលរដ្ឋ៖ «ការឃាត់ឃាំងទាំងអស់ហ្នឹងគឺប្រាសចាក និងផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការផ្ដិតមេដៃ ការដាក់ញត្តិក្តី គឺជាការទាមទារចំពោះរឿងកើតទុកមិនសុខចិត្តដើម្បីទាមទារនូវយុត្តិធម៌»។
មន្ត្រីគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា សកម្មភាពរារាំងរបស់អាជ្ញាធរមូលដ្ឋានលោកចាត់ទុកថា ជាការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ទោះជាមានការរារាំងនឹងគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋាន ដូច្នេះក៏ដោយ គណបក្សសង្គ្រោះជាតិអះអាងថា ពួកគេនៅតែបន្តធ្វើសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីធ្វើញត្តិដាក់ជូនទៅអង្គការសហប្រជាជាតិ ឲ្យជួយរកយុត្តិធម៌ទាក់ទិនទៅនឹងលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕