គណបក្ស​សង្គ្រោះ​ជាតិ​យល់ព្រម​ឲ្យ​លោក សម រង្ស៊ី លាលែង​ពី​គណបក្ស

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​ខ្លួន​មិន​ទាន់​គិតគូរ​ជ្រើសរើស​មេ​ដឹកនាំ​ថ្មី​នៅ​ឡើយ​ទេ បន្ទាប់​ពី​មេ​បក្ស លោក សម រង្ស៊ី ត្រូវ​បាន​គណៈកម្មាធិការ​នាយក​សម្រេច​តាម​សំណើ​របស់​លោក សម រង្ស៊ី ដែល​សុំ​លាលែង​ពី​ប្រធាន​បក្ស​ជា​ផ្លូវ​ការ។

រីឯ​អ្នក​វិភាគ​នយោបាយ​វិញ យល់​ថា ការ​លះបង់​អំណាច​ជា​មេ​បក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​ជា​វិធីសាស្ត្រ​ល្អ ដើម្បី​រំដោះ​បក្ស​ទាំងមូល​ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់។ ប៉ុន្តែ​អ្នក​វិភាគ​ព្រមាន​ថា គណបក្ស​ប្រឆាំង​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​មួយ​ទៀត បន្ទាប់​ពី​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រូវ​បាន​វិសោធនកម្ម​ឡើង។

គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ច​ប្រជុំ​ជា​បន្ទាន់ ហើយ​សម្រេច​ឲ្យ​លោក សម រង្ស៊ី លាលែង​ពី​តំណែង​ប្រធាន​គណបក្ស និង​ពី​សមាជិក​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ តាម​សំណើ​របស់​លោក សម រង្ស៊ី។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ក្រោយ​កិច្ច​ប្រជុំ​នេះ​ថា គណៈកម្មាធិការ​នាយក​គណបក្ស សម្រេច​ពីរ​ចំណុច​សំខាន់ គឺ​ទី​១ ទទួល​យក​ពាក្យ​លាលែង​ពី​បក្ស​របស់​លោក សម រង្ស៊ី និង​ទី​២ ប្រគល់​សិទ្ធិ​ជូន​លោក កឹម សុខា ទទួល​បន្ទុក​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​មាន​ការ​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី។ មន្ត្រី​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា ការ​លាឈប់​របស់​លោក សម រង្ស៊ី គឺ​ជា​សិទ្ធិ​បុគ្គល « ឥឡូវ​នេះ​គណបក្ស​បាន​ទទួល​យក​ជា​ផ្លូវ​ការ​នូវ​ពាក្យ​សុំ​លាលែង​ចេញ​ពី​ប្រធាន​បក្ស ហើយ​និង​ចេញ​ពី​សមាជិក​គណបក្ស​ចាប់​តាំង​ពី​ថ្ងៃ​ម្សិលមិញ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​ប្រធាន សម រង្ស៊ី នៅ​តែ​ឋិត​ក្នុង​បេះដូង​ខ្មែរ ប្រជាពលរដ្ឋ​ខ្មែរ និង​នៅ​តែ​ឋិត​ក្នុង​បេះដូង​ថ្នាក់​ដឹកនាំ អ្នក​គាំទ្រ និង​សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ ជានិច្ច »

លោក យឹម សុវណ្ណ បញ្ជាក់​ថា ទាក់ទង​នឹង​លិខិត​មួយ​ច្បាប់​ដែល​បង្ហាញ​ថា លោក សម រង្ស៊ី ចង់​ឲ្យ​អ្នកស្រី ជូឡុង សូមូរ៉ា ជា​ភរិយា​របស់​លោក សម រង្ស៊ី ឡើង​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​នោះ ជា​លិខិត​ក្លែងក្លាយ​ទេ ហើយ​ការ​ជ្រើសរើស​មេ​បក្ស​ថ្មី គឺ​ធ្វើ​ឡើង​តាម​ច្បាប់ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស ដែល​នឹង​ត្រូវ​សម្រេច​នៅ​ពេល​ក្រោយ​ទៀត ដោយសារ​ពេល​នេះ​គណបក្ស​កំពុង​រវល់​ជាមួយ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាង​មុខ​ដ៏​ខ្លី។

គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​លាលែង​របស់​លោក សម រង្ស៊ី ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស ដែល​មាន​អ្នក​នយោបាយ​ហ៊ាន​លះបង់​តួនាទី និង​តំណែង​ខ្ពស់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ដំណោះស្រាយ​សម្រាប់​ប្រទេស​ជាតិ និង​ដើម្បី​ការពារ​គណបក្ស និង​ឆន្ទៈ​រាស្ដ្រ​កុំ​ឲ្យ​នរណា​មក​រំលាយ និង​បំផ្លាញ​បាន។ មន្ត្រី​នាំ​ពាក្យ​បក្ស​ប្រឆាំង​បញ្ជាក់​ថា លើស​នេះ លោក សម រង្ស៊ី ក៏​ជា​អ្នក​នយោបាយ​ដ៏​គំរូ​មួយ​សម្រាប់​អ្នក​នយោបាយ​បច្ចុប្បន្ន និង​អ្នក​នយោបាយ​ជំនាន់​ក្រោយ​រៀន​សូត្រ​តាម និង​មិន​ត្រូវ​ខ្វល់​ពី​តួនាទី និង​តំណែង ហើយ​ត្រូវ​ហ៊ាន​លះបង់​ដើម្បី​ផល​ប្រយោជន៍​ជាតិ។

អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ បាន​បង្ហោះ​លិខិត​លាលែង​ពី​ប្រធាន​បក្ស​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក មួយ​ថ្ងៃ​បន្ទាប់​ពី​ធ្វើ​ការ​រិះគន់​រដ្ឋសភា ថា​ជា​សភា​ទីងមោង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​បន្ថែម​ចំណុច​ថ្មី​មួយ​មាន​បំណង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​យក​រូប​លោក​ធ្វើ​ជា​លេស។

លោក សម រង្ស៊ី បាន​ចាត់​ទុក​ការ​លាឈប់​ពី​ប្រធាន​បក្ស​ជា​ផ្លូវ​ការ​របស់​លោក ថា​ជា​រឿង​មិន​សំខាន់​ឡើយ ហើយ​ការ​លះបង់​បែប​នេះ គឺ​មាន​បំណង​ការពារ​គណបក្ស ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​គណបក្ស​សម្រេច​ឆន្ទៈ​នា​ពេល​ខាង​មុខ « ការ​លាលែង​របស់​ខ្ញុំ​នេះ គឺ​ដើម្បី​ការពារ​គណបក្ស។ បើ​ខ្ញុំ​នៅ​ធ្វើ​ជា​ប្រធាន ហើយ​គណបក្ស​ត្រូវ​គេ​រំលាយ តើ​វា​មាន​ន័យ​អី ? វា​ធ្វើ​ឲ្យ​ខាត​ផល​ប្រយោជន៍​យើង ផល​ប្រយោជន៍​ជាតិ និង​គណបក្ស។ យើង​ចង់​បាន​អី យើង​ចង់​បាន​ការ​បោះឆ្នោត​ដោយសារ​យើង​ចង់​បាន​ការ​ផ្លាស់ប្ដូរ តាម​រយៈ​ការ​បោះឆ្នោត »

ជាមួយ​គ្នា​នេះ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី មើល​មិន​ឃើញ​អំពី​ចន្លោះ​ប្រហោង​ដែល​នាំ​ឲ្យ​គណបក្ស​ប្រឆាំង​បែកបាក់​ផ្ទៃក្នុង​គ្នា​ឡើយ បន្ទាប់​ពី​លោក សម រង្ស៊ី លាឈប់​ទៅ។ ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី រឹត​តែ​ទទួល​បាន​ការ​ស្រឡាញ់​ពី​ពលរដ្ឋ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​វិភាគ លោក មាស នី សង្កត់​ធ្ងន់​ថា ការ​លាឈប់​របស់​លោក សម រង្ស៊ី គឺ​ជា​យុទ្ធសាស្ត្រ​ជួយ​ការពារ​ឲ្យ​គណបក្ស​រួច​ផុត​ពី​ដុំ​ភ្លើង​ដែល​ជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ ប៉ុន្តែ​គណបក្ស​នេះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដ៏​ធំ​មួយ​ទៀត ដែល​អាច​កើត​ឡើង​នា​ពេល​ខាង​មុខ​នេះ ស្រប​ពេល​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អាច​នឹង​មាន​វាសនា​ដូច​លោក សម រង្ស៊ី ដែរ « ការ​លាលែង​របស់​ឯកឧត្តម សម រង្ស៊ី ហាក់បីដូចជា​ការ​ព្យាយាម​ពន្លត់​ដុំ​ភ្លើង​មួយ​ចោល ធ្វើ​ម៉េច​ដើម្បី​រស់​បន្ត​ជាមួយ​ដុំ​ភ្លើង​មួយ​ទៀត ដែល​យើង​មិន​ទាន់​ដឹង​ប្រាកដ ថា​តើ​មាន​អ្វី​កើត​ឡើង​ក្រោយ​ច្បាប់​ថ្មី​ចូល​ជា​ធរមាន »

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​ថា លោក​នឹង​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ទាំងអស់ រួម​ទាំង​ផ្ទះ​របស់​លោក សម រង្ស៊ី និង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រូវ​អនុម័ត​ឡើង និង​ហាមឃាត់​រាល់​អ្នក​នយោបាយ​ដែល​មាន​ទោស​ជាប់​ខ្លួន មិន​ឲ្យ​ធ្វើ​ជា​មេ​បក្ស និង​អ្នក​នយោបាយ។

លោក​បណ្ឌិត មាស នី ផ្ដល់​អនុសាសន៍​ថា ស្រប​ពេល​កំពុង​មាន​ព្យុះ​ភ្លៀង​បោកបក់​មិន​ឈប់​នេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ការ​គ្រប់គ្រង​បក្ស​បច្ចុប្បន្ន ស្ថិត​ក្រោម​ការ​សម្រេច​ចិត្ត​របស់​បុគ្គល​ម្នាក់ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ណា​មួយ ត្រូវ​ឆ្លង​ការ​សម្រេច​រួម ឬ​ត្រូវ​ឆ្លង​ការ​សម្រេច​របស់​គណៈកម្មាធិការ​នាយក​របស់​គណបក្ស ជាដើម។

ថ្វីត្បិតតែ​លាឈប់​ពី​បក្ស​ក្ដី លោក សម រង្ស៊ី បាន​អះអាង​ថា លោក​នៅ​តែ​មាន​បំណង​ដដែល គឺ​ធ្វើ​ការងារ​តាម​រូបភាព​ផ្សេងៗ​ជាច្រើន​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ទៀត ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​សង្គ្រោះ​ជាតិ​នា​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។